ព័ត៌មានអន្តរជាតិ ៖​ ក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Iran Air គូសបញ្ជាក់នៅថ្ងៃអាទិត្យម្សិលមិញនេះ ឲ្យដឹងថាខ្លួនបានសម្រេចកុងត្រា ក្នុងការបញ្ជាទិញ យន្តហោះ ៨០គ្រឿងពីសហគ្រាស ផលិតយន្ត ហោះដ៏ល្បីរបស់អាមេរិក Boeing ជាផ្លូវការហើយ នេះបើយោងតាមសេចក្តីរាយការណ៍ ពីភ្នាក់ងារ សារព័ត៌មាន IRNA ។ 

/

លោក Farhad Parvaresh ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិ ដែលបានចុះហត្ថ លេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះ Boeing នៅឯទីក្រុង Tehran នោះស្រាយបំភ្លឹឲ្យដឹងថា ក្នុងចំណោមយន្តហោះបញ្ជាទិញ ៨០គ្រឿង ក្នុងនោះ ៥០គ្រឿងធន់ 737 និង ៣០គ្រឿងផ្សេង ទៀតធន់យក្ស 777 សរុបទាំង ៨០គ្រឿង​នឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេស អ៊ីរ៉ង់ ក្នុងរយៈពេល ១០ ឆ្នាំ ។ កុងត្រាក្នុងការបញ្ជាទិញយន្តហោះទាំង ៨០គ្រឿងលើកនេះ មានទំហំសាច់ប្រាក់ដល់ ទៅ ១៦,៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។ 

ដោយយោងតាមកិច្ចព្រមព្រៀង កាលពីពេលកន្លងទៅនេះ អំឡុងខែ មិថុនា ការលក់ចេញនូវយន្ត ហោះទៅកាន់អ៊ីរ៉ង់ ត្រូវតែមានការអនុម័តចុងក្រោយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីអំឡុង ខែកញ្ញាកន្លងទៅ ។ គួររំឮកថា រដ្ឋាភិបាលវ៉ាស៊ិនតោន បានដកទណ្ឌកម្មរបស់ខ្លួន ពីប្រទេសអ៊ីរ៉ង់ ក្រោមកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ កាលពីអំឡុងខែមករាកន្លងទៅនេះ​ ប៉ុន្តែ ការរឹតត្បិតផ្សេង ទៀតហាក់នៅតានតឹងនៅឡើយ ពោល រាល់ក្រុមហ៊ុនអាមេរិកណាមួយដែលមានកិច្ចព្រមព្រៀង លក់ចេញ ទិញចូល ឬលក់ដូរជាមួយនឹងប្រទេសអ៊ីរ៉ង់នោះ ត្រូវតែទទួលបានការអនុម័តជាផ្លូវការ និងជាចុងក្រោយពីសេតវិមានជាមុនសិន ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី