អ្នកយកព័ត៌មានចំនួន ១៤១នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសចំនួន ២៩ នៅជុំវិញពិភពលោក ក្នុងនោះ ភាគច្រើនត្រូវបានសម្លាប់ក្នុងប្រទេស ស៊ីរី ប្រការនេះ បានរុញច្រានឱ្យឆ្នាំ ២០១២ ក្លាយជាឆ្នាំដែលមានអ្នកយកព័ត៌មានត្រូវគេសម្លាប់ច្រើនបំផុត។
Press Emblem Campaign (PEC) ដែលជាអង្គការការពារអ្នកកាសែត ដែលមានទីតាំងនៅក្នុងប្រទេសស្វីស ឱ្យដឹងថា ចំនួនអ្នកយកព័ត៌មានត្រូវបានសម្លាប់ក្នុងឆ្នាំ ២០១២ កើនឡើង ៣១%ធៀបនឹងឆ្នាំ ២០១១។
ចំណែកឆ្នាំ ២០១២ នៅក្នុងប្រទេសស៊ីរី មានអ្នកកាសែតចំនួនដល់ទៅ ៣៧នាក់ត្រូវបានសម្លាប់ក្នុងនោះ មាន ១៣នាក់ ធ្វើការឱ្យបណ្ដាស្ថានិយទូរទស្សន៍អន្ដរជាតិ។ ក្រៅពីនេះ អ្នកកាសែត ៤នាក់ផ្សេងទៀតកំពុងត្រូវបានចាប់ខ្លួន ឬបាត់ខ្លួន ដែលរួមមានអ្នកយកព័ត៌មានជនជាតិ អ៊ុយក្រែនជនជាតិ Jordan ដើមកំណើត Palestine និងជនជាតិអាមេរិកពីរនាក់ ដែលម្នាក់ធ្វើការឱ្យទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង។

ទន្ទឹមនឹងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី ស្ថានភាពនៅ Somalia ក៏មានភាពតានតឹងក្នុងឆ្នាំកន្លងទៅ ដោយមានអ្នកកាសែត ១៩នាក់ត្រូវបានសម្លាប់។ បន្ទាប់ពី Somalia គឺ ប្រទេសចំនួន ៣ នៅក្នុងទ្វីបមេរិកខាងត្បូង រួមមាន Mexico មានអ្នកកាសែត ១១នាក់ត្រូវបានសម្លាប់ , Brazil ១១នាក់ ព្រមទាំងHonduras ៦នាក់។
រីឯទ្វីបអាស៊ីវិញ មានអ្នកយកព័ត៌មានត្រូវបានសម្លាប់ច្រើនបំផុតគឺក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌារួមនឹងប្រទេស Bangladesh ។ តំបន់អាស៊ីអាគ្នេយ៍ ប្រទេសដែលមានអ្នកកាសែតត្រូវបានគេសម្លាប់ច្រើនជាងគេ គឺ Philippines ដែលមានអ្នកយកព័ត៌មានត្រូវបានសម្លាប់ ៦នាក់។ ប្រទេសឥណ្ឌា ក៏មានអ្នកយកព័ត៌មានត្រូវបានសម្លាប់ ចំនួន ៤នាក់។ ចំណែកប្រទេស Bangladesh ក៏ស្មើនឹងប្រទេសឥណ្ឌា។
ដោយ ៖ សីហាប្រភព ៖ IFN