Niall Harbison បានឈប់រៀន ក្នុងវ័យ ១៧ឆ្នាំ ទៅធ្វើជាចុងភៅ នៅលើកប៉ាល់ទេសចរណ៍ ឱ្យក្រុមអ្នកល្បីឈ្មោះ ហើយបង្កើតបានក្រុមហ៊ុនមួយដែលមានតម្លៃរាប់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ។

/

Niall Harbison បានក្លាយជាសេដ្ឋី ក្រោយរយៈពេល ៣ឆ្នាំ នៃការបង្កើតក្រុមហ៊ុន

ស្រដៀងទៅនឹងបណ្ដាសេដ្ឋីដទៃ ការសិក្សារបស់ Niall Harbison មិនបានល្អប៉ុន្មាន។ ក្រោយពីប្រឡងធ្លាក់ផ្ទួនៗ ៣ដង គាត់ក៏បានសម្រេចចិត្ត ឈប់រៀន ក្នុងវ័យ ១៧ឆ្នាំ។ ប៉ុន្ដែពេលនោះ Niall Harbison មិនមានគម្រោងអាជីវកម្មដូចទៅនឹង Bill Gates ឬ Mark Zuckerberg នោះទេ ដោយគាត់ជ្រើសរើសយករបរជាចុងភៅ។

យ៉ាងនេះក្ដី ពេលនោះ Niall Harbison មានអារម្មណ៍ថា បរាជ័យ។ នៅលើទំព័រ Telegraph សេដ្ឋីវ័យ ៣៤ឆ្នាំនេះ ឱ្យដឹងថា “ខ្ញុំយល់ថា ចុងភៅ ក៏ជារបរមួយដ៏លំបាក។ ក្នុងបន្ទប់ចម្អិនអាហារ គឺពិតជាក្ដៅ ហើយអ្នកមិនអាចដឹងបានថា អ្វីខ្លះកំពុងកើតឡើងនៅខាងក្រៅ ព្រមទាំងមានសម្ភាធច្រើនផងដែរ”។

/

គិតឃើញនូវការលំបាកដូចខាងលើ Niall Harbison ក៏ចាកចេញពីភោជនីយដ្ឋានធំៗ ដើម្បីទៅធ្វើជាចុងភៅ នៅលើនាវាទេសចរណ៍ សម្រាប់ Bill Gates, Paris Hilton, U2 ឬបណ្ដា ក្រុម មនុស្សដែលធ្លាប់ចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្ត Cannes ។

ក្រោយពីបានធ្វើជាចុងភៅ និងធ្វើដំណើរគ្រប់កន្លែង ព្រមទាំងបានយល់ដឹងអំពីវិធីរស់នៅរបស់ក្រុមអ្នកមាន ឆ្នាំ ២០០៧ Niall Harbison ក៏បានបង្កើតគេហទំព័រមួយ មានជំនាញខាងបង្រៀនធ្វើម្ហូប។ ក្រោយមក គេហទំព័រនេះ ទទួលបរាជ័យ ហើយគាត់ក៏ងាកមកបង្កើត Simply Zesty ជាក្រុមហ៊ុន marketing មួយ ដែលផ្អែកទៅលើទំព័រសង្គម។ រយៈពេលត្រឹម​តែ ១០០០ថ្ងៃ បន្ទាប់ពីត្រូវបានបង្កើត Simply Zesty ក៏ត្រូវបានទូរទស្សន៍ UTV (អង់គ្លេស) ទិញយក ក្នុងតម្លៃ ១,៨លានផោន (៣លានដុល្លារអាមេរិក) កាលពីឆ្នាំ ២០១២។

/

ថ្មីៗនេះ Niall បានបោះពុម្ភសៀវភៅមួយប្រភេទ ដែលមានឈ្មោះថា “ចូរសម្រេចរាល់កិច្ចការ” ក្នុងនោះ មានមេរៀនជាច្រើន ដែលជាបទពិសោធសំខាន់ៗរបស់គាត់ រយៈពេលច្រើនឆ្នាំកន្លងមក។ ក្នុងសៀវភៅនោះ មានបទពិសោធមួយចំនួន ដូចជា ៖ ១. បោះបង់ផ្លូវលំ

២. សិក្សាពីការបរាជ័យ

៣. កុំឆាប់បង្កើតគ្រួសារ

៤. ស្រមៃដោយភាពខ្លាំងក្លា

៥. ចែករំលែកគោលដៅ ជាមួយអ្នករាល់គ្នា

៦. ថែទាំអតិថិជន

៧. រៀនធ្វើសម្បទាន

៨. ទិញទំនិញ នៅនាទីចុងក្រោយ

៩. កុំចំណាយពេលច្រើនជាមួយកាហ្វេ ឬតែ

១០. កុំឱបក្រសោបទូរស័ព្ទ

១១. កុំបារម្ភអំពីរឿងប្រាក់កាស។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Telegraph