បើតាមប្រភពឯកសារពីក្រុមហ៊ុនវិភាគ Strategy Analytics ដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា បរិមាណលក់ទូរស័ព្ទប្រើ Windows Phone នៅក្នុងត្រីមាសទី៣ នេះ បានកើនឡើងដល់ជាង ២៧៥% បើប្រៀបជាមួយ ត្រីមាសដូចគ្នា កាលពីឆ្នាំមុន។
Windows Phone បានរក្សាបានតំណែងលេខរៀងទី៣ នៅក្នុងក្រុមប្រព័ន្ធប្រតិបត្តិការ Mobile ដែលពេញនិយមបំផុត ពេលបច្ចុប្បន្ននេះ ក្នុងរយះពេលដ៏យូរគួរសមមួយ។ ជាក់ស្តែង ដើម្បីដើរទាន់គូប្រជែងដូចជា Android និង iOS គឺ Windows Phone នៅមានរឿងជាច្រើនទៀត ដែលត្រូវធ្វើនៅពេលខាងមុខ។
តាមរបាយការណ៍ពីក្រុមហ៊ុនវិភាគហិរញ្ញវត្ថុ Strategy Analytics បានឲ្យដឹងថា Windows Phone បានកើនឡើងទីផ្សារភាគហ៊ុន របស់ខ្លួន ទ្វេដង នៅក្នុងត្រីមាសទី៣ កន្លងទៅនេះ ហើយទន្ទឹមនឹងនោះ បានក្លាយទៅជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ដែលមានការអភិវឌ្ឍន៍ លឿនជាងគេបំផុត នៅលើពិភពលោកផងដែរ។
ធ្វើដូចម្តេចដើម្បីឲ្យ Microsoft និងបណ្តាដៃគូសហការ អាចធ្វើបានរឿងនេះ? នោះគឺមកពី ការលក់ស្មាតហ្វូន Windows Phone សរុបទាំងអស់បានចំនួន ១០,២ លានគ្រឿង នៅក្នុងត្រីមាសទី៣ នៅឆ្នាំនេះ។ នេះគឺជាលើកទីមួយហើយ ដែលទូរស័ព្ទ Windows Phone អាចលក់បានក្នុងកំរិតចំនួនដ៏ច្រើនដូច្នេះ នៅក្នុងមួយត្រីមាស ក្នុងពេលដែល កាលពីត្រីមាសទី៣ ឆ្នាំ២០១២ ខ្លួនលក់បានតែចំនួន ៣,៧លានគ្រឿង តែប៉ុណ្ណោះ។
បើតាមឯកសារពីបណ្តាញផ្សាយពាណិជ្ជកម្ម AdDuplex គឺ Nokia ដណ្តើមបានជិត 90% នៃទីផ្សារភាគហ៊ុន Window Phone នៅលើទីផ្សារ។ ជាក់ស្តែង Nokia លក់ស្មាតហ្វូន Nokia Lumia បានសរុបទាំងអស់ជាង ៨,៨ លានគ្រឿង កាលពីត្រីមាសទី៣ ទើបតែកន្លងទៅថ្មីៗនេះ ហើយទីផ្សារភាគហ៊ុនរបស់ Window Phone ក៏បានកើនឡើងពីចំនួន ២% ទៅ ៤% ផងដែរ៕
ប្រែសម្រួល៖ សិលាប្រភព៖ Vreview