ព័ត៌មានដែល Nokia កំពុងបន្តផលិតស្មាតហ្វូនប្រើ Android នេះ ត្រូវបានបង្ហើបឲ្យដឹងពី AccountWeibo មួយគឺ Ctechnology។ ប្រភពនេះបានបញ្ជាក់ថា Nokia នៅតែបន្តធ្វើការផលិតទូរស័ព្ទប្រើAndroid ក្នុងពេលកំពុងរង់ចាំ ការទិញលក់ជាមួយ Microsoft ចប់សព្វគ្រប់ជាស្ថាពរ នៅចុងឆ្នាំនេះ។
តាម Ctechnology បានឲ្យដឹងថា បច្ចុប្បន្ន Foxconn បានផលិតសរុបមានចំនួន ១ម៉ឺនគ្រឿង នៃគំរូទូរស័ព្ទ (ពិសោធ) Mountain View សំរាប់ Nokia។ ជាងនេះទៅទៀត គំរោងនេះ កំពុងតែបន្តធ្វើការអភិវឌ្ឍន៍នៅឡើយ ហើយ Foxconn ក៏កំពុងតែផលិតបន្ថែមនូវគំរូទូរស័ព្ទផ្សេងទៀតដល់ Nokia។
គំរូទូរស័ព្ទ Mountain View គឺជាទូរស័ព្ទស៊េរីមធ្យម ដែលបំពាក់នូវ CPU Qualcomm Snapdragon 200 8225Q។ បច្ចុប្បន្ន នៅមិនទាន់មានព័ត៌មានអ្វីផ្សេងទៀត ស្តីពីស៊េរីទូរស័ព្ទថ្មីនេះ របស់ Nokia នៅឡើយទេ។ ជាក់ស្តែង សំរាប់អ្នកបច្ចេកវិទ្យា ការដែល Nokia បាន និងកំពុងធ្វើការពិសោធន៍ និងអភិវឌ្ឍទូរស័ព្ទ Android គឺជាព័ត៌មានដ៏គួរចាប់អារម្មណ៍មួយ ដោយសារតែ អស់រយះពេល ៣ឆ្នាំមកនេះNokia ផលិតតែទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows Phone តែប៉ុណ្ណោះ៕
ដោយ៖ សិលាប្រភព៖ Vreview