នៅតំបន់សមុទ្រខ្សាច់ Utah ម៉ាស៊ីនកាំជ្រួចដែលមានកម្លាំងខ្លាំងបំផុតក្នុងលោក ត្រូវបានគេសាកល្បងដោយជោគជ័យ។ នេះគឺជាផ្នែកសំខាន់បំផុតនៃប្រព័ន្ធបាញ់បង្ហោះកាំជ្រួចរបស់NASA ។
នេះគឺជាការសាកល្បងលើកចុងក្រោយរបស់ប្រព័ន្ធរុញច្រានយានអវកាស SLS ដែលនឹងនាំយានអវកាសគ្មានមនុស្សបើក Orion របស់ NASA ហោះហើរសាកល្បងនៅឆ្នាំ ២០១៨។ នេះក៏ជាព្រឹត្តិការសំខាន់មួយរបស់ទីភ្នាក់ងារអវកាសនេះ នៅក្នុងបេសកកម្មឡើងទៅកាន់ភពព្រះអង្គាររបស់ខ្លួន នាពេលអនាគត។
ម៉ាស៊ីនត្រូវបានសាកល្បងក្នុងស្ថានភាពត្រជាក់ ចុះដល់ ៤អង្សាសេ។ នៅពេលបញ្ឆេះ ម៉ាស៊ីននេះ មានកំដៅឡើងដល់ ៣០០០អង្សាសេ។ ម៉ាស៊ីនេះ បាននាំមកនូវដំណឹងដ៏អស្ចារ្យសម្រាប់ NASA ក្នុងការត្រៀមខ្លួនដើម្បីបាញ់បង្ហោះយានអវកាស Orion នៅចុងឆ្នាំ ២០១៨។
បច្ចុប្បន្ន ម៉ាស៊ីននេះ អាចរុញច្រានទម្ងន់បាន ៧៧តោន។ ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងតែរិះរកវិធី ដើម្បីឱ្យវាអាចរុញច្រានទម្ងន់ ១១៥តោន ដើម្បីអាចបំពេញភារកិច្ចធ្ងន់ជាងនេះ នាពេលខាងមុខ។
កាលពីដើមឆ្នាំនេះ NASA ក៏បានសាកល្បងដោយជោគជ័យនូវម៉ាស៊ីននៃកាំជ្រួច RS-25 ផងដែរ។
អ្នកវិទ្យាសាស្ដ្រកំពុងត្រៀមខ្លួនដើម្បីបញ្ជូនយានអវកាសទៅកាន់កន្លែងដែលនៅឆ្ងាយជាងព្រះចន្ទ ហើយភពអង្គារគឺជាគោលដៅមួយក្នុងចំណោមគោលដៅដែលបានគ្រោងទុក។ ការសាកល្បងដោយជោគជ័យនេះ គឺជាជំហានដ៏ធំមួយ ដែលអាចឱ្យមនុស្សឈានទៅស្រាវជ្រាវភពឆ្ងាយៗ។
ឆ្នាំ ២០១៨ យានអវកាស Orion នឹងហោះហើរឆ្ងាយជាងព្រះចន្ទ ប្រមាណជា ៦៩០០០គីឡូម៉ែត្រ និងត្រឡប់មកវិញ ដើម្បីធ្វើការសាកល្បងប្រព័ន្ធកាំជ្រួច ក្នុងបំណងធានាឱ្យបានប្រាកដថា អ្វីៗប្រព្រឹត្តទៅដោយរលូន មុននឹងមនុស្សចាប់ផ្ដើមបេសកកម្មហោះហើរទៅកាន់ភពដ៏សែនឆ្ងាយ។
ក្រៅពីការសាកល្បងកាំជ្រួចរុញ NASA ក៏បានសាកល្បងការចុះចតដោយប្រើឆត្រផងដែរ។ ជាលទ្ធផល យានអវកាស Orion បានចុះចតដោយជោគជ័យ នៅលើសមុទ្រខ្សាច់ Arizona ជាមួយនឹងឆត្ររបស់ខ្លួន។
ឆ្នាំ ២០១៨ គឺជាឆ្នាំសាកល្បងយានអវកាសគ្មានមនុស្សបើក Orion ។ បើសិនអ្វីៗដំណើរការល្អ ឆ្នាំ ២០២៣ NASA នឹងអនុវត្តបេសកកម្មទីពីរ ប៉ុន្តែ លើកនេះ នឹងមានអ្នកអវកាសចំនួន ៤រូប ហោះហើរទៅជាមួយ។
ឆ្នាំ ២០១៦ នឹងជាឆ្នាំដែល NASA បញ្ជូនយានអវកាសមានមនុស្សបើក ចុះចតនៅលើភពតូចមួយ។ ហើយប្រសិនជោគជ័យ នោះ ការដែលមនុស្សឈានជើងឡើងភពព្រះអង្គារ ឆ្នាំ ២០១៣០ គឺលែងនៅជាក្ដីស្រមៃទៀតហើយ។
ប្រែសម្រួល ៖ បុត្រា