សូមស្វែងយល់អំពីមូលហេតុដែលនាំឱ្យហែកឃើរ (hacker) អាចលួចគណនី facebook របស់អ្នក ដោយមិនបាច់ប្រើបច្ចេកវិទ្យាជាន់ខ្ពស់។

ចូរស្រមៃថា ថ្ងៃណាមួយ ផ្ទះរបស់អ្នកនឹងត្រូវចោរចូលលួច ដោយគ្រាន់តែហៅទូរស័ព្ទ និងឆ្លើយពីរបីសំនួរសាមញ្ញដែលគេបានដាក់ចេញ។ វានឹងមិនមានបន្សល់ទុកសញ្ញាណាមួយទាក់ទឹននឹងការលួចចូលនោះទេ ដោយគ្រាន់តែប្រើទូរស័ព្ទ ហៅទៅកាន់ភ្នាក់ងារបម្រើសេវាកម្មអតិថិជន និងត្រៀមចម្លើយក្លែងក្លាយប៉ុន្មានសំនួរដើម្បីកុហកប្រព័ន្ធសំនួរសុវត្ថិភាពគឺជាការស្រេច។
ពិតណាស់ រឿងមិនគួរឱ្យជឿនេះត្រូវបានធ្វើឡើងដោយហែកឃើរម្នាក់ ចំពោះគណនី Facebook របស់បុរសម្នាក់ឈ្មោះ Aaron Thompson អាយុ ២៣ឆ្នាំ។ កាលពីប៉ុន្មានថ្ងៃកន្លងទៅ Aaron Thompson មានការភ្ញាក់ផ្អើលជាខ្លាំង ដោយមិនអាចចូលទៅកាន់ទំព័រ facebook របស់ខ្លួន ជាងនេះ email និងលេខទូរស័ព្ទដែលប្រើសម្រាប់គណនី ក៏ត្រូវបានប្ដូរផ្លាស់។
បណ្ដា page ទាំងឡាយរបស់ Thompson ត្រូវបានបាត់បង់ ហើយការចំណាយពេលប៉ុន្មានឆ្នាំកន្លងសម្រាប់គណនីនេះ ក៏ក្លាយជារឿងឥតប្រយោជន៍។
ហេតុការណ៍ត្រូវបានបំភ្លឺ បន្ទាប់ពី Thompson ធ្វើការ “ស៊ើបអង្កេត” ៖ ហែកឃើរម្នាក់ បានទំនាក់ទំនងទៅកាន់ភ្នាក់ងារបម្រើសេវាអតិថិជនរបស់ Facebook តាមរយៈឧបករណ៍ដែលមានស្រាប់របស់បណ្ដាញសង្គមនេះ។ ក្រោយមកហែកឃើរម្នាក់នេះ ក៏បានទទួលជោគជ័យក្នុងការបញ្ចុះបញ្ចូលភ្នាក់ងារបម្រើសេវាអតិថិជនឱ្យប្រាប់នូវព័ត៌មានទាំងឡាយដែលអាចចូលទៅកាន់ទំព័រ Facebook របស់ Thompson ។
អ្វីដែលគួរឱ្យអស់សំណើច គឺថា ហែកឃើរនេះ មិនបានប្រើប្រាស់បច្ចេកវិទ្យាជាន់ខ្ពស់ណាមួយក្នុងការហែកចូលគណនីរបស់ Thompson នេះទេ។
ក្នុងប្រអប់សំបុត្រ និងសារឯកជនរបស់ Thompson គេឃើញមានការឆ្លើយឆ្លងគ្នារវាង Thompson (នៅទីនេះគឺជាហែកឃើរ) ជាមួយនឹងបុគ្គលិកបម្រើសេវាអតិថិជន ៖
“សូមជម្រាបសួរ។ បច្ចុប្បន្ន ខ្ញុំលែងមានសិទ្ធិចូលទៅកាន់ទំព័រ Facebook របស់ខ្ញុំ ហើយក៏លែងគ្រប់គ្រងលេខទូរស័ព្ទរបស់ខ្ញុំទៀតហើយដែរ។ សូមមេត្តាបិទប្រព័ន្ធត្រួតពិនិត្យកូដ ក៏ដូចជាការទទួលស្គាល់ការ log in នៅលើទំព័ររបស់ខ្ញុំ។ សូមអរគុណច្រើន។” (នេះគឺជាការសំណូមពររបស់ហែកឃើរ ទៅកាន់ភ្នាក់ងារបម្រើសេវាអតិថិជនរបស់ Facebook)។

ចម្លើយស្វ័យប្រវត្តមួយត្រូវបានឆ្លើយតបពី Facebook ដោយបានស្នើឱ្យម្ចាស់គណនីផ្ញើរូបថតមួយសន្លឹក ឬរូបស្កេនពីអត្តសញ្ញាណបណ្ណ ដើម្បីផ្ទៀងផ្ទាត់។ បន្ទាប់មក ជនល្មើសបានផ្ញើរូបស្កេនពីអត្តសញ្ញាណបក្លែងក្លាយមួយ រួមនឹងការស្នើឱ្យ “លុបចោលនូវជំហានទទួលស្គាល់ (confirm) ដោយកូដ ដ៏ដូចជា log in ទន្ទឹមនឹងការស្នើឱ្យផ្ញើលេខកូដថ្មីដើម្បីបើកសោ”។
ពិតជាគួរឱ្យអស់សំណើច ព្រោះថា Facebook បានយល់ព្រមទៅនឹងការស្នើខាងលើ ហើយអនុញ្ញាតឱ្យហែកឃើរ មានសិទ្ធិចូលទៅកាន់ទំព័រ Facebook របស់ Thompson ដោយគ្រាន់តែយោងទៅលើតែអត្តសញ្ញាណបណ្ណក្លែងក្លាយនោះ។
ប្រែសម្រួល ៖ បុត្រា