របាយការណ៍ព័ត៌មានមួយ ចេញពីគេហទំព័រចិន ePrice និយាយថា ក្រុមហ៊ុន Sony នឹងបង្ហាញ ស្មាតហ្វូន ទំនើបបំផុតយ៉ាងហោចណាស់ ១ប្រភេទ ប្រចាំឆ្នាំ ២០១៣ នៅខែក្រោយនេះ ដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុន Apple និង Samsung ។
យោងតាមគេហទំព័រដដែល បានឲ្យដឹងថា ស្មាតហ្វូន Sony Xperia Z ដែលគេស្គាល់ច្បាស់ថា Sony Yuga នឹងត្រូវបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែមករា។ ស្មាតហ្វូន Sony Xperia Z គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនថ្មីៗ ដែលមានអេក្រង់ទំហំ ៥អ៉ីញ បង្ហាញរូបភាព ក្នុងទំហំ 1080 x 1920 ភិចសេល ជាមួយដងស៊ីតេ ក្នុងកម្រិតច្បាស់ 441ppi។ លក្ខណៈពិសេសនៃស្មាតហ្វូននេះ ដូចស្មាតហ្វូនកូនកាត់ HTC DROID DNA និង ដូចស្មាត ហ្វូន ទើបមកថ្មីមួយចំនួន ដូចជា TE Grand S ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួន ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ តាំងពិរពណ៍គ្រឿងអេឡិចត្រូនិចលើពិភពលោកប្រចាំឆ្នាំ ២០១៣ (CES)។
ស្មាតហ្វូន Xperia Z ត្រូវបានគេនិយាយថា បំពាក់ quad-core ប្រភេទ Qualcomm Snapdragon S4 Pro APQ8064 processor ល្បឿន 1.5GHz ជាមួយ Adreno 320 GPU និងមាន RAM ទំហំ 2GB ។ មានកាមេរ៉ាខាងខ្នងទំហំ ១៣ម៉េហ្គាភិចសេល និងមានកាត microSD មួយ។ ស្មាតហ្វូន Sony Xperia Z មានភ្ជាប់បណ្តាញ LTE និងដំណើរការដោយប្រព័ន្ធ Android 4.1.2។
ការបង្ហាញទូរស័ព្ទ នៅខែមករា ខាងមុខនេះ ក្រុមហ៊ុន Sony នឹងបង្ហាញស្មាតហ្វូនប្រចាំឆ្នាំ ២០១៣ នៅក្នុងទីផ្សារឲ្យបានមុន វើហ្សិន របស់ Apple iPhone និង Samsung Galaxy S IV បង្ហាញខ្លួន៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល