ក្លាយជាមហាសេដ្ឋី បន្ទាប់ពីលក់ក្រុមហ៊ុនរបស់ខ្លួន ទៅឱ្យ Facebook ប៉ុន្ដែ មានមនុស្សតិចណាស់ដែលដឹងថា ប៉ុន្មានទសវត្សមុននេះ សហស្ថាបនិករបស់ Whatsapp លោក Jan Koum និងគ្រួសារ ធ្លាប់រស់នៅក្នុងស្ថានភាពក្រតោកយ៉ាក ទទួលប័ណ្ណបើកអាហារប្រចាំថ្ងៃ។  ក្រុមអ្នកជំនួញអន្ដរជាតិ កំពុងមានការភ្ញាក់ផ្អើល ដោយសារ Facebook បានប្រកាសទិញយកក្រុមហ៊ុនផ្គត់ផ្គង់សបវ៉ែរ OTT – Whatsapp ក្នុងតម្លៃ ១៦ពាន់លានដុល្លារ (៤ពានលានដុល្លារ ជាប្រាក់សុទ្ធ និង ១២ពាន់លាន ជាភាគហ៊ុន ក្នុងក្រុមហ៊ុន Facebook) ។ ក្រៅពីនេះ បន្ទាប់ពីការទិញដូរនេះ បានសម្រេចរួចរាល់ មហាសេដ្ឋី Mark Zuckerberg នឹងផ្ដល់ជូន ភាគហ៊ុនដែលមានតម្លៃ ៣ពាន់លានដុល្លារបន្ថែមទៀត ដល់ស្ថាបនិក និងបុគ្គលិករបស់ Whatsapp ។

/

នេះមិនមែនជារឿងជំនួញជោគជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុន ដែលមានបុគ្គលិក ៥៥រូប Whatsapp នេះទេ សម្រាប់សហស្ថាបនិក Jan Koum នេះគឺជាការធ្វើមានដ៏អស្ចារ្យមួយ។ទស្សនាវដ្ដី Forbes បានគន់គូរឃើញថា Jan Koum កាន់កាប់ភាគហ៊ុន ចំនួន ៤៥% ក្នុងក្រុមហ៊ុននេះ ចំណែកសហស្ថាបនិក Brian Acton កាន់កាប់ ២០% ។ ក្រោយពីបានលក់ Whatsapp ទៅឱ្យ Facebook លោក Jan Koum ក្លាយជាមហាសេដ្ឋី ដោយទទួលបានប្រាក់ ៦,៨ពាន់លានដុល្លារ រីឯ Acton យ៉ាងហោចក៏បាន ៣ពាន់លានដុល្លារ។

សហស្ថាបនិករបស់ WhatsApp លោក Jan Koum ឆ្នាំនេះ មានអាយុ ៣៧ឆ្នាំ កើតនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងគ្រួសារក្រីក្រមួយ សូម្បីតែភ្លើងក៏មិនមានប្រើ។ អាយុ ១៦ឆ្នាំ គ្រួសាររបស់គាត់ បានទៅរស់នៅក្នុងប្រទេសអាមេរិក និងបានឆ្លងកាត់ការលំបាកនៅទីនេះ នៅពេលដែលជីវភាពរបស់គ្រួសារ រំពឹងទៅលើប័ណ្ណបើកអាហារសម្រាប់អ្នកក្រីក្រ គ្មានលទ្ធភាពទិញអាហារ។ក្រុមគ្រួសាររបស់ Jan Koum ត្រូវស៊ីឈ្នួលអ្នកជិតខាង ដូចជាមើលថែក្មេង បោសសម្អាតហាងលក់បន្លែផ្លែឈើជាដើម។ ចំណែកការសិក្សារបស់ Jan Koum វិញ គឺរំពឹងទៅលើតែសៀវភៅ និងសម្ភារៈសិក្សា ដែលយកមកតាមខ្លួន ពីប្រទេសកំណើត។អាយុ ១៨ឆ្នាំ Jan Koum នៅតែមិនទាន់ស្និទ្ធស្នាលជាមួយមិត្តរួមថ្នាក់ ប៉ុន្ដែគាត់មានមិត្តដ៏ល្អម្នាក់ នោះគឺកុំព្យូទ័រចាស់មួយគ្រឿង ដែលទិញតពីបណ្ណាគារមួយ។ Jan Koum បានចូលរួមជាមួយក្រុម hacker (ក្រុមអ្នកជំនាញផ្នែកព័ត៌មានវិទ្យា) ដើម្បីស្វែងយល់អំពីពិភពអ៊ីនធើរណិត និងបានស្គាល់មនុស្សជាច្រើន ដែលក្រោយមកពួកគេ សុទ្ធសឹងតែជាអ្នកមានកេរ្តិ៍ឈ្មោះ ដូចជា Napster ជាដើម។

