ផ្ទះមួយខ្នងដែលមានទំហំ ៩០ម៉ែត្រក្រឡា មានតម្លៃឡើងដល់ ៩៤០,០០០ដុល្លារអាមេរិក ខណៈ ដែលលិខិតអនុញ្ញាតចរាចររថយន្ដ មានតម្លៃជិត ៥៧,០០០ដុល្លារអាមេរិក បណ្ដាលឱ្យក្រុមយុវវ័យ សឹង្ហបុរី មានការព្រួយបារម្ភអំពីលទ្ធភាពចំណាយរបស់ពួកគេ ប្រសិនពួកគេត្រូវចេញពីពុកម្ដាយ។

width=433

ការដែលត្រូវចំណាយច្រើន នៅសឹង្ហបុរី ដែលជាប្រទេសអ្នកមានមួយក្នុងពិភពលោក កំពុង​តែ​ក្លាយ​ជាក្ដីបារម្ភធំ​ របស់យុវវ័យនៃប្រទេសនេះ នេះបើតាមការស្រាវជ្រាវរបស់សាលាសឹង្ហាបុរី Polytechnic ។ សាលានេះបានធ្វើការស្រាវជ្រាវទៅលើយុវវ័យ សឹង្ហាបុរី ចំនួន ៨០០នាក់ ដែលមាន​អាយុចាប់ពី ១៥ ទៅ ៣៥ឆ្នាំ និងបានរកឃើញថា ជិត ១០០% នៃពួកគេ ប្រាប់ថា បញ្ហាហិរញ្ញវត្ថុ គឺជាក្ដីបារម្ភធំបំផុតមួយក្នុងចំណោមបី របស់ពួកគេ។ បញ្ហានៅសល់ គឺការទំនាក់ទំនងក្នុងគ្រួសារ និងតុល្យភាពការងារ នឹងជីវិតរស់នៅ។ ពួកគេស្ទើរតែទាំងអស់ មានសង្ឃឹមថា ថ្លៃទំនិញ និងសេវាកម្មសាធារណៈនៅ សឹង្ហបុរី នឹងចុះទាបជាងនេះ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ការស្រាវជ្រាវថ្មីៗនេះ របស់អង្គការ Expatistan បានឱ្យដឹងថា សឹង្ហបុរី ជាប់ចំណាត់ថ្នាក់ទី ៧ ក្នុង​កំពូលនៃទីក្រុងថ្លៃបំផុតក្នុងពិភពលោក។ តម្លៃអចលនទ្រព្យនៃប្រទេសនេះ ក៏ស្ថិតក្នុង top ១០ ផងដែរ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនសវនកម្ម PwC ។

ប្រភពផ្គត់ផ្គង់មានកំណត់ បានបណ្ដាលឱ្យតម្លៃផ្ទះ នៅប្រទេសនេះ កើនឡើង ៦០% ​  ក្នុងរយៈពេល ៥ឆ្នាំកន្លង។ ផ្ទះមួយខ្នងដែលមានទំហំជាង  ៩០ម៉ែត្រក្រឡា   មានតម្លៃជាមធ្យម ចាប់ពី ៧៨៤,០០០ ទៅ ៩៤០,០០០ ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះ   តម្លៃរថយន្ដក៏ជាប្រភេទទំនិញថ្លៃកប់ពពក ដោយសារតែលិខិតអនុញ្ញាតឱ្យចរាចរ មានតម្លៃថ្លៃ។ កាលពីដើមខែនេះ​ ប្រភេទលិខិត​​អនុញ្ញាតឱ្យចរាចរ ដែលមានសុពលភាព ត្រឹម​ ១០ឆ្នាំ ត្រូវបានលក់ក្នុងតម្លៃជិត ៥៧,០០០ដុល្លារអាមេរិក នេះបើយោងតាមគេហទំព័រ Onemotoring.com ។ដូច្នេះ យុវវ័យសឹង្ហបុរី ពិតជាមានការព្រួយបារម្ភ ថា តើពួកគេអាចមានលទ្ធភាពចំណាយទៅ​លើ​ជីវភាពដ៏ថ្លៃហួសហេតុនេះដែរ ឬអត់ ប្រសិនពួកគេត្រូវបែកចេញពីគ្រួសារ។ Firdaus Sukiman អាយុ ២១ឆ្នាំ រៀនផង  ធ្វើការក្នុងហាងកាហ្វេផង  ឱ្យដឹងថា ៖  “ខ្ញុំមានអារម្មណ៍ថា  ដូចកំពុងរងសម្ពាធធ្ងន់។  ខ្ញុំធ្វើការបន្ថែម  គឺមិនមែនដោយសារខ្វះខាតរបស់ចាំបាច់នោះទេ តែគឺដើម្បីបាន​សប្បាយនឹងជីវភាព ព្រោះថា ស្រា ស្របៀរនៅសឹង្ហបុរី មានតម្លៃថ្លៃខ្លាំងណាស់”។ចំណែក Bobby Chen អ្នកជំនួញអាយុ ៣១ឆ្នាំ ជនជាតិសឹង្ហបុរី ឱ្យដឹងថា មិត្តភ័ក្ដិស្ទើរតែទាំងអស់របស់គាត់   សុទ្ធតែរស់នៅជាមួយពុកម្ដាយ  ដោយសារមិនអាចរកបានប្រាក់គ្រប់គ្រាន់ ដើម្បីចំណាយទៅលើជីវភាពឯករាជ។ Bobby Chen បានប្រាប់ទំព័រ CNBC ថា ៖ “សឹង្ហបុរី គឺជាប្រទេសតូចមួយ ហើយសូម្បីតែការជួលក៏មានតម្លៃថ្លៃ។ ដូច្នេះ ការរស់នៅជាមួយពុកម្ដាយ ក៏ជាវិធីសំចៃមួយ។ លើកលែងតែ អ្នកជាមនុស្សជោគជ័យខ្លាំង មិនដូច្នោះទេ វាពិតជាពិបាក ក្នុង​ការទិញយកផ្ទះមួយខ្នង ពេលនៅក្មេង”។

width=451

តម្លៃផ្ទះនៅ សឹង្ហបុរី បានកើនឡើង ៦០% ក្នុងរយៈពេល ៥ឆ្នាំមកនេះ (រូប ៖ Bloomberg)

ចំពោះ Firdaus ការទិញផ្ទះមួយខ្នងសម្រាប់ខ្លួនឯង គឺជាប្រការមួយដែលហាក់ដូចជា នៅសែនឆ្ងាយ។ ចំណែកការទិញរថយន្ដវិញ វាគឺជារឿងស្រមៃ។ Firdaus ថ្លែងថា ៖ “គ្រួសាររបស់ខ្ញុំ សុខចិត្ត​ប្រើប្រាស់មធ្យោបាយសាធារណៈ ជាជាងការទិញរថយន្ដ”។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ធ្វើការឱ្យ Facebook មិនយូរប៉ុន្មាន ក៏ក្លាយជា មហាសេដ្ឋីនី ក្មេងបំផុត​​នៅ អាមេរិក

គ្រួសារលោក Obama ធ្វើនំ សម្រាប់ជនអនាថា ក្នុងថ្ងៃបុណ្យជាតិ

រកចំណូលកន្លះលានដុល្លារ ក្នុងមួយឆ្នាំៗ ដោយគ្រាន់តែដើរទិញ អីវ៉ាន់

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ CNBC