ព័ត៌មានដែលប្រើប្រាស់ដើម្បីចូលទៅកាន់ឧបករណ៍របស់ Apple អាចនឹងត្រូវបានគេលួច តាមរយៈហ្វាលអក្សរមួយឃ្លា។
កំហុសឆ្គងខាងលើត្រូវបានរកឃើញដោយក្រុមអ្នកស្រាវជ្រាវមួយរបស់ Cisco នៅលើឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបតិ្ដដែល Apple បានបង្កើតឡើង។ តាមរយៈនេះ ហែកឃើរ (hacker) អាចនឹងចូលទៅកាន់កន្លែងផ្ទុកទន្នន័យសំខាន់ ហើយក្រោយមក លួចយកលេខកូដសម្ងាត់ iPhone, iPad និងកុំព្យូទ័រ Mac ។ល។ ដោយគ្រាន់តែផ្ញើរឱ្យជនរងគ្រោះនូវហ្វាលអក្សរមួយឃ្លាដែលមានផ្ទុកមេរោគ។

Mac, iPhone, iPad ត្រូវការអាបដេតឡើងកំណែថ្មីបំផុត ដើម្បីគេចផុតពីការចូលលួចទិន្នន័យ
អ្នកជំនាញការរបស់ Cisco ឱ្យដឹងថា ដោយការផ្ញើហ្វាលរូបថត TIFF តាមរយៈអ៊ីមេល ឬ MMS ឬមួយដាក់នៅលើគេហទំព័រដែលជនរងគ្រោះអាចចូលបាន សបវ៉ែរជាមេរោគ អាចដំណើរការដោយស្វ័យប្រវត្ត ដែលគេមិនអាចមើលដឹង។ ក្រៅពីការលួចយកទិន្នន័យនៅលើ iOS, Mac OS X, tvOS និង watchOS ហែកឃើរក៏អាចប្រើប្រាស់កំហុសឆ្គងដើម្បីបញ្ជាកុំព្យូទ័រ Mac ពីចម្ងាយបានផងដែរ។
យ៉ាងនេះក្ដី បញ្ហាខាងលើនេះ ត្រូវបាន Apple ដោះស្រាយរួចហើយ តាមរយៈកំណែបន្ទាន់សម័យថ្មីបំផុត។ នៅលើ iPhone, iPad អ្នកប្រើប្រាស់អាចអាបដេតឡើង iOS 9.3.3 ។ ចំណែកកុំព្យូទ័រ Mac El គឺ Capitan 10.11.6, tvOS 9.2.2 និង watchOS 2.2.2។
ប្រភពព័ត៌មានឱ្យដឹងថា កំហុសឆ្គងខាងលើ ស្ដាប់ទៅដូចជាចម្លែក ប៉ុន្តែ វាបានកើតឡើងប្រហាក់ប្រហែលទៅនឹងបញ្ហាដែល Android ធ្លាប់ជួបប្រទះ នៅពេលដែលឧបករណ៍ចំនួន ១ពាន់លានដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិរបស់ Google ប្រឈមនឹងការហែកចូល ដោយគ្រាន់តែប្រើចម្រៀងមួយបទ។
ប្រែសម្រួល ៖ បុត្រា