ក្រុមអ្នកស្រាវជ្រាវផ្នែកយានអវកាសមិនស្គាល់អត្តសញ្ញា ទទួលស្គាល់ថា ចំនួនមនុស្សដែលបានមើលឃើញ UFO កាន់តែកើនឡើង នៅភាគឦសានប្រទេសអូស្ដ្រាលី។

Sheryl Gottschall នាយកសមាគមស្រាវជ្រាវ UFO នៅរដ្ឋ Queensland បានឱ្យដឹងថា តំបន់ឦសានប្រទេសអូស្ដ្រាលី កំពុងតែក្លាយជាចំណុចក្ដៅនៃ រឿងរ៉ាវទាក់ទិននឹង UFO ក្នុងរយៈពេលកន្លង នេះបើតាមសេចក្ដីរាយការណ៍របស់ទំព័រ Sky News។

/

Gottschall ថ្លែងថា ៖ “យើងខ្ញុំបានទទួលទូរស័ព្ទជាច្រើន ពីប្រជាជនមកពីតំបន់ Queensland ដោយពួកគេរាយការណ៍អំពីករណីមើលឃើញ យានអវកាសមិនស្គាល់អត្តសញ្ញា (UFO)។ ថ្មីៗនេះ ប្រជាជនមួយចំនួន ក៏បានទូរស័ព្ទមកប្រាប់ថា បានឃើញ UFO នៅលើអាកាសនៃក្រុង Gold Coast កាលពីថ្ងៃទី ២៩សីហា។ ចំណែកមានអ្នកខ្លះ បានឃើញវា នៅតំបន់ទីប្រជុំជន  Childers” ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ប្រជាជននៅអូស្ដ្រាលី បានឃើញ UFO នៅលើអាកាស ចំនួនប្រមាណជា ៨០០លើក។ ប៉ុន្ដែ មនុស្សភាគច្រើន មិនបានរាយការណ៍ករណីខាងលើ មកកាន់សមត្ថកិច្ចនោះទេ។

ករណីដ៏គួរឱ្យចាប់អារម្មណ៍មួយ ថ្មីៗនេះ ក៏បានកើតឡើងនៅទីប្រជុំជន Wooloowin នៃតំបន់ជាយក្រុងរបស់ Brisbane ៖ ប្រជាជន បានឃើញពន្លឺចំនួន ៣ អណ្ដែតនៅលើអាកាស ពីខាងលើផ្ទះរបស់ពួកគេ។ ករណីខាងលើ មកដល់ពេលនេះ នគរបាល ក៏មិនទាន់រកឃើញប្រភពនៃពន្លឺទាំងនេះនៅឡើយ។

ក្រុមមន្ដ្រី អូស្ដ្រាលី ក៏បានទទួលស្គាល់ដែរថា ចំនួននៃក្រុមអ្នក “ប្រមាញ់” UFO បានកើនឡើងច្រើន មិនធ្លាប់មានពីមុនមកផងដែរ។

/

រូប​ភាព​ UFO មួយ ដែល​ត្រូវ​គេ​ថត​បាន នៅ​អូស្ដ្រា​លី

 

Kristy Buist ដែលជាសមាជិកម្នាក់ក្នុងក្រុមប្រមាញ់ UFO បានឱ្យដឹងថា លោកបានឃើញ UFO ជាលើកដំបូង កាលពីខ្លួន មានអាយុ ១០ឆ្នាំ។ ចាប់តាំងពីពេលនោះមក គាត់តែងតែយកចិត្តទុកដាក់ទៅលើវា។ Kristy Buist បន្តថា ៖ “ខ្ញុំតែងតែស្វែងរក UFO ។ ខ្ញុំស្វែងរកវា នៅគ្រប់ទីកន្លែង។ មនុស្សជាច្រើន យល់ថា UFO គឺជាយានអវកាសដែលមិនមានប្រាកដនៅលើពិភពលោកនោះទេ ប៉ុន្ដែ ជាក់ស្ដែងណាស់ ខ្ញុំបានឃើញវា ចំនួនដល់ទៅ ៤លើកមកហើយ ក្នុងមួយជីវិតនេះ”៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ skynews/brisbanetimes