ដោយខ្លួននាងផ្ទាល់ កំពុងផ្ទុកជំងឺខូវីដ-១៩ នៅចំពេលរលកទី៣  នៃការផ្ទុះរាលដាល នៃជំងឺនេះ នៅទូទាំងប្រទេសមីយ៉ាន់ម៉ានោះ និស្សិតច្បាប់ម្នាក់នេះ បានរាយការណ៍ ជូន JURIST ពីទីក្រុងយ៉ាំងហ្គូន ដោយធ្វើអត្ថាធិប្បាយពីស្ថានភាពនៅទីនោះថា សេដ្ឋកិច្ចកំពុងធ្លាក់ចុះយ៉ាងគំហុក និងថា ក្រុមប្រឹក្សារបបយោធា បានបង្កភាពវឹកវរកាន់តែខ្លាំងឡើង ។

/

រឿងគ្រប់យ៉ាង ដែលយើងបានដឹងគឺថា ប្រជាពលរដ្ឋកំពុងត្រូវការអុកស៊ីសែន ដើម្បីដកដង្ហើមរាល់ថ្ងៃ ហើយពួកគេត្រូវរង់ចាំយ៉ាងយូរ ឬចាំរហូតកណ្ដាលអាធ្រាត្រក៏មាន ។ ប្រជាជន កំពុងប្រកាសប្រាប់គ្នីគ្នាពីទីកន្លែង ដែលយើងទទួលបានខ្យល់អ៊ុកស៊ីហ្សែនរាល់ថ្ងៃ ប៉ុន្ដែនៅតែមានមនុស្សជាច្រើន ស្លាប់បាត់បង់ជីវិតដោយសារតែខ្វះខ្យល់អ៊ុកស៊ីហ្សែន ។

ចំណែកឯតម្លៃទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ កាន់តែឡើងថ្លៃខ្លាំង នៅទីនេះ ។ តួយ៉ាង ស៊ុតមួយគ្រាប់តម្លៃធម្មតា តែ ១៥០ Kyats ប៉ុណ្ណោះ ប៉ុន្ដែបច្ចុប្បន្នឡើងថ្លៃរហូតជិត ៣០០ Kyats ឯណោះ ។ ចំណែកនៅតាមទីជនបទវិញ វាមិនមានតម្លៃថ្លៃ ដូចនៅទីក្រុងយ៉ាំងហ្គោននោះទេ ។ បើទោះជា នៅក្នុងទីក្រុងយ៉ាំងហ្គោនតែមួយ តម្លៃទំនិញ នៅក្នុងទីប្រជុំតូចៗ មិនដូចគ្នានោះឡើយ ។ បើតាមខ្ញុំបានដឹង នៅក្នុងសង្កាត់ខ្លះ រាប់ពីទីប្រជុំជន North Dagon និង North Okkala យើងនៅតែអាចទិញទំនិញក្នុងតម្លៃសមរម្យ ប៉ុន្ដែនៅក្នុងតំបន់មួយចំនួនដូចជា Yankin, Kamayut និងទីប្រជុំជនមួយចំនួនទៀត ដែលនៅជិតហាងទំនិញធំៗ ដែលសម្បូរទៅដោយប្រជាជនមានជីវភាពធូរធា តម្លៃទំនិញថ្លៃកប់ពពក ។ ប៉ុន្ដែយើងមិនអាចប្រាប់ឱ្យប្រាកដថា តម្លៃប៉ុន្មាននោះទេ ។ បើទោះជា នៅក្នុងផ្សារតែមួយ អាជីវករម្នាក់ៗ ប្រាប់តម្លៃមិនដូចគ្នានោះទេ ។ យើងទើបតែរកឃើញអាជីវករម្នាក់ ដែលលក់ទំនិញ ក្នុងតម្លៃធម្មតាដូចដើម ។ យើងអាចដឹងត​ម្លៃប្រាកដ នៅតាមផ្សារទំនើប ប៉ុន្ដែរយៈជិត ១ ខែមកហើយ យើងពុំបានទៅផ្សារទំនើបនោះទេ ។

របបយោធាបង្កផលប៉ះពាល់អាក្រក់ជាច្រើន ប៉ុន្ដែអ្វី ដែលកំពុងកើតឡើង ក្នុងអំឡុងពេលនេះ គឺបណ្ដាលមកពីជំងឺកូវីដ-១៩ ។ ប្រជាជន បានស្លន់ស្លោទៅទិញស៊ុតមករក្សាទុក ហើយអ្នកជំងឺម្នាក់បរិភោគ ស៊ុតយ៉ាងតិច ២ គ្រាប់ក្នុងមួយថ្ងៃ ដើម្បីពង្រឹងប្រព័ន្ធស៊ាំរាងកាយរបស់ពួកគេ ដែលនេះជាការផ្ដល់អនុសាសន៍ពីវេជ្ជបណ្ឌិតក្នុងតំបន់ ។ ប្រជាជន មានលទ្ធភាពទិញសុទ្ធទាំងនេះ ជាពិសេស ប្រជាជន ដែលអាចរកប្រាក់ចំណូលប្រចាំថ្ងៃ ។ ដូច្នេះ មនុស្សសម្រុកទៅទិញកាន់តែច្រើន តម្លៃក៏កាន់តែឡើងថ្លៃទៅតាមនោះដែរ ។

ទោះយ៉ាងណា ខ្ញុំនៅតែដាក់ការស្ដីបន្ទោសទៅលើក្រុមប្រឹក្សារបបយោធា ។ នៅក្នុងរលកទី ១ និងទី២ ស្ថានភាព គឺមិនអាក្រក់ខ្លាំងដូចពេលនេះឡើយ ដោយសារតែរបបនេះ យើងមិនអាចចេញក្រៅផ្ទះបានតាមចិត្ដចង់ឡើយ ហើយដូច្នេះ សមាជិកគ្រួសារអ្នកជំងឺ រងផលលំបាកដោយសារតែកត្ដានេះជាខ្លាំង ។ មានអ្នកជំងឺជាច្រើននាក់ បានស្លាប់ អំឡុងម៉ោងនៃការដាក់បម្រាមគោចរ ។ តាមការប្រមើលមើលទៅ គ្រូពេទ្យជាច្រើន កំពុងអនុវត្ដយន្ដការ CDM ហើយយើងពុំបានទទួលការមើលថែដិតដល់ ដូចកាលពីមុននោះទេ ។ ខ្ញុំមានមិត្ដភក្ដិម្នាក់ ដែលបម្រើការស្ម័គ្រចិត្ដ នៅមណ្ឌលចត្ដាឡីស័ក AYA នៅក្នុងរលកទី២ មុនរដ្ឋប្រហារ ។ ដំណើរការនៃការផ្ដល់សេវាវេជ្ជសាស្រ្ដ គឺមានលក្ខណៈល្អប្រសើរខ្លាំងណាស់ នាពេលនោះ ហើយក្រុមគ្រូពេទ្យ បានជួយអ្នកជំងឺជាច្រើនឱ្យជាសះស្បើយ ។ ក្រុមគ្រូពេទ្យ បានជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ដជាច្រើនរូប ហើយផ្ដល់ការស្នាក់នៅ ក្នុងសណ្ឋាគារដោយឥតគិតថ្លៃដល់បុគ្គលិកស្ម័គ្រចិត្ដទាំងអស់នោះ និងផ្ដល់ការថែទាំអ្នកជំងឺបានយ៉ាងល្អប្រសើរ តាមតែគេអាចធ្វើទៅបាន ។ បច្ចុប្បន្ន គ្រប់ពេល ដែលខ្ញុំសួរនាង នាងនិយាយថា គ្មានផ្លូវដែលរដ្ឋាភិបាល នឹងជួយនោះទេ និងថា មណ្ឌលចត្ដាឡីស័ក បិទទ្វារខ្លះហើយ បើទោះជាមិនទាំងស្រង់ ។

ហេតុផលមួយទៀតនោះ គឺថា យោធា ក្ដោបក្ដាប់កន្លែងរក្សាទុកធុងអុកស៊ីហ្សែន និងយកតាមខ្លួនពួកគេទាំងអស់ ។ បន្ទាប់មក គេបង្ហាញនៅលើកញ្ចក់ទូរទស្សន៍ថា ពួកគេព្យាយាមជួយសង្រ្គោះប្រជាជន ប៉ុន្ដែមានតែគ្រួសាររបស់ពួកគេប៉ុណ្ណោះ ដែលទទួលបានអុកស៊ីហ្សែននោះ ។ ប្រជាជនជាច្រើន ត្រូវស្លាប់ដោយសារតែពួកគេ ៕

 /

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist