នាវេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី៣ មិថុនា ២០១២ គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត ពីដំណើរការបោះឆ្នោត មានសភាពរលូន សន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ គ្មានការបំភិតបំភ័យប្រកបដោយសេរី និងលទ្ធិប្រជាធិបតេយ្យ ហើយថា អ្នកដែលទៅចូលរួមបោះឆ្នោតមានចំនួនលើសពី៦០% ។

លោកអ៊ឹម សួស្តី ប្រធាន គណៈកម្មាធិការជាតិរៀបចំបោះឆ្នោត បានឲ្យដឹងថា ពិតមែនតែនៅតាមបណ្តាខេត្ត-រាជធានីមានភ្លៀងធ្លាក់ខ្លះៗក៏ដោយ ក៏មិនរំខានដល់ការបោះឆ្នោតរបស់ប្រជាពលរដ្ឋនៅតាមការិយាល័យនីមួយៗ ដែរ ពោលគឺចាប់ផ្តើមតាំងពីដើមដល់ចប់ មិនមានបញ្ហាអ្វីកើតឡើងឡើយ ។ រីឯលទ្ធផលបឋមបណ្តោះអាសន្នដែល គ.ជ.ប អះអាងកន្លងមកថា នឹងប្រកាសនៅវេលាម៉ោង៦ល្ងាចថ្ងៃទី៣ មិថុនា ២០១២ បន្ទាប់ពីធ្វើសន្និសីទកាសែតបញ្ចប់ការបោះឆ្នោតនោះ គឺមិនទាន់អាចប្រកាសបាននោះទេ ព្រោះថា មានការយឺតយ៉ាវនៅតាមបណ្តាខេត្តមួយចំនួនមិនទាន់បញ្ជូនរបាយការណ៍ មកដល់ស្នាក់ការកណ្តាល គ.ជ.ប។ គ.ជ.ប អាចនឹងបញ្ជូនលទ្ធផលបឋមបណ្តោះអាសន្នផ្សាយតាមរយៈទូរទស្សន៍ជាតិ កម្ពុជានៅវេលាម៉ោង៨យប់នេះ និងនៅថ្ងៃបន្ទាប់។

លទ្ធផលបណ្តោះ អាសន្ន ក្រៅផ្លូវការ នៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅទូទាំងប្រទេស បានបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជានាំមុខគណបក្សដទៃច្រើនលើសលប់ គណបក្សសមរង្ស៊ី ទទួលបានជ័យជម្នះ ប្រហែល ២២ឃុំ-សង្កាត់ ទូទាំងប្រទេស គណបក្សសិទ្ធិមនុស្សទទួលបានជ័យជម្នៈ ជិត២០ឃុំ ទូទាំងប្រទេស ១. រាជធានីភ្នំពេញ៖
- ខណ្ឌចំការមន មានចំនួន ១០៨អាសនៈ គណបក្សប្រជាជនទទួលបាន ៧៥អាសនៈ ក្នុងនោះ
+ សង្កាត់ទួលទំពួង២ គណបក្សប្រជាជន ទទួលបាន ១៥៣៦សំឡេង, គណបក្សសមរង្ស៊ី ទទួលបាន ៨១០សំឡេង, គណបក្សសិទ្ធិមនុស្សទទួលបានសំឡេង ១២០ និងគណបក្សនរោត្តម រណឬទ្ធិ ទទួលបាន ២១សំឡេង។
+ សង្កាត់ទួលស្វាយព្រៃទី២ គណបក្សប្រជាជន ទទួលបាន ២.៩៧៤សំឡេង គណបក្ស សមរង្ស៊ី ទទួលបាន ១.៤៣៧សំឡេង គណបក្សផ្សេងទៀត មិនទទួលបានសំឡេងនោះទេ។
+ សង្កាត់ទួលស្វាយព្រៃទី១ គណបក្សប្រជាជនទទួលបាន ៣.៤៤២សំឡេង គណបក្សសមរង្ស៊ី ទទួលបាន ១.៩១៧សំឡេង គណបក្សសិទ្ធិមនុស្ស ទទួលបាន ១៩៦សំឡេង។
- ខណ្ឌមានជ័យ ៖ គណបក្សប្រជាជននាំមុខ គណបក្សសមរង្ស៊ីបន្ទាប់ គណបក្សសិទ្ធិមនុស្សទី៣ ហ៊្វុនស៊ិនប៉ិចទី៤ គណបក្សនរោមត្តមទី៥។
- ខណ្ឌពោធិ៍សែនជ័យ៖ គណបក្សប្រជាជននាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។
- ខណ្ឌសែនសុខ៖ មានចំនួន៥៨ អាសនៈ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៤អាសនៈ និងគណបក្សសមរង្ស៊ី ទទួលបាន ១៤អាសនៈ។
- ខណ្ឌឬស្សីកែវ៖ គណបក្សប្រជាជនកម្ពុជា បាន៩.៤៤៨សំឡេង គណបក្សសមរង្ស៊ីបានចំនួន ៣.២៦៨សំឡង
- ខណ្ឌដូនពេញ៖ មានចំនួន ៨៩អាសនៈ គណបក្សប្រជាជនទទួលបាន ៦២អាសនៈ គណបក្សសមរង្ស៊ី ទទួលបាន ២៧អាសនៈ។ នៅបឹងកក់ គណបក្សប្រជាជនកម្ពុជា ទទួលបាន ១.០៦១សំឡេង គណបក្ស សម រង្ស៊ី ទទួលបាន ៧៥៩សំឡេង និងគណបក្សសិទ្ធិមនុស្ស ទទួលបាន ១៨២សំឡេង។
- ខណ្ឌដង្កោ៖ គណបក្សប្រជាជននាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។
- ខណ្ឌ៧មករា ៖ គណបក្សប្រជាជននាំមុខ ។ នៅបុរីកីឡា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥.៥៦៣សំឡេង គណបក្សសមរង្ស៊ី ទទួលបានសំឡេង ៣.៥១១សំឡេង។
- ខណ្ឌទួលគោក ៖ គណបក្សប្រជាជននាំមុខដាច់។
២. តាមបណ្តាខេត្ត៖
- ខេត្តស្ទឹងត្រែង ៖ គណបក្សប្រជាជននាំមុខ។
- ខេត្តក្រចេះ ៖ គណបក្សប្រជាជនកម្ពុជា គ្រប់គ្រងទាំងស្រុងចំនួន ៤៦ឃុំ ទទួលបាន ២០៣អាសនៈ គណបក្សសមរង្ស៊ី ទទួលបាន ៧០អាសនៈ គណបក្សនរោត្តម រណឬទ្ធិ ទទួលបាន ២អាសនៈ។
- ខេត្តសៀមរាប ៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់។
- ខេត្តកំពង់ចាម ៖ ក្នុងឃុំចំនួន ១៧៣ គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងចំនួន ១៦១ឃុំ គណបក្សសិទ្ធិមនុស្សគ្រប់គ្រង ៧ឃុំ និងគណបក្សសមរង្ស៊ី គ្រប់គ្រង ៥ឃុំ។
- ខេត្តបាត់ដំបង ៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។
- ខេត្តបន្ទាយមានជ័យ៖ គណបក្សប្រជាជនកម្ពុជានាំមុខ សមរង្ស៊ីបន្ទាប់។ សង្កាត់ប៉ោយប៉ែត ផ្សាកណ្តាល និមិត្ត គណបក្សប្រជាជន គ្រប់គ្រងស្ទើរទាំងស្រុង។
- ខេត្តពោធិ៍សាត់៖ គណបក្សប្រជាជនគ្របដណ្តប់ទាំង ៤៩ឃុំ ក្នុងនោះ ឃុំចំនួន ២៩ គណបក្សប្រជាជនគ្រប់គ្រងទាំងស្រុង ទទួលបាន ៣១៦អាសនៈ គណបក្សសមរង្ស៊ីទទួលបាន ២៥អាសនៈ។
- ខេត្តឧត្តរមានជ័យ៖ គណបក្សប្រជាជនកម្ពុជា នាំមុខ។
- ខេត្តកំពត៖ គណបក្សប្រជាជនកម្ពុជា នាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។ លទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ច្រើនជាងបណ្តាគណបក្សផ្សេងៗ។
- ខេត្តកំពង់ស្ពឺ៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។
- ខេត្តតាកែវ៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។
- ខេត្តកំពង់ឆ្នាំង៖ គណបក្សប្រជាជនកម្ពុជានាំមុខ គណបក្សសមរង្ស៊ីបន្ទាប់។
- ខេត្តស្វាយរៀង៖ គណបក្សប្រជាជនអាចគ្រប់គ្រងដាច់ទូទាំងខេត្ត។ រីឯលេខរៀងបន្ទាប់អាចបានទៅលើគណបក្សសមរង្ស៊ី។
- ខេត្តព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជា នាំមុខច្រើន សមរង្ស៊ីបន្ទាប់។
- ខេត្តព្រះវិហារ៖ គណបក្សប្រជាជននាំមុខ តែគណបក្សសមរង្ស៊ី បានឈ្នះចំនួន៣ឃុំ គឺឃុំស្រយង់ ក្នុងស្រុកគូលែន ឃុំក្រមែល ក្នុងស្រុកត្បែងមានជ័យ ឃុំត្រែង ក្នុងស្រុកសង្គមថ្មី។
- ខេត្តកណ្តាល៖ គណបក្សប្រជាជនកម្ពុជា នាំមុខ សមរង្ស៊ីបន្ទាប់។ ក្នុងនោះឃុំបាកដាវ គណបក្សប្រជាជនទទួលបាន ១.៣៨៩សំឡេង គណបក្សសមរង្ស៊ី ទទួលបាន ៣៩៩សំឡេង គណបក្សសិទ្ធិមនុស្ស ៣៦៤ គណបក្សនរោត្តម រណឬទ្ធិ ទទួលបាន ៣០សំឡេង និងគណបក្ស ហ៊្វុនស៊ិនប៉ិច ទទួលបាន ៣សំឡេង។ គួររំលឹកថា ឃុំបាកដាវនេះ កាលពីអាណត្តិកន្លងទៅ គណបក្សសមរង្ស៊ីបានឈ្នះ ប៉ុន្តែសម្រាប់អាណត្តិនេះ គឺគណបក្សប្រជាជនជាអ្នកនាំមុខវិញ។
- ខេត្តកែប៖ គណបក្សប្រជាជនកម្ពុជា នាំមុខដាច់។
- ខេត្តព្រៃវែង៖ គណបក្សសងរង្ស៊ី និងសិទ្ធិមនុស្សទទួលបានអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ច្រើនគួរសម។
ដោយ៖ ណាវីលទ្ធផលពីកាសែតដើមអំពិល