Koum ធ្លាប់ធ្វើការក្រៅម៉ោង ឱ្យក្រុមហ៊ុន Ernst & Young ហើយក្រោយមក ធ្វើជាវិស្វករជាន់ទាបឱ្យក្រុមហ៊ុន Yahoo ដែលបន្ទាប់មក គាត់បានសម្រេចចិត្តឈប់រៀន។ ម្ដាយរបស់ Koum បានស្លាប់ដោយសារជម្ងឺមហារីក កាលពីឆ្នាំ ២០០០ បន្ទាប់ពីការស្លាប់របស់ពុក បានបីឆ្នាំ។ មិត្តរបស់ Koum គឺលោក Brian Action បានជួយដល់ Koum ក្នុងដំណាក់កាលលំបាកនេះ។រយៈពេល ៩ឆ្នាំ ធ្វើការឱ្យ Yahoo លោក Koum សន្សំបាន ៤០០,០០០ដុល្លារ ចំណែក Action ខាតបង់រាប់លានដុល្លារ នៅពេលវិនិយោគទៅលើក្រុមហ៊ុនបច្ចេកវិទ្យា។ ឆ្នាំ ២០០៧ អ្នកទាំងពីរ បានចាកចេញពីក្រុមហ៊ុន Yahoo ហើយបានចំណាយពេល ១ឆ្នាំ ដើរទេសចរណ៍ជាមួយគ្នា បន្ទាប់មកក៏បានដាក់ពាក្យសុំធ្វើការឱ្យ Facebook ប៉ុន្ដែ អ្នកទាំងពីរ ត្រូវគេបដិសេធ។មកដល់ឆ្នាំ ២០០៩ Koum បានទិញទូរស័ព្ទ iPhone មួយគ្រឿង ហើយបានដឹងថា ឃ្លាងកម្មវិធី App Store (ពេលនោះ បង្កើតឡើង បាន ៧ខែ) អាចជាកន្លែងល្អសម្រាប់ការរកប្រាក់។ ក្រោយរយៈពេលមួយឆ្នាំ Koum ក៏សម្រេចចិត្ត បង្កើតក្រុមហ៊ុន Whatsapp Inc ដោយមានកម្មវិធីផ្ញើសារដោយឥតគិតថ្លៃ សម្រាប់ប្រព័ន្ធចល័ត Whatsapp ។ ពេលនោះ Whatsapp ហាក់ដូចជាកម្មវិធីតែមួយគត់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ប្រើលេខទូរស័ព្ទរបស់ខ្លួន ដើម្បីផ្ញើសារ ដោយឥតគិតថ្លៃ ដូច្នេះ វាមានការទាក់ទាញជាខ្លាំង។ Brian Action ក៏បានចូលរួម បន្ទាប់ពីក្រុមហ៊ុនត្រូវបង្កើត បាន៩ខែ។ អ្នកទាំងពីរ ប្រមូលបានទុន ២៥០,០០០ដុល្លារ ពីមិត្តភ័ក្ដិ ៥នាក់ផ្សេងទៀត។Koum និង Acton បានធ្វើការដោយមិនគិតប្រាក់ខែ អស់រយៈពេលច្រើនឆ្នាំ។ ក្រោយមក WhatsApp ក៏បានទទួលការងារផ្នែកបន្ទាន់សម័យសបវ៉ែរ ឱ្យ iPhone (មុខងារផ្ញើរូបថត)។ កម្មវិធីនេះ ទាក់ទាញអ្នកប្រើបានយ៉ាងច្រើន បើទោះត្រូវបង់ប្រាក់ ១ដុល្លារ។ដើមឆ្នាំ ២០១១ WhatsApp បានលោតចូលក្នុង Top ២០ នៃកម្មវិធីទូរស័ព្ទដែលត្រូវបានគេទាញយកច្រើនបំផុត នៅក្នុង Apple Store នៅអាមេរិក។ ខែកុម្ភៈ ឆ្នាំ ២០១៣ Brian Action និង Jan Koum សម្រេចចិត្តស្វែងរកទុនលើកទីពីរ ហើយប្រមូលបាន ៥០លានដុល្លារ ធ្វើឱ្យតម្លៃរបស់ Whatsapp ឡើងដល់ ១,៥ពាន់លានដុល្លារ។នៅពេលមានប្រាក់ អ្នកទាំងពីរ ក៏បានជួលអាគារមួយកម្ពស់បីជាន់ សម្រាប់បុគ្គលិកធ្វើការ ហើយគ្រោងនឹងបន្ថែមបុគ្គលិក ពី ៥៥នាក់ ឡើង ១០០នាក់។ មកដល់ខែកុម្ភៈ ឆ្នាំ ២០១៤ Whatsapp បានធ្វើឱ្យកក្រើកពិភពបច្ចេកវិទ្យា នៅពេលត្រូវបាន Facebook ទិញយក ក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes