(កៀហ្ស៊ីស៊ីស្ថាន)៖ មនុស្ស ៣២នាក់ក្នុងនោះមានទាំងក្មេងៗចំនួន ០៦នាក់ផងដែរបានស្លាប់ បន្ទាប់ពីយន្តហោះដឹកទំនិញមួយគ្រឿងរបស់តួកគី បានធ្លាក់អំឡុងពេលព្យាយាមចុះចតនៅអាកាសយានដ្ឋាន Manas ក្បែររដ្ឋធានីប៊ិសកិក នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន ក្នុងតំបន់អាស៊ីកណ្តាល ខណៈមូលហេតុនៃការធ្លាក់នេះត្រូវបានក្រុមជំនាញអះអាងជាបឋមថា បានបណ្តាលមកពីអាកាសធាតុអាក្រក់។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយសារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
អ្នកជិះនៅលើយន្តហោះទាំងអស់មានចំនួន ០៤នាក់រួមទាំងពីឡុត ហើយក្នុងនោះមានតែម្នាក់ប៉ុណ្ណោះដែលនៅរស់រាន ខណៈមនុស្សស្លាប់ ២៩នាក់ផ្សេងទៀតគឺជាប្រជាជនដែលត្រូវយន្តហោះធ្លាក់ចំ។ យន្តហោះខាងលើនេះជាប្រភេទ Boeing 747-400 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនតួកគី បានហោះហើរពីទីក្រុងហុងកុង រួចក៏ព្យាយាមចុះចតនៅកៀហ្ស៊ីស៊ីស្ថាន ប៉ុន្តែមិនបានសម្រេចក៏បានធ្លាក់ និងផ្ទុះឆេះខ្ទេចនៅក្បែរព្រលានយន្តហោះ Manas តែម្តង។
ក្រោយពីកើតហេតុភ្លាមៗ អាជ្ញាធរអាកាសចរណ៍កៀហ្ស៊ីស៊ីស្ថាន បានបញ្ជាឲ្យផ្អាកជើងហោះហើរទាំងអស់ ដែលមានគោលដៅចេញ និងចូលព្រលានយន្តហោះ Manas។ បន្ថែមពីនេះលំនៅឋានទាំងតូចទាំងធំ របស់ប្រជាជននៅតំបន់នោះសរុប ១៥ខ្នង ត្រូវបានយន្តហោះតួកគីកម្ទេចទាំងស្រុង៕
ប្រភព ៖ អ័រតេ