(អវកាស)៖ ប្រហោងខ្មៅ ឬ Black Hole ពិតជាវត្ថុអវកាស ដែលស្ថិតនៅឆ្ងាយសែនឆ្ងាយ ហើយមាន​ទាំងនៅក្នុង កាឡាក់ស៊ីមាលគីវេយ៍ របស់យើងនឹងនៅកាឡាក់ស៊ីធំៗ ផ្សេងទៀត នៅក្នុងចក្រវាឡនេះ ក៏ប៉ុន្តែជាច្រើនឆ្នាំមកហើយ នៅតែមិនទាន់អាចកំណត់រូបភាព ឲ្យបានច្បាស់លាស់ ថាវាជាអ្វី និងមាន​អំណាចពិប្រាកដដូម្តេចឡើយ។ នេះបើតាមការចេញផ្សាយ ដោយ CNN នៅថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ​ប្រហោងខ្មៅ ដែលធំជាងអ្វីដែលគេធ្លាប់បាន រំពឹងទុកកាលពីមុនទៅទៀត។ ប្រហោងខ្មៅនេះ ត្រូវបានកែវយឺតយក្ស ចាប់បាននៅចំកណ្តាល កាឡាក់ស៊ីមួយមានឈ្មោះថា SAGE0536AGN ស្ថិតនៅចម្ងាយ ២ពាន់ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង ៩,៤៦១ ពាន់ពាន់លានគីឡូម៉ែត្រ) ពីភពផែនដីយើង ហើយអ្នកវិទ្យាសាស្ត្រ​បានគណនាថា កាឡាក់ស៊ី នេះយ៉ាងហោចណាស់​ក៏មានអាយុកាល ៩ពាន់លានឆ្នាំដែរ។

ដោយសារតែកាឡាក់ស៊ី SAGE0536AGN មានទំហំធំដែរ ដូច្នេះប្រហោងខ្មៅរបស់វា ត្រូវបានគេ មើលឃើញថា មានទំហំធំលើសបីដង ដែលអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មាន​កន្លងមក។ តាមការ អះអាងរបស់អង្គការ NASA ប្រហោងខ្មៅដ៏ធំអស្ចារ្យនេះ មានទំហំស្មើនឹងព្រះអាទិត្យ របស់យើង ៣៥០,០០០,០០០ ដង។

គួរបញ្ជាក់ថា កាឡាក់ស៊ី SAGE0536AGN អាចជាកាឡាក់ស៊ី​ដ៏ចំលែកមួយក៏ថាបាន ព្រោះវា ហាក់មិនដូចទៅនឹងកាឡាក់ស៊ី នានាឡើយ។ ដូច្នេះអ្វីៗ កំពុងតែរង់ចាំការសិក្សា ស្វែងយល់បន្ថែមទៀត៕

/

ប្រភព ៖ ស៊ីអិនអិន

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង