រូបថតចំនួន ២០០.០០០ សន្លឹក ដែលត្រូវបានអ្នកប្រើប្រាស់ផ្ញើតាមរយៈ Snapchat កំពុងតែស្ថិតក្នុងដៃរបស់ក្រុមហែកឃើរ ក្នុងនោះ ក៏មានរូបថតអាក្រាតរាប់ពាន់សន្លឹក។

/

Snapchat ត្រូវ​ហែក​ឃើរ វាយ​ប្រហារ

កាលពីថ្ងៃព្រហស្ដកន្លងទៅ ក្រុម ហែកឃើរ បានប្រកាសនៅលើទំព័រ 4Chan (ជាទំព័រដ៏ល្បីដែលត្រូវបានហែកឃើរ ប្រើប្រាស់សម្រាប់បង្ហើបពីសកម្មភាពរបស់ខ្លួន) ឱ្យដឹងថា ពួកគេកំពុងតែកាន់កាប់ទិន្នន័យដ៏ធំមួយ រួមមានវីដេអូយ៉ាងច្រើន និងរូបថតប្រហែល ២០០.០០០សន្លឹក ដែលអ្នកប្រើប្រាស់បានផ្ញើតាមរយៈ  Snapchat ក្នុងចំណោមនោះ ក៏មានរូបថត រាប់ពាន់សន្លឹក ជារូបថតអាក្រាតកាយ។ ទិន្នន័យទាំងអស់ ត្រូវបានកម្មវិធីសបវ៉ែររបស់ក្រុមទីបី ប្រមូលបាន ក្នុងអំឡុងពេលជាច្រើនឆ្នាំមកនេះ មានសរុបចំនួន 13 GB។

/

សូមបញ្ជាក់ថា Snapchat តែងតែលុបរូបថតចោល នៅប៉ុន្មានវិនាទី បន្ទាប់ពីអ្នកប្រើប្រាស់បានផ្ញើចេញទៅ។ ប៉ុន្ដែ បណ្ដាកម្មវិធីសបវ៉ែររបស់ភាគីទីបី បានអនុញ្ញាតឱ្យមានការថតទុកនូវបណ្ដារូបភាពដែលអ្នកប្រើប្រាស់បានផ្ញើ ឬបានទទួល។ ក្រុមហែកឃើរ បានឱ្យដឹងថា ពួកគេបានចូលលុកលុយក្នុង Snapsave ដែលជាសេវាកម្មមួយ អនុញ្ញាតឱ្យអ្នកប្រើប្រាស់រក្សារូបថតពីសេវាកម្ម Snapchat ។

/

ភាគីខាង Snapchat បានទទួលស្គាល់ថា បញ្ហាខាងលើគឺមានពិត ប៉ុន្ដែ Snapchat បានទម្លាក់កំហុសលើកម្មវិធីសបវ៉ែរនៃភាគីទីបី ដែលបានប្រមូលយកទិន្នន័យទាំងនេះរបស់អ្នកប្រើប្រាស់។

Snapchat បានប្រកាសថា ៖ “យើងអាចបញ្ជាក់បានថា ប្រព័ន្ធរក្សាទិន្នន័យ (Savers) របស់យើង គឺមិនដែលត្រូវគេវាយប្រហារនោះទេ។ បណ្ដាអ្នករងគ្រោះនៃករណីនេះ បានប្រើប្រាស់កម្មវិធីរបស់ភាគីទីបី ដើម្បីផ្ញើ និងទទួល Snaps (ប្រភេទសាររបស់ Snapchat) ជាសកម្មភាពមួយ ត្រូវបានហាមឃាត់ ដែលមានសរសេរនៅក្នុងលក្ខខណ្ឌនៃការប្រើប្រាស់សេវារបស់យើងខ្ញុំ”។

/

Snapchat គឺជាកម្មវិធីផ្ញើ និងទទួលទិន្នន័យ (OTT) មួយ កំពុងពេញនិយមនាបច្ចុប្បន្ន

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្រុមហែកឃើរ ក៏ធ្លាប់បានបញ្ចេញបណ្ដារូបថតអាក្រាតកាយរបស់បណ្ដាតារាល្បីរបស់ Hollywood ដែលថតទាំងនោះត្រូវបានហែកឃើរអះអាងថា ពួកគេយកបានដោយការវាយលុកលើ iCloud របស់ Apple ។ ប៉ុន្ដែ ករណីនេះ Apple បានបដិសេធថា iCloud មិនត្រូវបានគេវាយប្រហារនោះទេ។

width=457

ក្រុមហែកឃើរ ក៏​ធ្លាប់​លួច​បាន​រូប​ថត​អាក្រាត​របស់​តារា​ល្បី​ៗ ពី iCloud

សូមបញ្ជាក់ផងដែរថា Snapchat គឺជាកម្មវិធីផ្ញើ និងទទួលទិន្នន័យ (OTT) មួយ កំពុងពេញនិយមនាបច្ចុប្បន្ន។ យោងតាមការស្រាវជ្រាវកាលពីខែឧសភា ឆ្នាំ ២០១៤ គេឃើញថា មានអ្នកប្រើប្រាស់ចំនួន ៧០០លាននាក់ បានផ្ញើរូបថត និងវីដេអូ តាមរយៈ Snapchat ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail/Mashable