គ្រោះថ្នាក់យន្ដហោះ កើតឡើងបន្តបន្ទាប់ នាពាក់កណ្ដាលដើមឆ្នាំ ២០១៤ ហើយកាលពីថ្ងៃទី ២៦ កន្លងទៅ យន្ដហោះក្រិកមួយគ្រឿងក៏បានធ្លាក់ បណ្ដាលឱ្យករណីធ្លាក់យន្ដហោះ ទាំងយោធា ទាំងស៊ីវិល កើនឡើងថែមមួយកម្រិតទៀត។ ករណីគ្រោះថ្នាក់ធ្លាក់យន្ដហោះ ដែលបានកើតឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលខ្លីនៃឆ្នាំនេះ ក៏នាំឱ្យមានការចោទសួរ អំពីកម្រិតនៃសុវត្ថិភាពក្នុងវិស័យអាកាសចរណ៍។ ប៉ុន្ដែ សមាគមអាកាសចរណ៍អន្តរជាតិ អះអាងថា យន្ដហោះ គឺជាមធ្យោបាយធ្វើដំណើរដែលមានគ្រោះថ្នាក់តិចបំផុត។

/

កាលពីម្សិលមិញ យន្ដហោះឯកជនតូចមួយ បានជួបគ្រោះថ្នាក់ នៅភាគខាងត្បូងប្រទេសក្រិក បណ្ដាលឱ្យមនុស្ស២នាក់បាត់បង់ជីវិត។ ទំព័រ Xinhua ឱ្យដឹងថា យន្ដហោះនេះបានធ្លាក់ បន្ទាប់ពី បានហោះចេញពីក្លឹបអាកាសចរណ៍ក្នុងស្រុកមួយ ក្នុងរដ្ឋ Sparta នៃតំបន់ Peloponnesus ។ សាកសពរបស់ជនរងគ្រោះ ត្រូវបានគេរកឃើញ ប៉ុន្ដែមិនទាន់បានដឹងថា ពួកគេជាជនជាតិអ្វីនោះទេ។ នេះគឺជាគ្រោះថ្នាក់យន្ដហោះទី ៥ ក្នុងរយៈពេលត្រឹមតែជាង ១សប្ដាហ៍។

ជាននេះ គ្រោះថ្នាក់យន្ដហោះ ចាប់តាំងពីដើមឆ្នាំ មកនេះ បណ្ដាលឱ្យសាធារណជនមានការភ័យខ្លាច ជាពិសេស ចំពោះអ្នកដែលត្រូវធ្វើដំណើរតាមយន្ដហោះជាញឹកញាប់។

កាលពីថ្ងៃទី ២៤កក្កដាកន្លងទៅ យន្ដហោះ Boeing MD83 របស់ក្រុមហ៊ុន Air Algerie ដែលដឹកអ្នកដំណើរ ១១៦នាក់ បានបាត់ទំនាក់ទំនង ក្រោយពីហោះចេញពី Burkina Faso ប្រហែល ៥០នាទី។ មន្ដ្រីសមត្ថកិច្ចបានអះអាងថា យន្ដហោះនេះ បានធ្លាក់នៅក្នុងតំបន់ Tilemsi ភាគឦសានប្រទេស Mali ដោយសារតែមានខ្យល់ខ្លាំង។ (Reuters)

/

មុនគ្រោះថ្នាក់ខាងលើតែ ១ថ្ងៃ (២៣កក្កដា) យន្ដហោះ ATR72 របស់ក្រុមហ៊ុនអាកាសចរណ៍ TransAsia Airways ក៏បានធ្លាក់ នៅពេលវាព្យាយាមចុះចត នៅព្រលានយន្ដហោះមួយនៅប្រជុំកោះ Penghu Islands (តៃវ៉ាន់)។ យន្ដហោះនេះ ធ្លាក់លើផ្ទះប្រជាជនមួយចំនួន និងផ្ទុះឆេះខ្ទេច បណ្ដាលឱ្យមនុស្ស ៤៨នាក់ស្លាប់ និង ១០នាក់រងរបួសធ្ងន់។

កាលពីថ្ងៃទី ១៧ កក្កដា Boeing 777 ដែលមានស្លាក់លេខ MH17 របស់ក្រុមហ៊ុន Malaysia Airlines ត្រូវបានបាញ់ទម្លាក់ នៅភាគខាងកើតអ៊ុយក្រែន អំឡុងពេលកំពុងហោះពី Amsterdam ទៅកាន់ Kuala Lumpur ។ អ្នកដំណើរ ២៨៣នាក់ និងអាកាសយានិក ១៥នាក់ បានបាត់បង់ជីវិត។ ករណីនេះ ធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច និងក្រុមបំបែកខ្លួន Ukraine ដែលស្និទ្ធនឹងរុស្ស៊ី ចោទគ្នាទៅវិញទៅមក។

