តាមរយះការឲ្យដឹងពីខ្សែសង្វាក់ផ្គត់ផ្គង់នៅតៃវ៉ាន់ DigiTimes បានឲ្យយើងដឹងថា Samsung Display នឹង​ជាអ្នកផ្គត់ផ្គង់តែមួយគត់នូវ panel AMOLED ដល់ជំនាន់ iPhone 2017 ហើយពួកគេក៏នឹងអាច ធ្វើការផ្គត់​ផ្គង់បានចំនួន ២០លាន panel ក្នុងមួយខែផងដែរ។ តាមប្រភពដដែល បានបន្ថែមឲ្យដឹងថា Apple នឹង​ដាក់បង្ហាញ iPhone 2017 ដល់ទៅបីម៉ូដែលផ្សេងគ្នាគឺ ម៉ូដែលទំហំអេក្រង់ 4,7-inch, 5,5-inch និង 5,8-inch ហើយក្នុងនោះ ពីរម៉ូដែលដំបូងគេនៅតែប្រើប្រាស់អេក្រង់ LCD ដដែល មានតែម៉ូដែល 5,8-inch ទេ​ដែលប្រើ OLED។ Apple បានរំពឹងទុកមុនថា នឹងលក់ iPhone 5,8-inch បានពី ៦០លាន ទៅ ៧០លាន​គ្រឿង ក្នុងឆ្នាំ២០១៧ ខាងមុខនេះ។

/

(រូបតំណាង)

បើតាមការប៉ាន់ស្មានទុក Apple នឹងចាប់ផ្តើមផលិត iPhone 2017 នូវបរិមាណតិចមួយ នៅក្នុងខែមីនា បន្ទាប់មកនឹងបន្ថែមបរិមាណផលិត នៅក្នុងខែឧសភា និងខែមិថុនា។ នៅមិនទាន់ច្បាស់ថា Samsung Display តែម្នាក់ឯង អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់តម្រូវការអេក្រង់ OLED ដល់ Apple បានឬក៏អត់​នោះទេ? ប៉ុន្តែមុននេះ ធ្លាប់មានព័ត៌មានចចាមអារ៉ាមថា Apple ចង់ស្វែងរកការជួយ​ជ្រោមជ្រែងបន្ថែម​ពីខាង Japan Display ឬក៏ Foxconn ​ផងដែរ៕

 

ប្រែសម្រួល៖ មង្គល ប្រភព៖ DigiTimes, Tinhte