រូបភាពបង្ហាញអំពីដុំពន្លឺដ៏អាថ៌កំបាំងនៅលើភពព្រះអង្គារ ដែល Curiousity របស់ NASA ថតបានកាលពីអំឡុងពេលចុងក្រោយនេះ បានធ្វើឱ្យមានការវែកញែកថ្មី ស្ដីអំពីជីវិត នៅលើភពក្រហមនេះ។

ទំព័រ Daily Express របស់អង់គ្លេស ដកស្រង់សំដីរបស់ Scott Waring ជា blogger ជំនាញខាងសរសេរអំពី UFO អធិប្បាយអំពីរូបភាពនេះថា ៖ “រូបថតនេះ បង្ហាញថា មានជីវិតមួយប្រភេទ ប្រកបដោយភាពឆ្លាតវៃ នៅក្រោមដីនៃភពព្រះអង្គារ ហើយពួកគេប្រើប្រាស់ពន្លឺដូចមនុស្ស។ នេះមិនមែនជាពន្លឺព្រះអាទិត្យ ហើយក៏មិនមែនជាកំហុសនៃការលាងរូបថតនោះដែរ។ ចូរពិនិត្យទៅលើផ្នែកខាងក្រោមនៃដុំពន្លឺ វាមានផ្ទៃរៀបស្មើ បញ្ជាក់បាន ១០០% ថា វាគឺជាពន្លឺដែលត្រូវបានបង្កើតឡើងពីផ្ទៃដី”។យ៉ាងនេះក្ដី ទីភ្នាក់ងារអវកាស NASA មកដល់ពេលនេះ មិនទាន់បានបញ្ចេញការអធិប្បាយណាមួយ អំពីដុំពន្លឺនៅក្នុងរូបដែលថតបានមួយនេះ។ ចាប់តាំងពីខែសីហា ឆ្នាំ ២០១២ NASA បានបញ្ជូន robot ស្រាវជ្រាវស្វ័យប្រវត្ត ដែលមានឈ្មោះថា Curiousity ឡើងទៅភពអង្គារ ហើយ robot នេះ បានរកឃើញប្រការថ្មីៗ នៅលើភពនេះ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០១២ ទិន្នន័យរបស់ SAM (ឧបករណ៍ស្វែងរកជីវិត របស់ robot Curiousity) និង Curiousity ផ្ទាល់ ក៏បានរកឃើញភ័ស្ដុតាង បញ្ជាក់ថា នៅលើភពអង្គារ ពិតជាមានទឹក។បណ្ឌិត Jennifer Eigenbrode អ្នកវិទ្យាសាស្ដ្រមកពី NASA បានឱ្យដឹងថា ៖ “ខ្ញុំយល់ថា កន្លែងល្អបំផុត ដើម្បីស្វែងរកសញ្ញានៃជីវិតក្រៅផែនដី គឺក្នុងស្រទាប់ថ្ម និង ដី ដែលត្រូវបានការពារពីរលកវិទ្យុសកម្ម ion ដែលកើតឡើងជាញឹកញាប់ នៅលើផ្ទៃរបស់ភពអង្គារ។ ការស្វែងរកសញ្ញានៃជីវិតបាក់តេរី ក៏ដូចជាភ័ស្ដុតាង បញ្ជាក់អំពីប្រការនេះ គឺពឹងផ្អែកទៅលើគុណភាពនៃអ្វីដែលត្រូវបានរកឃើញមុននេះ”។

បណ្ឌិត Eigenbrode ថ្លែងថា ៖ “លើកនេះ យើងប្រហែលជាអាចរកឃើញតម្រុយថ្មីអំពីជីវិត នៅខាងក្រោមស្រទាប់នៃផ្ទៃដីរបស់ភពអង្គារ”។ នៅពេលខាងមុខ Curiousity នឹងធ្វើការពិសោធស៊ីជម្រៅ ព្រមទាំងជីកជ្រៅទៅក្នុងស្រទាប់ដី និងថ្ម នៅលើភពក្រហមនេះ ដើម្បីរុករកជីវិត ដែលអាចមាននៅទីនេះ។
ដោយ ៖ តារាប្រភព ៖ Express