នៅក្នុងរយៈពេល ១សប្ដាហ៍ មានគ្រោះថ្នាក់យន្ដហោះ ដល់ទៅ ៣គ្រឿង នៅលើទ្វីបចំនួន ៣ គឺអាស៊ី អឺរ៉ុប និងអាហ្វ្រិក នាំឱ្យសាធារណជន មានការភ័យព្រួយ។

ក្នុងថ្ងៃទី ១៧ កក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កូរ៉េខាងត្បូង ក៏បានធ្លាក់ចុះ លើទីប្រជុំជនមួយ ក្នុងក្រុង Gwangju ភាគខាងកើតប្រទេស។ មនុស្ស ៥នាក់ នៅលើឧទ្ធម្ភាគចក្រនេះ សុទ្ធតែត្រូវបាត់បង់ជីវិត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់នេះ កំពុងហោះហើរមកកាន់ Gwangju បន្ទាប់ពីចូលរួមស្វែងរកជនរងគ្រោះ ១១នាក់ ដែលបានបាត់ខ្លួន ក្នុងគ្រោះថ្នានក់លិចសាឡាង Sewol ។

/

ឧទ្ធម្ភាគចក្រយោធាកម្ពុជាមួយគ្រឿង ក៏បានរួមចំណែក ធ្វើឱ្យមានការកើនឡើងនៃគ្រោះថ្នាក់យន្ដហោះ។ ឧទ្ធម្ភាគចក្រនេះ បានធ្លាក់ក្នុងខណ្ឌដង្កោ ជាងក្រុងភ្នំពេញ នៅពេលកំពុងធ្វើការហ្វឹកហាត់ កាលពីថ្ងៃទី ១៤កក្កដា។ ករណីនេះ បណ្ដាលឱ្យមនុស្ស ៥នាក់បានស្លាប់ និងម្នាក់រងរបួសធ្ងន់ ក្នុងនោះ ក៏មានមន្ដ្រីយោធាជាន់ខ្ពស់ ២រូបផងដែរ។ នេះគឺជាឧទ្ធម្ភាគចក្រមួយ ក្នុងចំណោម ១២គ្រឿងដែលកម្ពុជា បានទិញពីប្រទេសចិន កាលពីឆ្នាំទៅ។

មុនករណីធ្លាក់ឧទ្ធម្ភាគចក្រកម្ពុជា ១សប្ដាហ៍ (៧កក្កដា) គ្រោះថ្នាក់មួយ ក៏បានកើតឡើង ចំពោះឧទ្ធម្ភាគចក្រ Mi-171 របស់កងយោធាវៀតណាម។ ក្រោយពីបាត់ទំនាក់ទំនង ១៥នាទី បន្ទាប់ពីហោះចេញពី  ព្រលានយន្ដហោះយោធា Hoa Lac Mi-171   ក៏ធ្លាក់នៅលើទឹកដីនៃ​ជាយក្រុង ហាណូយ។ ករណីនេះ បណ្ដាលឱ្យទាហាន ១៩នាក់ស្លាប់ និង ២នាក់រងរបួសធ្ងន់។

កាលពីដើមខែមិនា ពិភពលោកទាំងមូល មានការភ្ញាក់ផ្អើល នៅពេលយន្ដហោះ Boeing 777 (MH370) របស់ក្រុមហ៊ុន Malaysia Airlines បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅលើអាកាស ខណៈវាកំពុងហោះពី Kuala Lumpur ទៅកាន់ក្រុង ប៉េកាំង។ យន្ដហោះដែលដឹកមនុស្ស ២៣៩នាក់នេះ បានបាត់ខ្លួនពីរ៉ាដា នៅពេលហោះពីលើឈូងសមុទ្រថៃ។ យុទ្ធនាការស្វែងរក ត្រូវបានបណ្ដាប្រទេសមកពីជុំវិញពិភពលោក ធ្វើឡើង ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាកំពូលៗបំផុត ប៉ុន្ដែ មកទល់នឹងពេលនេះ MH370 នៅតែស្ថិតក្នុងភាពអាថ៌កំបាំង។

/

ករណីធ្លាក់យន្ដហោះដំបូងគេបង្អស់ ក្នុងឆ្នាំ ២០១៤ (ថ្ងៃទី ១១ កុម្ភៈ) នោះ​គឺយន្ដហោះយោធា Lockheed C-130 Hercules របស់ Algeria ។ យន្ដហោះនេះ បានហោះទៅបុកកំពូលភ្នំមួយ នៅក្នុងខែត្រ Oum El Bouaghi ។ យន្ដហោះនេះ មានផ្ទុកមនុស្ស ៧៨នាក់ ក្នុងនោះមាន ភ្ញៀវ ៧៤នាក់ និងអាកាសយានិក ៤នាក់៕

ប្រែម្រួលដោយ ៖ តារាប្រភព ៖ Reuters/AP/LA Times/Tribwtic/EPA