ថ្មីៗនេះ មានវីដេអូមួយ ត្រូវបានគេបង្ហោះ បង្ហាញអំពីទីកន្លែង និងយន្ដហោះ MH17 ធ្លាក់ចុះមកដី ហើយផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ នេះប្រហែលជាទិដ្ឋភាពដំបូងគេ ដែលត្រូវបានគេថត ខណៈយន្ដហោះ Boeing ធ្លាក់ កាលពីថ្ងៃទី ១៧កក្កដា។

/

ទីភ្នាក់ងារសារព័ត៌មាន AP ទទួលបានវីដេអីថ្មីនេះ ពីពលរដ្ឋមួយរូប នៅក្នុងភូមិ Hrabove តំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន។ វីដេអូនេះ ត្រូវបានគេថតភ្លាមៗ បន្ទាប់ពីយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines MH17 ដែលមានមនុស្សជិត ចំនួន ២៩៨នាក់ ជួបគ្រោះថ្នាក់។

វីដេអូបង្ហាញថា មានប្រជាជនជាច្រើនកំពុងតែមានការភ័យរន្ធត់ និងឈរមើលផ្សែងខ្មួលខ្មាញ់ ដែលមានចម្ងាយពីផ្ទះរបស់ពួកគេតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ កាលពីថ្ងៃទី ១៧កក្កដា។

ពួកគេសួរគ្នាថា តើអ្នកបើកបរយន្ដហោះនៅឯណា ហើយសន្និដ្ឋានថា នេះជាយន្ដហោះរបស់អ៊ុយក្រែន។ នៅក្នុងអំឡុងប៉ុន្មានថ្ងៃនោះ មានយន្ដហោះអ៊ុយក្រែនជាច្រើនគ្រឿង ត្រូវបានបាញ់ទម្លាក់ ហើយអ្នកបើកបរយន្ដហោះ ភាគច្រើន ត្រូវបានក្រុមបំបែកខ្លួនចាប់ជាចំណាប់ខ្មាំង។

/

ក្នុងចំណោមពលរដ្ឋនៅកន្លែងកើតហេតុ មនុស្សម្នាក់សង្ស័យថា ប្រហែលជាមានយន្ដហោះច្រើនជាង ១គ្រឿង បានធ្លាក់។ ប៉ុន្ដែ អ្នកខ្លះយល់ថា មានតែ ១គ្រឿងប៉ុណ្ណោះ ដែលបានធ្លាក់។

កំទេចរបស់យន្ដហោះ Boeing 777 ហោះហើរពី Amsterdam មកកាន់ Kuala Lumpur ដែលត្រូវជួបគ្រោះថ្នាក់នេះ បានខ្ទាតរប៉ាត់រប៉ាយលើផ្ទៃដីជាង ២០គីឡូម៉ែត្រក្រឡា។

គ្រោះថ្នាក់ខាងលើនេះ នៅតែជាបញ្ហាស្មុគស្មាញ បង្កភាពតានតឹងក្នុងផ្នែកការទូតនៃបណ្ដាប្រទេសពាក់ទ័ន្ធ។ ទីក្រុង Kiev និងលោកខាងលិច បានចោទក្រុមផ្ដាច់ខ្លួនដែលគាំទ្រដោយរុស្ស៊ីថា ជាអ្នកបានបាញ់ទម្លាក់យន្ដហោះនេះ ចំណែកទូរទស្សន៍ជាតិរបស់រុស្ស៊ីវិញ បានបញ្ចេញរូបថតផ្កាយរណប ដែលពួកគេអះអាងថា អ៊ុយក្រែនជាអ្នកនៅពីក្រោយខ្នងហេតុការណ៍នេះ។

រីឯងក្រុមមន្ដ្រីអ៊ុយក្រែន យល់ថា បណ្ដាយន្ដហោះចម្បាំងរបស់រុស្ស៊ី គឺជាអ្នកបានបាញ់ទម្លាក់ ព្រោះថា MH17 កំពុងហោះហើរក្នុងរយៈកំពស់ដល់ទៅ ១០.០០០ម៉ែត្រ ពេលត្រូវបាញ់ប្រហារ។ កំពស់នេះ បានផុតឆ្ងាយពីរង្វង់ប្រតិបត្តិរបស់បណ្ដាកាំជ្រួចដែលបាញ់ពីលើដី។

កាលពីម្សិលមិញនេះ ក្រុមជួយសង្គ្រោះ បានវិលត្រឡប់មកប្រមូលកំទេចកំទីរបស់ MH17 នៅកន្លែងកើតហេតុ ក្រោមការស៊ើបអង្កេតរបស់មន្ដ្រីហូឡង់ និងស្ថាបនសន្តិសុខ និងសហប្រតិបត្តិការណ៍អឺរ៉ុប៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ AP/Youtube