ពីសិស្សកម្ជិល និងតែងតែគេចសាលា ដើម្បីបានដើរលេង ប៉ុន្ដែ ក្រោយមក Heshan de Silva ក៏បានភ្ញាក់ខ្លួន និងបានផ្ដើមរកស៊ី ចាប់ពីអាយុ ១៨ឆ្នាំ ហើយក៏រកបានប្រាក់រាប់លានដុល្លារ ពេលមានអាយុ ២៥ឆ្នាំ។
Heshan de Silva ក្លាយជាសេដ្ឋី ក្នុងវ័យ ២៥ឆ្នាំ
កាលពី ៩ឆ្នាំមុន ក្នុងវ័យ ១៦ឆ្នាំ Heshan de Silva បានចាកចេញពី ប្រទេសកេនយ៉ា ទៅកាន់អាមេរិក ដោយមានបំណងបន្តការសិក្សានៅមហាវិទ្យាល័យ។ ដោយវប្បធម៌មានភាពខុសគ្នាខ្លាំងពេក de Silva មិនអាចតាមទាន់មិត្តរួមថ្នាក់របស់ខ្លួន ដែលពួកគេកាន់ចង្កូតរថយន្ដ Ferrari តាំងតែពីអាយុ ១៨ឆ្នាំ ដូច្នេះ de Silva ក៏បែកគំនិត គេចសាលា ដើរលេងជាមួយក្រុមមិត្តភ័ក្ដិដទៃរបស់ខ្លួន។de Silva និយាយនៅលើទំព័រ Business Beat ថា “ខ្ញុំចង់លេចធ្លោ ទាក់ទាញចំណាប់អារម្មណ៍ពីក្រុមមនុស្សដែលមានរថយន្ដ Ferrari ហើយចូលរួមជាមួយពួកគេ”។ដើម្បីបម្រើដល់ជីវភាពបែបកូនអ្នកមាន Silva ត្រូវការប្រាក់យ៉ាងច្រើន ពេលនោះ គាត់រកឃើញថា ខ្លួនអាចចំណាយពេល និងគំនិត ដើម្បីរកប្រាក់ ដោយការសរសេរមេរៀន ឬសរសេរអត្ថបទទាក់ទិននឹងកិច្ចការសាលា ជំនួសក្រុមសិស្សដែលចូលចិត្តដើរលេង ច្រើនជាងការសិក្សា។ ក្នុងពេលតែមួយយប់ Silva អាចរកបាន ៥០០ដុល្លារ ហើយយកប្រាក់នេះ ផឹកស្រា លេងសើច។ល។ក៏ប៉ុន្ដែ នៅពេលដឹងខ្លួន Silva ឃើញថា ខ្លួនកំពុងដើរផ្ទុយពីក្ដីសង្ឃឹមរបស់ពុកម្ដាយ។ គាត់ថ្លែងថា “ខ្ញុំយល់ថា ខ្លួនឯងពិតជាគ្មានបានការ ហើយធ្វើឱ្យពុកម្ដាយអស់សង្ឃឹម។ ពេលខ្លះ ខ្ញុំថែមទាំងចង់សម្លាប់ខ្លួនទៀតផង”។ បន្ទាប់មក ពុកម្ដាយរបស់ Silva បានមកកាន់អាមេរិកដោយផ្ទាល់ ហើយក៏នាំ Silva ពីមណ្ឌលកែប្រែ ត្រឡប់ទៅស្រុក និងឱ្យគាត់ចូលរៀននៅសាលាមួយ នៅទ្វីបអាហ្វ្រិក។មានពេលមួយនោះ Silva បានធ្វើដំណើរទៅកាន់មណ្ឌលកែប្រែមួយចំនួន ដើម្បីចែករំលែកបទពិសោធ និងលើកទឹកចិត្តដល់មនុស្សដែលមានស្ថានភាពដូចខ្លួន។ ក្នុងអំឡុងពេលនោះ Silva បានជួបមនុស្ស ៣នាក់ ដែលមានគំនិតលក់ធានារ៉ាប់រងដល់ក្រុមភ្ញៀវដែលធ្វើដំណើរតាមរថយន្តក្រុង ផ្លូវឆ្ងាយ។ ប្រភេទធានារ៉ាប់រងនេះ ត្រូវបានដាក់នៅលើសំបុត្ររថយន្ត និងមានតម្លៃ ០,០៥ដុល្លារ ហើយអាចទិញតាមរយៈការហៅទូរស័ព្ទ។ តមកទៀត អ្នកទាំង ៤ បានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា VenCap ។ ពេលនោះ Silva មានអាយុ ១៨ឆ្នាំ បានវិនិយោគ ៨៦ដុល្លារ និងកាន់កាប់ភាគហ៊ុន ចំនួន ៨០% ។ ចុងឆ្នាំដដែលនោះ ក្រុមហ៊ុនរបស់ពួកគេ រកបាន ១,០៤លានដុល្លារអាមេរិក។ក្រោយមកទៀត Heshan de Silva ដឹងថា ការផ្ដល់ទុនដល់បណ្ដាក្រុមហ៊ុន អាជីវកម្ម ដើម្បីប្ដូរយកភាគហ៊ុន ក៏ជាឱកាសដ៏ល្អសម្រាប់រកប្រាក់។ ប្រការ បានជម្រុញឱ្យគាត់ បង្កើតក្រុមហ៊ុនមេ De Silva ម្ចាស់មូលនិធិ DSGVenCap ។ មកដល់ពេលនេះ DSGVenCap បានវិនិយោគទៅលើគំនិតអាជីវកម្មចំនួន ២២០០០ និងបង្កើតបានក្រុមហ៊ុន ជាង ១៧០០០។ Silva ឱ្យដឹងថា “នៅក្នុងក្រុមហ៊ុននិមួយៗ ភាគហ៊ុនរបស់ខ្ញុំ គឺមិនលើសពី ៤០% នោះទេ។ ខ្ញុំតែងជឿជាក់លើពួកគេ” ។ដោយសារតែការវិនិយោគ ទទួលបានជោគជ័យដល់ទៅ ៧០% ក្នុងនោះ មានក្រុមហ៊ុនចំនួន ៣ ត្រូវបានកំណត់តម្លៃថា ខ្ពស់ជាង ១០លានដុល្លារ ពេលនេះ ទ្រព្យរបស់ Silva បានឡើងដល់ ១១,៥លានដុល្លារ។ មកទល់នឹងពេលនេះ Silva មិនទាន់ត្រឡប់ទៅសាលាដើម្បីទទួលសញ្ញាបត្រ ព្រោះគិតថា វាគ្រាន់តែជាក្រដាស់មួយសន្លឹកប៉ុណ្ណោះ។ Silva ថ្លែងថា “សញ្ញាបត្រមហាវិទ្យាល័យ នឹងជួយឱ្យអ្នក មានតម្លៃខ្ពស់ ពិសេសគឺនៅពេលទៅសុំការងារ។ ប៉ុន្ដែ ការដែលគិតថា វាគឺជាគន្លឹះសម្រាប់ធានាដល់ជោគជ័យនោះ គឺគួរឱ្យអស់សំណើច”។ទស្សនាវដ្ដី Forbes បានជ្រើសរើស Silva ទៅក្នុងបញ្ជីនៃអ្នកជំនួញដែលមានអនាគតបំផុត នៅអាហ្វ្រិក សម្រាប់ឆ្នាំនេះ។ កាលពីឆ្នាំទៅ Silva ក៏ធ្លាប់មានឈ្មោះ នៅក្នុង top 10 នៃបណ្ដាមនុស្សដែលមានឥទ្ធិពលបំផុតក្នុងទ្វីបនេះផងដែរ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ brandkenya/Youtube