តាំងពីវេលាម៉ោង ៧ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នេះការបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅតាមបណ្តាខណ្ឌនីមួយៗក្នុង រាជធានីភ្នំពេញ មកដល់ពេលបច្ចុប្បន្ននេះ គេសង្កេតឃើញ ថា ប្រជាពលរដ្ឋកាន់តែច្រើននាក់ បានយល់ និងឲ្យតម្លៃទៅលើសន្លឹកឆ្នោតរបស់ខ្លួន ក្នុងការជ្រើសតំណាង។ តាមប្រភពព័ត៌មានពី អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានពិពណ៌នាថា រហូតមកទល់ម៉ោងជិត ៩នេះ ដំណើរការបោះឆ្នោត ទូទាំងប្រទេស ដំណើរការបានល្អ។ ទោះបីជានៅពេលព្រឹកម៉ោង ៧ មានអ្នកបោះឆ្នោតតិចក្តី។ អ្នកបោះឆ្នោតបានចាប់ផ្តើមមានច្រើន នៅក្នុងរង្វង់ម៉ោង៨។ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាទៅបោះឆ្នោតដោយក្តីសប្បាយរីករាយ គឺបោះឆ្នោតទៅតាមឆន្ទៈរបស់ពួកគាត់គ្រប់ៗ គ្នា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោត ឃុំ-សង្កាត់ ជាមួយនឹងកូនប្រុសសម្តេច លោក ហ៊ុនម៉ានី នៅក្នុងការិយាល័យបោះឆ្នោត លេខ ១០៦៧ នៅសាលាគរុកោសល្យ និងវិក្រឹតការ ខេត្តកណ្តាល តាំងពីពេលព្រឹកម៉ោង ៧ និង ២០ នាទី។

សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឬទ្ធិ បានយាងទៅបោះឆ្នោតនាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ នៅ មណ្ឌលវត្តថាន់ ក្នុងខណ្ឌចំការមន។
គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី៣ ចាប់ផ្តើមដំណើរការនៅវេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលមានអ្នកបោះឆ្នោតសរុប ចំនួន ៩.២០៣.៤៩៣ នាក់ នៅ ១.៦៣៣ ឃុំ-សង្កាត់ ទូទាំងប្រទេស ។ រីឯការិយាល័យបោះឆ្នោតមានចំនួន ១៨.១០៧ ការិយាល័យ។