បើសិនជាបណ្តារូបភាពចចាមអារាមទាំងនេះ ពិតប្រាកដមែននោះ Lumia 850 នឹងក្លាយជាស្មាតហ្វូន ដែលមានកម្រាស់ស្តើងជាងគេបំផុត សម្រាប់ត្រកូល Lumia ហើយមានការរចនាម៉ូតបែបទំនើបជាង ទាំងស្មាតហ្វូនលំដាប់ខ្ពស់ Lumia 950 និង 950 XL ថែមទៀត។
កាលពីច្រើនខែមុននេះ នៅពេលដែល Microsoft ប្រកាសបង្ហាញ Lumia 950 XL, Lumia 950 និង Lumia 550 ដែលជាបណ្តាស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile ដំបូងគេនោះ គេបានចុះផ្សាយ នូវព័ត៌មានចចាមអារាមជាច្រើនស្តីពីស្មាតហ្វូន Lumia 750 និង 850។ ពេលដែលស្មាតហ្វូនទាំងបីខាង លើបង្ហាញខ្លួន ព័ត៌មានមួយចំនួនបានកំណត់បញ្ជាក់ថា គំរោងផលិត Lumia 750 និង 850 ត្រូវបាន បញ្ឈប់ វិញហើយ។
ជាក់ស្តែង តាមប្រភពពីគណនី Twitter @OnLeaks, Lumia 850 នៅតែជាផ្នែកមួយក្នុងផែនការអភិវឌ្ឍ ផលិតផលរបស់ Microsoft។ ដើម្បីបញ្ជាក់ពីប្រភពព័ត៌មានរបស់ខ្លួន គណនីខាងលើនេះ បានធ្វើការ បង្ហោះបណ្តារូបភាពមួយចំនួន ដែលគេចាត់ទុកថាជា Lumia 850។
អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Lumia 850 ប្រើស៊ុមព័ទ្ធជុំវិញតួនៃស្មាតហ្វូន ធ្វើពីលោហធាតុ ដែល មានកម្រាស់ស្តើងតែ 6,92 mm។ ពេលបង្ហាញណែនាំខ្លួន វានឹងក្លាយជាឧបករណ៍ Lumia ដែលមាន កម្រាស់ស្តើងជាងគេបំផុត តាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្ននេះ។ ជាមួយនឹងខ្នាតវិមាត្រទាំងបី 155,9 x 77,23 x 6,92 (mm) ស្មាតហ្វូននេះនឹងមានរូបរាងធំជាងបន្តិច បើប្រៀបជាមួយ Lumia 950 XL។ កត្តានេះមានន័យថា ស្មាតហ្វូននេះពិបាកនឹងមានអេក្រង់ទំហំ 5 inch ដូចទៅនឹងបណ្តាព័ត៌មានចចាម អារាមកាលពីពេលមុនណាស់ ក្នុងពេលដែល Lumia 950 XL មានអេក្រង់ដល់ទៅ 5,7 inch ទៅហើយ នោះ។
បណ្តារូបភាពចចាមអារាម បានបង្ហាញឲ្យឃើញថា ម៉ូដែលនេះ នឹងមានស៊ុមព័ទ្ធតួម៉ាស៊ីនធ្វើពីលោហ ធាតុ ជាមួយនឹងគែមជ្រុងរាងមូលៗ សំបកខាងក្រោយធ្វើពីជ័រ និងមានចង្កោមកាមេរ៉ាលៀនចេញមក ក្រៅបន្តិច។ រីឯរន្ធ microUSB និងរន្ធ Jack ដោតកាសស្តាប់តន្រ្តីរបស់ស្មាតហ្វូន ត្រូវបានបំពាក់បញ្ច្រាស ពីគេ បើប្រៀបជាមួយនឹងបណ្តាស្មាតហ្វូនទូទៅ នាពេលបច្ចុប្បន្ននេះ៕
ប្រែសម្រួល៖ មង្គលប្រភព៖ @OnLeaks, Zing