ព័ត៌មានជាតិ ៖ នាវេលាម៉ោងប្រមាណជាង ១ និង ៣០ នាទីរសៀលមុននេះ មានគ្រោះអគ្គីភ័យមួយបានកើតឡើង នៅក្នុងបន្ទប់ខារ៉ាអូខេ បូកគោ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថី ម៉ៅសេទុង កែងនឹងផ្លូវលេខ ៩៥ ចម្ងាយប្រមាណជាង ៣០ ម៉ែត្រ ខាងលិចស្ថានីយ៍ប្រេងឥន្ទនៈ តេលា។
មិនយូរប៉ុន្មានក្រោយពីមានហេតុការណ៍កើតឡើង គេក៏ឃើញមានអន្តរាគមន៍ ពីសំណាក់ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ ហើយអគ្គីភ័យនេះ ក៏ត្រូវបានគ្រប់គ្រងទាំងស្រុង មុននឹងមានការឆេះរាលដាលទៅកន្លែងដទៃ ។
គួររំឭកផងដែរថា អគ្គីភ័យលើកនេះ បានកើតឡើងទៅលើខារ៉ាអូខេ បូកគោ ដែលទីនេះផ្ទាល់គឺជាអតីតរោងភាពយន្តបូកគោ។ ដោយឡែក ស្ថានភាពនៃការខូចខាតរបស់បន្ទប់ការ៉ាអូខេ ក្រោយពីកើតមានឡើងនូវគ្រោះអគ្គីភ័យមួយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយ ស្របពេលដែលភ្នាក់ងារសមត្តកិច្ចកំពុងតែធ្វើការស្រាវជ្រាវ។
ទោះជាយ៉ាងណាក៏ដោយ សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា គ្រោះថា្នក់នេះ កើតឡើងដោយសារការទុស្សេខ្សែភ្លើង៕
ដោយ ៖ រិទ្ធី