បន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមខ្លះៗស្ដីអំពី iPad “យក្ស” 12.9 inch របស់ Apple ពេលនេះ ប្រភពព័ត៌មានគួរទុកចិត្តមួយចំនួន ក៏បានអះអាងថា ផលិតផលនេះ នឹងលេចមុខនៅដើមឆ្នាំក្រោយ។

/

នៅក្នុងឆ្នាំនេះ Apple នៅតែបញ្ចេញកុំព្យូទ័រថេប្លេតបុរាណ ដែលមានទំហំ 10 inch ចុះក្រោម ចំណែកកំណែធំជាងនេះ ត្រូវរង់ចាំដល់ឆ្នាំក្រោយ។ Bloomberg ដែលជាប្រភពព័ត៌មានគួរជឿជាក់ បានចែកចេញផ្សាយថា បច្ចុប្បន្ន ដៃគូជំនួញរបស់ Apple កំពុងអភិវឌ្ឍ ដើម្បីនាំយក iPad ទំហំ “យក្ស” 12.9 inch ដាក់ទៅក្នុងដំណើរការផលិត នាដើមឆ្នាំ ២០១៥។

/

ដូច្នេះ បណ្ដាព័ត៌មានដែលចេញផ្សាយថានូវដំណឹងចចាមអារ៉ាមមុន ស្ដីអំពី Apple នឹងឧទ្ទេសនាម iPad 12.9 inch នៅចុងឆ្នាំនេះ គឺខុសទាំងស្រុង។ ម្យ៉ាងទៀត មកដល់ពេលនេះ គេពុំទាន់ឃើញព័ត៌មានលំអិតណាមួយ ទាក់ទិននឹងម៉ូដែល iPad 12.9 inch ត្រូវបានគេបង្ហើបឱ្យដឹងនោះទេ គ្រាន់តែដឹងថា នេះគឺជាឧបករណ៍សម្រាប់អ្នកជំនួញ គឺមិនមែនសម្រាប់អ្នកប្រើប្រាស់ធម្មតា។

/

មុននឹងឧទ្ទេសនាម  iPad 12.9 ច្បាស់ណាស់ Apple នឹងបញ្ចេញបណ្ដាកំណែថេប្លេតថ្មីរបស់ខ្លួន ក្នុងនោះមាន iPad Air ជំនាន់ថ្មី 9.7 inch និងកំណែបន្ទាប់របស់ mini Retina ដែលមានទំហំ 7.9 inch ។ Bloomberg បញ្ជាក់ថា ម៉ូដែលទាំងពីរខាងលើនេះ នឹងត្រូវបានដាក់លក់ ក្នុងរដូវបុណ្យចុងឆ្នាំនេះ។

/

ទំព័រ Bloomberg ក៏បានឱ្យដឹងថា iPhone 6 របស់ Apple នឹងត្រូវបានឧទ្ទេសនាម នៅថ្ងៃទី ៩កញ្ញា ដូចទៅនឹងព័ត៌មានបែកធ្លាយមុននេះ។ ទីភ្នាក់ងារសារព័ត៌មាននេះ ក៏សង្កត់ធ្ងន់ថា iPhone 6 នឹងមានពីរកំណែដែលមានអេក្រង់ទំហំខុសគ្នា មួយគឺ 4.7 inch និងមួយទៀត គឺ 5.5 inch ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bloomberg/Mashable