ជាលើកទីពីរក្នុងឆ្នាំ ក្រុមហែកឃើរ (hacker) OurMine បានវាយលុកចូលទៅកាន់គណនីបណ្ដាញសង្គម Pinterest របស់ម្ចាស់ Facebook និងបានប្ដូរផ្លាស់ខ្លឹមសារនៅទីនោះ។
កាលពីថ្ងៃទី ១៥វិច្ឆិកា ត្រង់ចំនុចឧទ្ទេសនាមនៅលើគណនី Pinterest របស់ Zuckerberg បានបង្ហាញនូវឃ្លា ៖ “កុំភ័យ យើងខ្ញុំគ្រាន់តែពិសោធឱ្យដឹងអំពីសមត្ថភាពនៃការការពារសម្ងាត់តែប៉ុណ្ណោះ”។ ក្រុមហែកឃើរ OurMine មិនបានបង្ហើបឱ្យដឹងថា ពួកគេចូលទៅក្នុងគណនីនេះរបស់ម្ចាស់ Facebook បានដោយរបៀបណា។
ក្រុមហែកឃើរនេះ ល្បីឈ្មោះខាងរុករក និងបន្សល់ទុកនូវសារនៅលើគណនីរបស់មនុស្សល្បីឈ្មោះ ដូចជា CEO របស់ Google ឈ្មោះ Sundar Pichai ឬស្ថាបនិករបស់ Uber ឈ្មោះ Travis Kalanick ។ល។ ពួកគេបានឱ្យដឹងថា គោលបំណងនៃការហែកនេះ គឺដើម្បីឱ្យជនរងគ្រោះ ស្វែងរក និងប្រើប្រាស់សេវាការពារការសម្ងាត់របស់ខ្លួន។
CNet ឱ្យដឹងថា OurMine ថែមទាំងបានផ្ញើអ៊ីម៉ែលមកកាន់ទំព័របច្ចេកវិទ្យានេះនូវឈ្មោះ និងលេខកូដសម្ងាត់នៃគណនី Twitter របស់ Zuckerberg បើទោះម្ចាស់ Facebook បានប្រើប្រាស់លេខកូដសម្ងាត់ពីរជាន់ ក្រោយពីមានការហែកចូលលើកទីមួយ។
កាលពីខែមិថុនា OurMine ក៏បានរកឃើញព័ត៌មានសម្រាប់ឡក់អ៊ីនរបស់ Mark Zuckerberg ក្នុងទិន្នន័យដែលបានបែកធ្លាយរបស់បណ្ដាញសង្គម LinkedIn ចាប់ពីឆ្នាំ ២០១២។ ទិន្នន័យនេះ បានជួយឱ្យ OurMine អាចចូលទៅក្នុងគណនី Twitter ក៏ដូចជា Pinterest របស់ Zuckerberg និងបានបង្ហោះសារ ៖ “គណនីត្រូវបានហែកចូលដោយក្រុម OurMine”។
ការរកឃើញរបស់ហែកឃើរបានបង្ហាញថា មេដឹកនាំបណ្ដាញសង្គមធំបំផុតក្នុងពិភពលោក បានធ្វើឱ្យមានកំហុសឆ្គងនៅពេលចូលរួមប្រើប្រាស់អ៊ីនធឺរណែត។ ទីមួយ ម្ចាស់ Facebook បានប្រើប្រាស់លេខកូដសម្ងាត់ដូចគ្នា សម្រាប់គណនីច្រើនផ្សេងៗគ្នា។ ទីពីរ លេខកូដសម្ងាត់របស់ MarkZuckerberg គឺមានភាពសាមញ្ញ ៖ dadada ។
ប្រែសម្រួល ៖ តារាប្រភព ៖ rt