ការបិទស្កុតលើកាមេរ៉ា និងម៉ៃក្រូហ្វូន MacBook របស់ Mark Zukerberg ប្រហែលជាអាចជួយឱ្យគាត់គេចផុតពីការលួចមើល​ ប៉ុន្តែ នៅតែអាចត្រូវគេលួចស្ដាប់។

កាលពីប៉ុន្មានថ្ងៃមុននេះ ម្ចាស់ Facebook បានបង្ហោះរូបថត​មួយដើម្បីសាទរចំពោះការដែល Instagram  មានអ្នកប្រើប្រាស់ឡើងដល់ ៥០០លាននាក់។ ក្រៅពីពាក្យជូនពរ រូបថតនោះ ក៏ត្រូវបានគេហ្ស៊ូមមើលយ៉ាងលំអិត ហើយត្រូវគេរកឃើញថា កាមេរ៉ា និងរន្ធម៉ៃក្រូហ្វូន នៅលើ MacBook ត្រូវបិទស្កុតពីលើ។

/

ការបិទស្កុតបែបនេះគឺជាវិធីសាមញ្ញមួយជួយការពារអ្នកប្រើប្រាស់។ ក៏ប៉ុន្តែ វិធីនេះ អាចការពារបានតែកាមេរ៉ាប៉ុណ្ណោះ ព្រោះថា ចំពោះការបិទស្កុតលើ​រន្ធស្រូបសម្លេង​ម៉ៃក្រូហ្វូន វាមិនអាចរារាំងសម្លេងចូលទៅកាន់លេបថប​នោះទេ។​

ជាក់ស្ដែង នៅពេលគេយកស្កុតមកបិទលើរន្ធម៉ៃក្រូហ្វូនច្រើនជាន់ ហើយធ្វើការថតសម្លេង ជាលទ្ធផលបង្ហាញថា សម្លេងនៅតែលឺដូចធម្មតា។ ដូច្នេះមានន័យថា ការបិទស្កុតលើរន្ធម៉ៃក្រូហ្វូន គឺមិនមានប្រសិទ្ធភាពនោះទេ។

ដូច្នេះ តើធ្វើបែបណាដើម្បីមិនឱ្យគេលួចស្ដាប់បាន?

ដំបូងអ្នកត្រូវយល់ថា លេបថប ត្រូវបានតភ្ជាប់ជាស្រេចជាមួយនឹងម៉ៃក្រូហ្វូនរបស់វា។ ដូច្នេះ អ្នកត្រូវផ្ដាច់ខ្សែនោះចោល ដើម្បីមិនឱ្យវាស្រូបសម្លេងបាន។ អ្នកមិនអាចដោះម៉ាស៊ីនដើម្បីកាត់ខ្សែនោះបានទេ បែបនេះត្រូវតែប្រើវិធិទីពីរ។

/

បើសិនជាយកចិត្តទុកដាក់ អ្នកនឹងឃើញថា នៅពេលដោតក្បាល jack ចូលទៅក្នុងរន្ធ headphone jack នោះ សម្លេងចេញចូល នឹងលែងមានទៀតហើយ។ ដូច្នេះ អ្នកអាចយកកាសចាស់​មកប្រើបានដោយកាតខ្សែចោល ទុកតែក្បាល jack ហើយដោតចូលរន្ធដោតកាសជាការស្រេច។

ប្រែសម្រួល ៖ បុត្រា