Notebook 7 Spin នឹងមានពីរកំណែ ខុសគ្នាតែបន្ដិច ប៉ុន្តែ ទាំងនេះសុទ្ធតែបំពាក់ហាតវ៉ែរល្អៗ និងមានបច្ចេកវិទ្យាសាកថ្មល្បឿនលឿន។
Samsung ទើបតែប្រកាសបង្ហាញ Notebook 7 Spin ដែលអាចបត់បានដើម្បីក្លាយជាកុំព្យូទ័រថេប្លែតដ៏ធំមួយ។ Notebook 7 Spin មានពីរកំណែសម្រាប់ជ្រើសរើស ដោយវាមានអេក្រង់ទំហំខុសគ្នា តែទាំងអស់សុទ្ធតែប្រើអេក្រង់ថាច់។ កំណែទីមួយ មានអេក្រង់ទំហំ 13.3 inch រីសូលូសឹន 1920 x 1080 pixel។ កំណែទីពីរ មានអេក្រង់ 15.6 inch រីសូលូសឹន ដូចកំណែទីមួយ។
Notebook 7 Spin កំណែ 13.3 inch បំពាក់ប្រូសេសឺរ Intel Core i5 ខណៈដែលកំណែ 15.6 inch ប្រើឈីប Intel Core i7 រួមនឹងប្រូសេសឺរក្រាហ្វិក Nvidia 940MX។ កំណែទាំងពីរខាងលើ សុទ្ធតែមានរន្ធ USB Type-C។ ជាក់ស្ដែង Notebook 7 Spin មានរន្ធដោត USB Type-A ports ចំនួនបី (រន្ធ USB 2.0 ពីរ និង រន្ធ USB 3.0 មួយ)។ វាក៏បំពាក់កាតរីឌើរ រួមនឹងរន្ធ Ethernet។
Notebook 7 Spin កំណែ 13.3 inch មាន RAM 8GB ចំណែកកំណែ 15.6 inch មាន RAM ចាប់ពី 12GB ដល់16GB និងប្រើហាតត្រៃ SSD 128 GB និង HDD 1 TB។ Notebook 7 Spin មានបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដោយគ្រាន់តែបញ្ចូលថ្ម ២០នាទី នឹងអាចប្រើបានដល់ទៅ ២ម៉ោង។ Notebook 7 Spin ត្រូវបានដាក់លក់នៅលើទំព័រ Best Buy និងគេហទំព័រ របស់ Samsung នៅអេមេរិក ចាប់ពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦ ក្នុងតម្លៃចាប់ពី ៨០០ដុល្លារក្នុងមួយគ្រឿង។
ប្រែសម្រួល ៖ បុត្រា