ចាប់ពីថ្ងៃទី ២៨ សីហា Surface Pro 3 ដែលជាមហិច្ឆតារបស់ Microsoft ក្នុងការផ្លាស់ប្ដូរជំនួសកុំព្យូទ័រយួរដៃ នឹងត្រូវបានដាក់លក់ក្នុងទីផ្សារ ចំនួន ២៥ ក្នុងនោះក៏មានតំបន់អាស៊ីអាគ្នេយ៍ផងដែរ។


Microsoft ទើបតែបានប្រកាសថា នឹងដាក់លក់ ថេប្លេត Surface Pro 3 ចាប់ពីថ្ងៃទី ២៨ សីហាខាងមុខ នៅក្នុងប្រទេសចំនួន ២៥ ក្នុងនោះ ក៏មានឈ្មោះបណ្ដាប្រទេសនៅក្បែរខាងកម្ពុជា ដូចជា ប្រទេសថៃ ម៉ាឡេស៊ី និង សឹង្ហបុរី ។ល។ បច្ចុប្បន្ន អតិថិជនដែលចាប់អារម្មណ៍ អាចចុះឈ្មោះទិញថេប្លេតនេះ នៅលើបណ្ដាទំព័រដូប៉ូចែកចាយរបស់ Microsoft ដើម្បីឆាប់ទទួលបានទំនិញ នៅក្នុងថ្ងៃចេញលក់។


ថេប្លេត Surface Pro 3 ដែលដាក់លក់ក្នុងបណ្ដាប្រទេសក្បែរខាងកម្ពុជា នឹងបង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នកជំនួញកម្ពុជាផងដែរ។ បញ្ជីឈ្មោះបណ្ដាប្រទេសដែលនឹងមានវត្តមានរបស់ ថេប្លេត Surface Pro 3 អ្នកអាចរកអាន នៅទីនេះ។



ក្នុងរយៈពេលមុននេះ នៅក្រុង New York អាមេរិក ក្រុមហ៊ុន Microsoft បានឧទ្ទេសនាមជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួន គឺ Surface Pro 3 ដែលមានទំហំ 12 inch។ ថ្វីបើមានទំហំធំបែបនេះ ប៉ុន្ដែ Surface Pro 3 មានកម្រាស់ត្រឹមតែ 9,1 mm ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ទម្ងន់របស់វា ក៏ត្រឹមតែ 800 ក្រាម ប៉ុន្ដែមានស៊ុមលោហធាតុរឹងមាំ។ Surface Pro 3 មានចន្ទល់ពីខាងខ្នង អាចបង្វិលបាន ១៥០អង្សា ធៀបនឹងម៉ាស៊ីន។

Surface Pro 3 បំពាក់ប្រូសេសឺរ ចាប់ពី Core i3 ឡើងទៅ , RAM 4 GB ចំណែកអេក្រង់របស់វា មានរីសូលូសឹន 2160 x 1440 ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Cnet/Surface