ករណីអ្នកប្រើប្រាស់ ១៧០០.០០០ នាក់ នៅកូរ៉េខាងជើង មិនអាចប្រើប្រព័ន្ធ 3G បាន អាចទាក់ទិននឹងការចោទប្រកាន់ ដែលប្រទេសលោកខាងលិច ទម្លាក់មកលើក្រុម hacker របស់កូរ៉េខាងជើង បន្ទាប់ពីប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុន Sony ត្រូវរងការវាយប្រហារតាមអ៊ីនធឺរណែត។

/

បណ្ដាព័ត៌មានអំពីកូរ៉េខាងជើង មកដល់ពេលនេះ នៅតែបន្តជាចំនុចកណ្ដាលនៃចំណាប់អារម្មណ៍របស់ក្រុមអ្នកបច្ចេកវិទ្យា ដោយសារថា ថ្មីៗនេះ បញ្ហាធំៗជាច្រើន ទាក់ទិននឹងបច្ចេកវិទ្យា បានកើតឡើងចំពោះប្រទេសនេះ។ ព័ត៌មានថ្មីបំផុត បានឱ្យដឹងថា កូរ៉េខាងជើង ទើបតែបានជួបបញ្ហាផ្នែកទូរគមនាគមន៍ នៅពេលប្រព័ន្ធ 3G នៃប្រទេសនេះ មិនអាចដំណើរបាន។ បញ្ហានេះ បានកើតឡើងនៅវេលាម៉ោង ២១ និង ៣០នាទីយប់ ថ្ងៃទី ២៧ធ្នូ (ម៉ោងក្នុងស្រុក)។ ប៉ុន្ដែ ក្រោយការ ស្លាប់ រយៈពេល ៥ម៉ោង ប្រព័ន្ធនេះ ក៏ដំណើរការបានធម្មតា។

/

រូប​ភាព​តារាង​មួយ​ដែល​បង្ហាញ​អំពី​ប្រព័ន្ធ​អ៊ីនធឺរ​ណែត​កូរ៉េ​ខាង​ជើង ជួប​បញ្ហា ត្រូវ​គេ​បង្ហោះ​លើ​ Twitter

នេះគឺជាបញ្ហាធ្ងន់ធ្ងរបំផុត ព្រោះតែបានប៉ះពាល់ដល់អ្នកប្រើប្រាស់ប្រព័ន្ធ 3G ស្ទើរតែទាំងអស់ នៅប្រទេសកូរ៉េខាងជើង។ យោងតាមការវាយតម្លៃ ប្រទេសដែលមានប្រជាជន ២៥លាននាក់នេះ បច្ចុប្បន្ន មានអ្នកប្រើប្រាស់ប្រព័ន្ធ 3G ចំនួន ១៧០០.០០០នាក់។

/

គួររំលឹកថា មុននេះ កាលពីថ្ងៃទី ២២ធ្នូ ប្រព័ន្ធអ៊ីនធឺរណែតរបស់កូរ៉េខាងជើង ក៏បានជួបនឹងបញ្ហា បណ្ដាលឱ្យអ្នកប្រើប្រាស់ មិនអាចធ្វើអ្វីបាន តាមអ៊ីនធឺរណែត។ បញ្ហាដែលកើតឡើងជាបន្តបន្ទាប់ ចំពោះផ្នែកទូរគមនាគមន៍របស់កូរ៉េខាងជើងនេះ ត្រូវបានក្រុមអ្នកវិភាគយល់ថា មានជាប់ទាក់​ទិន​នឹងការចោទប្រកាន់របស់ប្រទេសលោកខាងលិច ដែលថា កូរ៉េខាងជើង នៅពីក្រោយករណីវាយប្រហារតាមអ៊ីនធឺរណែត ទៅលើក្រុមហ៊ុន Sony ដែលបានផលិត និងបញ្ចាំងខ្សែភាពយន្ដ  រឿង The Interview ជាខ្សែភាពយន្ដនិយាយអំពីមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ phonearena/ recode