ប្រឡងជាប់ថ្នាក់ទី ១២ និងមានពិន្ទុគ្រប់គ្រាន់ដើម្បីចូលសិក្សាផ្នែកសង្គមវិទ្យារបស់សកលវិទ្យាល័យជាតិ សឹង្ហបុរី កាលពី ៦ឆ្នាំមុន ប៉ុន្ដែនារីដ៏ស្រស់ស្អាត Chelsea Wan បែរជានៅផ្ទះ ជួយពុកម្ដាយ ចិញ្ចឹមកង្កែបទៅវិញ។
Chelsea Wan កំពុងថ្នាក់ថ្នាំកង្កែបក្នុងកសិដ្ឋានរបស់ខ្លួន
កសិដ្ឋានចិញ្ចឹមសត្វកង្កែប មានឈ្មោះថា Jurong មានទំហំ ១,២ហិចតា ត្រូវបានពុករបស់នាង Chelsea Wan ដែលជាវិស្វករផ្នែកអណ្ដូងប្រេង បង្កើតឡើងតាំងពីឆ្នាំ ១៩៧០ នៅពេលដែលរដ្ឋាភិបាលចាប់ផ្ដើមបំបាត់ចោលនូវកសិដ្ឋានចិញ្ចឹមជ្រូក ហើយស្នើឱ្យចិញ្ចឹមអ្វីផ្សេងដែលសមស្របនឹងកត្ដាអនាម័យបរិស្ថាន និងស្ថានភាពដីធ្លីរបស់ សឹង្ហបុរី។នៅក្នុងកិច្ចសម្ភាសមួយជាមួយទំព័រ The Sunday Times នាង Chelsea Wan ឱ្យដឹងថា ដំណាក់កាលដំបូងនៃការរកស៊ីរបស់ពុកនាង គឺមិនទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ដើម្បីរស់នៅបានសមរម្យនោះទេ ដោយសារសាច់កង្កែប មិនមែនជាអាហារសំខាន់ក្នុងទីផ្សារ។ ឆ្នាំ ១៩៩៩ គ្រួសារនាង ក៏ចាប់ផ្ដើមងាក់មកលក់បំពង់នាំពង ( frog fallopian tubes) របស់កង្កែប (គ្រឿងក្នុងរបស់កង្កែប) ដែលត្រូវគេហៅថា Harsmar ឬ Hashima ហើយត្រូវចាត់ទុកជាបង្អែមដ៏មានជីវជាតិ ដែលត្រូវបានជនជាតិ សឹង្ហបុរី ក៏ដូចជាប្រជាជន អាស៊ីចូលចិត្ត ប៉ុន្ដែកាលណោះ អាហារប្រភេទនេះ ត្រូវបានសឹង្ហបុរី នាំចូលពីប្រទេសចិន។
កសិដ្ឋានចិញ្ចឹមកង្កែប
កាលពី ៦ឆ្នាំមុន បន្ទាប់ពីសម្រាកពីការសិក្សាChelsea Wan បានចំណាយពេល ឧទ្ទេសនាម និងបញ្ចុះបញ្ចូលម្ចាស់ហាងថ្នាំបុរាណនានា ឱ្យជួយទទួលយកផលិតផល Hashima ស្ងួតរបស់នាងទៅលក់។ ដំបូងឡើង ហាងថ្នាំបុរាណជាច្រើនបានបដិសេធ ប៉ុន្ដែនេះមិនមែនជាឧបសគ្គដែលធ្វើឱ្យនាងរាថយនោះទេ។ ការដើរឃោសនា នៅជុំទីបី នាងក៏ទទួលបានជោគជ័យ ដោយមានហាងថ្នាំចំនួន ១៥ ទទួលទិញ ក្រោមរូបភាពផ្ញើលក់។ ប៉ុន្ដែ រហូតដល់ឆ្នាំ ២០១១ ក្រោយពីបានដើរឃោសនាជាច្រើនលើក Chelsea Wan ក៏ចាប់ផ្ដើមទទួលបានការបញ្ជាទិញ ដោយដំបូងគឺបណ្ដាហាងថ្នាំបុរាណ បន្ទាប់មក គឺបណ្ដាភោជ្ជនិយដ្ឋាន ដែលអតិថិជន ធ្លាប់សាកល្បងទទួលទាន។
ទំព័រ The Sunday Times បានចុះផ្សាយថា កាលពីមុន បណ្ដាហាងថ្នាំបុរាណ និងភោជ្ជនិយដ្ឋាននានានៅលើកោះ សឹង្ហបុរី ដែលនាំចូល Hashima ពីប្រទេសចិន ពេលនេះ ពួកគេបានងាកមកទិញទំនិញដែលផលិតនៅសឹង្ហបុរី ដោយសារតែអ្នកផ្គត់ផ្គត់ចិន តម្លើងតម្លៃខ្ពស់ និងពេលខ្លះ មិនមានគុណភាពល្អ។លោក Amos Pech ម្ចាស់ហាងថ្នាំបុរាណ Nam Huat Lee នៅតំបន់ Nam Huat Lee ភាគពាយ័ព្យ របស់សឹង្ហបុរី ឱ្យដឹងថា Hashima ៨០% របស់ហាងគាត់ គឺ “made in Singapore” ។ កាលពីឆ្នាំទៅ Hashima 37,5g មានតម្លៃកើនឡើងពី ៧០ ទៅ ១០០ SGD ខណៈដែល Hashima របស់កសិដ្ឋាន Jurong មានតម្លៃត្រឹមតែពី ៤០ ទៅ ៦០ SGD ។
ផលិតផលដែលបានលក់ចេញរបស់ កសិដ្ឋានចិញ្ចឹមកង្កែប Jurong ក្នុងឆ្នាំកន្លងទៅ មានចំនួន ៥,០០០ប្រអប់ ក្នុងនោះ Hashima ស្ងួត ២,០០០ប្រអប់ និង Hashima ឆ្អិន ចំនួន ៣,០០០ប្រអប់។ យោងតាមគម្រោង Hashima ឆ្អិន នឹងមានវត្តមាននៅផ្សារទំនើប Fairprice នាចុងឆ្នាំនេះ។
Chelsea Wan បានឱ្យដឹងបន្ថែមថា គ្រួសារនាងកំពុងបង្កើនផលិតកម្ម Hashima ដែលមានជាតិស្ករតិច ទន្ទឹមនឹងនេះ ក៏នឹងពង្រីកផ្ទៃដី និងបង្កើនការចិញ្ចឹមកង្កែបផងដែរ។ បច្ចុប្បន្ន ការងាររបស់ Chelsea Wan គឺមើលថែកសិដ្ឋាន ទទួលការបញ្ជាទិញ ហើយជួនកាល នាងថែមទាំងជួយលាត់ស្បែកកង្កែប និងប្រមូលបំពង់នាំពង របស់កង្កែបទៀតផង។ Chelsea Wan បង្ហើបឱ្យដឹងថា ពុកនាង បានឱ្យប្រាក់ខែនាង ៣,០០០ SGD ក្នុងមួយខែ ទាបជាងបន្ដិច ធៀបនឹងវិស្វករដែលទើបបញ្ចប់ការសិក្សា ប៉ុន្ដែជំនួសមកវិញ នាងមានពេលច្រើនដើម្បីធ្វើអ្វីដែលខ្លួនចូលចិត្ត ដូចជាដាំដំឡូងជ្វា ឬចិញ្ចឹមត្រី tilapia ។ល។
ដោយ ៖ តារាប្រភព ៖ firstpost/ asiaone