ទីភ្នាក់ងារ NASA ទើបតែបានផ្ដល់កិច្ចសន្យាតម្លៃ ៥,១លានដុល្លារអាមេរិកឱ្យក្រុមហ៊ុនមួយ នៅ Tucson ដើម្បីអភិវឌ្ឍប្រព័ន្ធចម្រោះទឹកនោមឱ្យទៅជាទឹកសុទ្ធសម្រាប់ក្រុមអវកាសចរ។
គេបានដឹងថា បច្ចុប្បន្ន នៅលើស្ថានីយអវកាសអន្តរជាតិ មានប្រព័ន្ធចម្រោះទឹកចំនួនពីរដែលមានទំហំប្រហែលនឹងទូរទឹកកក។ ប្រព័ន្ធនេះមានតួនាទីចម្រោះទឹកនោម ឱ្យទៅជាទឹកសុទ្ធដែលអាចផឹកបាន។ ដើមឡើយ អ្នកអវកាសនៅលើស្ថានិយអវកាសអត្តរជាតិត្រូវប្រើប្រាស់ទឹកដែលបញ្ជូនពីផែនដី។
ប្រព័ន្ធចម្រោះទឹកខាងលើ ត្រូវបានដំឡើងកាលពីឆ្នាំ ២០០៨ ដោយវាអាចផ្គត់ផ្គង់ទឹកប្រហែល ៣គីបក្នុងមួយឆ្នាំ ជួយកាត់បន្ថយការបញ្ជូនទឹកពីផែនដី ប្រមាណជា ៦៥%។ ប៉ុន្តែ មកដល់ពេលនេះ ប្រព័ន្ធចម្រោះទឹកនោះបានចាស់ ហើយវាត្រូវការផ្លាស់ប្ដូរថ្មី។ ទន្ទឹមនឹងនេះ វាក៏អាចច្រោះបានត្រឹមតែ ៩៣% ប៉ុណ្ណោះ ធៀបនឹងទឹកនោមដែលត្រូវច្រោះ។
ប្រព័ន្ធចម្រោះទឹកនោមដែល NASA បានប្រគល់ឱ្យក្រុមហ៊ុន Paragon Space Development (PSD) ជាអ្នកផលិតនោះ មានតម្លៃ ជាង ៥លានដុល្លារអាមេរិក ហើយវានឹងអាចច្រោះបាន ៩៤%។ បើទោះជាវាលើសគ្នាតែ ១% ប៉ុន្ដែ វាមានភាពខុសគ្នាយ៉ាងច្រើន។ រាល់ដំណក់ទឹកស្អាតនៅលើអវកាស សុទ្ធតែមានតម្លៃខ្ពស់ ព្រោះថា វាជួយឱ្យអ្នកអវកាសអាចបន្តបេសកកម្មបានយូរអង្វែងសម្រាប់ស្រាវជា្រវ និងដើម្បីកាត់បន្ថយការដឹកជញ្ជូនទឹកពីផែនដីដែលមានតម្លៃថ្លៃដូចមាស។
តាមគម្រោង ប្រព័ន្ធចម្រោះទឹកនោមទៅជាទឹកស្អាតរបស់ក្រុមហ៊ុន Paragon Space Development នឹងត្រូវរួចរាល់នៅឆ្នាំ ២០១៨។ ដូច្នេះចាប់ពីពេលនេះ ដល់ឆ្នាំ ២០១៨ ក្រុមហ៊ុន Paragon Space Development ត្រូវតែធ្វើការសាកល្បងជាច្រើនលើក មុននឹងយកទៅដំឡើងនៅស្ថានិយអវកាសអន្តរជាតិ។
សូមបញ្ជាក់ថា ការដែល NASA ផ្ទល់ប្រព័ន្ធចម្រោះទឹកនោមទៅឱ្យអ្នកអវកាសនេះ ត្រូវបានធ្វើឡើងខណៈដែលទីភ្នាក់ងារនេះកំពុងត្រៀមខ្លួនសម្រាប់បេសកកម្មបីឆ្នាំទៅកាន់ភពព្រះអង្គារ និងបណ្ដាបេសកកម្មអវកាសនានា ក្នុងពេលអនាគតរបស់មនុស្ស។
ប្រែសម្រួល ៖ បុត្រា