Zhang Xin គឺជាស្ដ្រីម្នាក់ធ្វើមានចាប់ពីបាទដៃទទេ ដោយលោកស្រីបានធំដឹងក្ដីនៅក្នុងស្ថានភាពក្រលំបាក មកដល់ពេលបច្ចុប្បន្ន សេដ្ឋីនីអាយុ ៤៧ឆ្នាំរូបនេះ មានទ្រព្យ ៣,៦ ពាន់លានដុល្លារអាមេរិក គឺច្រើនជាងទ្រព្យរបស់ Donald Trump, Steven Spielberg ឬ Oprah Winfrey ទៅទៀត នេះបើតាមរបាយការណ៍របស់ទស្សនាវដ្ដី Forbes ។
Zhang Xin បានចាប់កំណើតនៅចំពេលប្រទេសចិនកំពុងស្ថិតក្នុងសម័យបដិវត្តវប្បធម៌។ ក្នុងវ័យ ១៤ឆ្នាំ Zhang Xin រួមនិងម្ដាយ បានចាកចេញពីក្រុង ប៉េកាំង មកកាន់ក្រុងហុងកុង ដើម្បីធ្វើការឱ្យរោងចក្រផលិតរបស់ក្មេងលេង ដោយទទួលបានប្រាក់ខែទាបបំផុត។ Zhang Xin បានសន្សំប្រាក់រយៈពេល ៥ឆ្នាំ ដើម្បីរៀនភាសាអង់គ្លេស និងទិញសំបុត្រយន្ដហោះធ្វើដំណើរទៅកាន់ ទីក្រុងឡុងដ៍ ក្រោយមក Zhang Xin ក៏ទទួលបានអាហារូបការណ៍ ផ្នែកសេដ្ឋកិច្ច នៅមហាវិទ្យាល័យ Cambridge ហើយបានធ្វើការនៅ Goldman Sachs ។ប៉ុន្ដែ បន្ទាប់មក Zhang Xin បានសម្រេចចិត្តវិលត្រឡប់មកកាន់ក្រុង ប៉េកាំង និងបានរួមដៃជាមួយស្វាមី បង្កើតក្រុមហ៊ុន SOHO China (ក្រុមហ៊ុនអចលនទ្រព្យធំបំផុតនៅចិន នាបច្ចុប្បន្ន)។ SOHO China បានផ្លាស់ប្ដូរមុខមាត់ថ្មីរបស់ក្រុង ប៉េកាំង និងស៊ាងហៃ ក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ។ បច្ចុប្បន្ន Zhang Xin គឺជាមហាសេដ្ឋីទី៧ក្នុងលោក ដែលបង្កើតទ្រព្យដោយបាតដៃទទេ និងជាអ្នកមានទ្រព្យច្រើនជាងគេ លំដាប់ទី ៣៧៦ របស់ពិភពលោក។ ចំណែកនៅឯប្រទេសចិន Zhang Xin គឺជាអ្នកមានទី ២១។
មិនប៉ុណ្ណោះ ទំព័រ Wall Street Journal បានឱ្យដឹងថា Zhang Xin ថែមទាំងបានដឹកនាំអ្នកវិនិយោគចិនមួយក្រុម ទិញយកផ្ទះចំនួន ៤០% របស់ General Motors (អាគារ GM Building នៅក្រុងញ៉ូយ៉ក អាមេរិក)។ សំណង់នេះត្រូវបានកំណត់តម្លៃត្រឹម ៣,៤ ពាន់លានដុល្លារ ហើយបច្ចុប្បន្ន វាគឺអាគារដែលមានតម្លៃថ្លៃបំផុតនៅអាមេរិក។នៅក្នុងកិច្ចសម្ភាសជាមួយ Pauline Chiou របស់ CNN ស្ដ្រីមានអំណាចម្នាក់នេះ បានចែករំលែកអំពីបទពិសោធជីវិតខ្លះៗ ដូចខាងក្រោម ៖-Pauline Chiou ៖ លោកស្រីបានជួបប្រទះបញ្ហាលំបាក និងបរាជ័យ?Zhang Xin ៖ ជួបរាល់ថ្ងៃ! ខ្ញុំគិតថា បែបនេះទើបជាជីវិត។ មានពេលខ្លះ យើងគិតថាវាកំពុងដំណើរការល្អ ប៉ុន្ដែបញ្ហានៅតែអាចកើតមានឡើង។ -Pauline Chiou ៖ នៅក្នុងបញ្ជីមហាសេដ្ឋីនីទាំង ២៤រូប ដែលធ្វើមានដោយបាទដៃទទេ របស់ទស្សនាវដ្ដី Forbes គឺមានស្ដ្រីចិនរហូតដល់ ៦រូប។ លោកស្រីយល់យ៉ាងណាដែរ?Zhang Xin ៖ ស្ដ្រីដែលស្ថិតក្នុងជំនាន់យើងខ្ញុំ សុទ្ធតែបានឆ្លងកាត់សម័យកាលលំបាក ហើយក្រោយមក ប្រទេសចិន ស្រាប់តែទទួលបានឱកាសល្អច្រើន។ ដូច្នេះ យើងខ្ញុំមានតែប្រឹងប្រែងចាប់យកឱកាសទាំងនោះ។ ប្រទេសចិន នៅមានបញ្ហាច្រើន ហើយបញ្ហាទាំងនេះគឺជាឱកាសល្អរបស់យើងខ្ញុំ។
បើទោះជាមានទ្រព្យច្រើនយ៉ាងណាក៏ដោយ ប៉ុន្ដែលោកស្រី Zhang Xin នៅតែមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខ តូចធំរបស់កូនៗ និងគ្រួសារទាំងមូល។
ដោយ ៖ តារាប្រភព ៖ Forbes/Wall Street Journal