(ប៊ូលឡាវី)៖ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍បូលីវី La Mia លោក Gustavo Vargas អាចនឹងត្រូវឃុំខ្លួនក្នុងពន្ធនាគារពីបទមនុស្សឃាតដោយអចេតនា និងការចោទប្រកាន់ផ្សេងទៀត រហូតដល់ការស៊ើបអង្កតជុំវិញសោកនាដកម្ម​ធ្លាក់យន្ដហោះដឹកក្រុមកីឡាករ​ក្លឹបបាល់ទាត់ប្រេស៊ីល Chapacoense នៅឯប្រទេសកូឡុំប៊ី កាលពីខែវិច្ឆិកា កន្លងទៅបិទបញ្ចប់ជាស្ថាពរ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០១៦។

/

លោក Gustavo Vargas បានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយប្រឆាំងនឹងរូបលោក បើទោះបីជា​លោកត្រូវបាន​ក្រុមរដ្ឋអាជ្ញាបូលីវី ចាប់ខ្លួន និងសួរចម្លើយកាលពីថ្ងៃអង្គារ​ក៏ដោយ។ ទោះបីជាយ៉ាងនេះក្តី​បន្ទាប់ពីលោក Vargas​​ បានសម្រាកព្យាបាលជំងទឹកនោមផ្អែម​នៅក្នុងមន្ទីពេទ្យ​កាលពីថ្ងៃពុធ ចៅក្រមម្នាក់បានយល់ស្រប​ជាមួយក្រុមរដ្ឋអាជ្ញា ដែលមានភស្ដុតាងគ្រប់គ្រាន់​ដើម្បីដំណើរការរឿងក្ដី និងចោទប្រកាន់លើ​នាយកប្រតិបត្តិរូបនេះ។

គួររំលឹកថាយន្តហោះដឹកក្រុមកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapacoense បានធ្លាក់នៅក្បែរទីក្រុង Medellin ប្រទេសកូឡុំប៊ី កាលពីខែវិច្ឆិកា ដោយបានឆក់យកជីវិតមនុស្ស ៧១នាក់ និង០៦នាក់ នៅរស់រានមានជីវិត​នៅក្នុងចំណោម​អ្នកជិះនៅលើយន្ដហោះ​សរុប ៧៧នាក់។ ចំណែកឯមូលហេតុនៃ​ការធ្លាក់ ត្រូវបានគេះអះអាងជាជំហ៊ានដំបូងថា​បណ្ដាលមកពី «អស់សំាង» ហើយក្រោយពីសោកនាដកម្មនេះ​កើតឡើង​អាជ្ញាធរបូលីវី បានសម្រេចចិត្តព្យួរអាជ្ញាប័ណ្ណហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍​បូលីវី៕

/

ប្រភព ៖ CNA