(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី ឬហៅថា (MOH) កំពុងធ្វើការងារ សកម្មភាពយ៉ាងសកម្ម ក្នុងការធ្វើតេស្ដលើប្រជាជន រស់នៅក្នុងតំបន់ ដែលមានអាត្រាឆ្លងកម្រិតខ្ពស់នៃវីរុស Zika បន្ទាប់ពីចំនួនអ្នកឆ្លងវីរុសមួយនេះ ត្រូវបានគេរាយការណ៍ថា បានកើនឡើងដល់ទៅ៤១នាក់។ នេះបើយោងតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀល ថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។

MOH បានអះអាងថា ករណីឆ្លងវីរុស Zika បានកើនដល់៤១ករណី ហើយក្នុងនោះមនុស្ស ៣៤នាក់ បានជា សះស្បើយ ខណៈមនុស្ស៧នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ Tan Tock Hospital។ ការអះអាងនេះ ធ្វើឡើងក្រោយពី MOH និង ទីភ្នាក់ងារជាតិគាំពារបរិស្ថាន ឬហៅថា NEA បានឱ្យដឹងពីករណីឆ្លងវីរុស Zika ជាលើកដំបូង នៅក្នុងទឹកដី ប្រទេសអាស៊ាននេះ ដែលបានកើត លើស្រ្តីជាជនជាតិម៉ាឡេស៊ីម្នាក់ មានអាយុ៤៧ឆ្នំា រស់នៅតំបន់ 102 Aljunied Crescent ហើយ ស្រ្តីរូបនេះគឺជាស្រ្តីតែម្នាក់គត់ ក្នុងចំណោមអ្នកឆ្លងទំាង៤១ករណី។

MOH និង NEA ក៏បានឱ្យដឹងដែរថា អ្នកឆ្លងទំាង ៤១នាក់ ជាអ្នករស់នៅ ឬ ជាអ្នកធ្វើការងារនៅក្នុងតំបន់ Ajunied Crescent ឬក៏ តំបន់ Sims Drive។ ពួកគេទំាងនេះមិនធ្លាប់បានធ្វើដំណើរទៅកាន់ តំបន់ឆ្លង វីរុស Zika នោះទេ ដូច្នេះទើបអជ្ញាធរកំពុងសង្ស័យថា វីរុស Zika ទំនងជាអាចផ្ទុះឡើងនៅក្នុងប្រទេស សិង្ហបុរី។

ដោយឡែក បើគេមិនរាប់បញ្ចូល សេចក្ដីរាយការណ៍ពី ករណីឆ្លងដំបូងទេនោះ មនុស្ស ៣៦នាក់ ដែលបានឆ្លងវីរុស Zika គឺជា ពលករបរទេសបម្រើការ នៅឯការដ្ឋានសាងសង់ មួយកន្លែង ក្នុងតំបន់ 60 Sims Drives ចំណែកឯ មនុស្សបួននាក់ផ្សេងទៀត ជាជនជាតិសិង្ហបុរី មានអាយុចន្លោះពី ២១ ទៅ ៦៥ឆ្នំា។

គួរបញ្ជាក់ថាក្រៅពីសិង្ហបុរី ប្រទេស៥៧ ផ្សេងទៀត ក៏បានកើតមានផងដែរនូវ ករណីឆ្លងវីរុស Zika នៅ ក្នុងតំបន់ពួកគេផ្ទាល់ ពោលគឺត្រូវបានមិននំាចូលពី ក្រៅប្រទេសឡើយ។ កាលពីខែឧសភា បុរសសិង្ហបុរី វ័យ៤៨ឆ្នាំម្នាក់ បានឆ្លងវីរុស Zika បន្ទាប់ពីរូបលោកត្រឡប់ មកពីប្រទេស ប្រេស៊ីលវិញ ជាទីដែលវីរុស មួយនេះរីករាលដាលយ៉ាងខ្លំាង ហើយវាក៏ជាករណីឆ្លងវីរុស Zika ដំបូងក្នុងប្រទេស សិង្ហបុរីដែរ៕

/

ប្រភព​ ៖ ស៊ិនហួរ/ប៊ីប៊ីស៊ី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី