ផ្កាយព្រះគ្រោះមួយ នឹងហោះមកក្បែរផែនដី នៅថ្ងៃអាទិត្យនេះ ហើយវាអាចមើលឃើញច្បាស់ពី New Zealand ព្រោះតែ មានចម្ងាយជិតជាងបណ្ដាផ្កាយរណបអាកាសធាតុរបស់មនុស្ស។

/

ភពព្រះគ្រោះ 2014 RC ហោះ​ជិត​ផែន​ដី ជាង​ផ្កាយ​រណប​ទៅ​ទៀត

 

ភពព្រះគ្រោះ 2014 RC នេះ ត្រូវបានរកឃើញកាលពីខែសីហា   ដោយមជ្ឈមណ្ឌលត្រួតពិនិត្យអវកាស Catalina នៅក្រុង Tucson រដ្ឋ Arizona ។ ទីភ្នាក់ងារអវកាស អាមេរិក (NASA) ឱ្យដឹងថា វាបង្ហាញខ្លួននៅប៉ុន្មានយប់ជាប់ៗ ហើយត្រូវបានពិនិត្យមើលដោយកែវយឹតតារាសាស្ដ្រ Pan-STARRS 1 ដែលមានទីតាំងនៅលើកំពូលភ្នំ Haleakalā របស់​កោះ Maui ស្ថិតនៅ​ក្នុងប្រជុំកោះ Hawaii ។

2014 RC ត្រូវបានគន់គូរឃើញថា នឹងហោះមកក្បែរផែនដី ដោយមានចម្ងាយប្រហែល ១ភាគ ១០ នៃចម្ងាយពីផែនដី ទៅព្រះចន្ទ (ចម្ងាយពីផែនដីទៅព្រះចន្ទ គឺ ៣៨៤.៤០០ km)។ នៅកន្លែងដែលជិតបំផុត វានឹងស្ថិតនៅពីលើ New Zealand ចម្ងាយប្រហែល ៣៤.០០០ គីឡូម៉ែត្រ គឺជិតផែនដីជាង បើធៀបនឹងបណ្ដាផ្កាយរណបអាកាសធាតុ ឬផ្កាយរណបភូមិសាស្ដ្រ (geostationary satellites) ដែលតែងហោះចម្ងាយពីផែនដី ប្រហែល ៣៦.០០០ គីឡូម៉ែត្រ។

/

យោងតាមទំព័រ RT ភពព្រះគ្រោះ 2014 RC នឹងហោះឆ្លងកាត់ផែនដី ក្នុងថ្ងៃទី ៧កញ្ញានេះ នៅវេលាម៉ោងប្រហែល ១៨ និង ១៨នាទី (ម៉ោង GMT / ដើរក្រោយម៉ោងកម្ពុជា ប្រហែល ៧ម៉ោង) គឺត្រូវនឹងម៉ោង ១យប់ ឈានចូលថ្ងៃទី ៨កញ្ញា ម៉ោងនៅកម្ពុជា។ ភពព្រះគ្រោះ 2014 RC ត្រូវបានគេព្យាករណ៍ថា នឹងមិនបង្កផលលំបាកដល់ផែនដីនោះទេ ប៉ុន្ដែ ការប្រែប្រួលរបស់ភពនេះ ត្រូវបានគេតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា នឹងមិនមានការប៉ះទង្គិចណាមួយកើតឡើង។

/

ក្រុមអ្នកវិទ្យាសាស្ដ្ររបស់ NASA ឱ្យដឹងថា អាចម៍ផ្កាយ ឬផ្កាយព្រះគ្រោះ អាចនឹងមើលមិនឃើញដោយភ្នែកទទេ ព្រោះថា វាមានរូបរាងស្រអាប់ សូម្បីតែនៅក្នុងអាកាសធាតុអំណោយផល។ គួររំលឹកថា មកដល់បច្ចុប្បន្ន​នេះអង្គ​ការ NASA បានរកឃើញអាចម៍ផ្កាយ ឬភពព្រះគ្រោះ ចំនួន ជាង ១០.០០០ ស្ថិតក្នុងប្រព័ន្ធព្រះអាទិត្យ ដែលធ្លាប់ហោះកាត់ផែនដី និងមិនធ្លាប់បានបង្កគ្រោះថ្នាក់ដល់មនុស្សលោក។

/

/

បើ​មិន​អាច​ហោះ​មក​ធ្លាក់​ និង​បុក​ផែន​ដី តើ​ ភពព្រះគ្រោះ 2014 RC អាច​ប៉ះ​ទង្គិច​នឹង​ផ្កាយ​រណប​ ដែល​មាន​ចំនួន​យ៉ាង​ច្រើន កំពុង​ហោះ​ជុំ​វិញ​ផែន​ដី?

 

យ៉ាងណាក៏ដោយ មានសំនួរដែលសួរថា   នៅពេលភពព្រះគ្រោះនេះ ហោះមកជិតផែនដី ជាងបណ្ដាផ្កាយរណបទៀតនោះ តើមានអ្វីដែលអាចបញ្ជាក់បានប្រារព្ធថា វានឹងមិនមានការប៉ះទង្គិចកើតឡើង? ក្នុងតំបន់នៃគន្លងគោចរ ដែលមានចម្ងាយពីផែនដី ប្រហែល ៣៦.០០០ គីឡូម៉ែត្រ គឺមានផ្កាយរណបរបស់មនុស្ស រាប់ស្ទើរតែមិនអស់ ដូច្នេះ បើមិនអាចហោះមកបុកផែនដី ក៏ 2014 RC នេះ អាចនឹងប៉ះទង្គិចជាមួយបណ្ដាផ្កាយរណប!

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ RT/Daily Mail