(ប្រេស៊ីល)៖ អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦០នាក់ហើយនៅក្នុងការប៉ះទង្គិចគ្នា ដ៏សាហាវរវាងក្រុមបងធំនៅពន្ធនាគារ មួយកន្លែងស្ថិតក្នុងទីក្រុង Manaus នៃរដ្ឋ Amazon។ នេះបើតាមស្ថានីយ៍ទូរទស្សន៍ Globo TV network ដែលចុះផ្សាយបន្តដោយទីភ្នាក់ងារ សារព័ត៌មានចិនសិនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។
ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ Globo TV network ប្រធានសន្តិសុខនៃរដ្ឋ Amazon លោក Sergio Fontes បានឱ្យដឹងថាលោកមាន ការបារម្ភដោយខ្លាចក្រែងចំនួន អ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈអាជ្ញាធរសន្និដ្ឋាន ថាការប៉ះទង្គិចដែលបានកើតឡើងនៅថ្ងៃចន្ទ គឺអាចបង្កឡើងដោយសារជម្លោះរវាងក្រុមបងធំនៅក្នុងពន្ធនាគារ Manaus។
គួរបញ្ជាក់ថាក្រុមអង្គការឃ្លំាមើលសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់បានរិះគន់យ៉ាងខ្លាំងចំពោះ ការគ្រប់គ្រងប្រព័ន្ធពន្ធនាគារ របស់អាជ្ញាធរប្រេស៊ីល ដែលជារឿយៗតែងតែបណ្តែតបណ្ដោយឱ្យរឿងបែបនេះកើតឡើង៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង