សម័យបច្ចុប្បន្ន ឯកសារប្រវត្តិរូបជាក្រដាស ហាក់មិននៅជាសំខាន់ដូចកាលមុន។ ជំនួសមកវិញ គ្រាន់តែចូលទៅកាន់បណ្ដាញសង្គម ក្រុមហ៊ុនដែលត្រូវការបុគ្គលិក យល់ទាំងអស់ អំពីបេក្ខភាព។

/

Shon Burton ដែលជាស្ថាបនិក និងជាអគ្គនាយករបស់បណ្ដាញជ្រើសរើសបុគ្គលិក HiringSolved អះអាងថា ៖ “នៅពេលទៅសុំការងារធ្វើ អ្វីដែលមានឥទ្ធិពលខ្លាំងជាង ធៀបនឹងអ្វីដែលអ្នកបានសរសេរក្នុងប្រវត្តិរូបទៅទៀត នោះគឺ Facebook ” ។យោងតាម Burton ទំព័រឯកជន នៅលើបណ្ដាញសង្គម អាចបង្ហើបព័ត៌មានបីប្រភេទ អំពីបេក្ខភាព ៖ ព័ត៌មានទំនាក់ទំនង ទីតាំងដែលធ្លាប់ចេញចូល ឬចំណូលចិត្ត និងចំណាប់អារម្មណ៍។ ធៀបទៅនឹងឯកសារប្រវត្តិរូបនៅលើក្រដាស ព័ត៌មានរបស់បេក្ខភាពនៅលើបណ្ដាញសង្គម បច្ចុប្បន្ន បានជួយដល់ក្រុមហ៊ុនជ្រើសរើសបុគ្គលិក វាយតម្លៃបានយ៉ាងងាយស្រួល។

ក្រុមទីមួយ ៖ បណ្ដាគេហទំព័រសម្រាប់ទំនាក់ទំនង ដូចជា Twitter, Linked In និង Facebook ទិន្ន​​ន័យនៅលើបណ្ដាញសង្គមទាំងនេះ ជួយឱ្យអ្នកជ្រើសរើសបុគ្គលិក ធ្វើការទំនាក់ទំនង ជាមួយបេក្ខភាពដែលមានសក្ដានុពល បានយ៉ាងងាយស្រួល ហើយវាជាវិធីថ្មី មិនធ្លាប់មានពីមុនមក។

ក្រុមទីពីរ ៖ គេហទំព័រ សម្រាប់ស្វែងយល់ ឬតាមដានទីកន្លែង ដូចជា Yelp និង Foursquareតាមរយៈបណ្ដាញនេះ ក្រុមហ៊ុនដែលជ្រើសរើសបុគ្គលិក អាចនឹងដឹងបានថា បេក្ខភាពធ្លាប់ទៅកាន់កន្លែងណាខ្លះ ហើយតាមរយៈនេះដែរ គេអាចដឹងអំពីតំបន់ និងជីវភាពរស់នៅ ក៏ដូចជាទីកន្លែងដែលបេក្ខភាព ចំណាយពេលច្រើនបំផុត ទៅទីនោះ។

ក្រុមទីបី ៖ បណ្ដាគេហទំព័រដែល មាននិន្នាការទៅរកការងារ ដូចជាទំព័រ Linked In, Quora និង GitHub ឬ Facebook ក្រុមអ្នកជ្រើសរើស អាចនឹងក្ដាប់បានទ្រួសៗរបស់បេក្ខ​ភាព ថា តើចំណេះដឹង ការយល់ដឹងដល់កម្រឹតណា និងការចាប់អារម្មណ៍ទៅលើវិស័យអ្វីខ្លះ។ ទិន្នន័យនៅលើបណ្ដាញសង្គមទាំងនេះ គឺជាកត្តាសំខាន់ ដែលនឹងអាចនាំឱ្យបេក្ខភាព ទទួលបានជោគជ័យ ឬ បរាជ័យ ក្នុងការស្វែងរកការងារ ដោយយោងទៅលើភាពវិជ្ជមាន និងអវិជ្ជមានដែលបេក្ខភាពបានបង្ហោះ។Burton ថ្លែងថា ៖ “ប្រវត្តិរូបសង្ខេបនៅលើក្រដាស តែងសរសេរបែប អួតអាង គួរឱ្យធុញទ្រាន់ ហើយវាអាចត្រូវបានគេ “ទាត់ចោល” ដោយងាយ។ ប៉ុន្ដែ Facebook, Linked In, Twitter ឬ YouTube, Instagram, Tumblr, Pinterest, Spotify ជាដើម គឺផ្សេង។ បណ្ដាញសង្គមទាំងនេះ ជួយឱ្យអ្នកជ្រើសរើសបុគ្គលិក រកឃើញនូវសក្ដានុពលដែលបេក្ខភាពអាចផ្ដល់ឱ្យក្រុមហ៊ុន”។Burton បន្ថែមថា ៖ “សម័យបច្ចុប្បន្ន ប្រសិនមិនបានចែករំលែក ទៅកាន់បណ្ដាញសង្គម នូវអ្វីដែលខ្លួនបានធ្វើ ដូចជា GitHub ជាដើម គឺវាហាក់ដូចពិបាកនឹងទទួលបានការងារជាវិស្វករសបវែរនៅ Google, Apple ឬ Twitter ។ ការប្រែប្រួលនេះ បានកើតឡើងតាំងតែពី ៥ឆ្នាំមុន។ ពិតណាស់ អ្នកជ្រើសរើសបុគ្គលិក នឹងនិយាយថា ៖ “មិនប្រើ GitHub ទេអី? បេក្ខភាពម្នាក់ នេះ ម៉េចក៏អញ្ចឹង?””សម្រាប់កម្ពុជា បណ្ដាញសង្គមដែលកំពុងពេញនិយមបំផុត គឺ Facebook ដូច្នេះ ប្រសិនមានបំណងស្វែងរកការងារ អ្នកគួរតែបង្កើតគណនី Facebook ផ្ទាល់ខ្លួន និងបង្ហោះនូវអ្វីដែលល្អៗ អ្វីដែលអ្នកគិតថា វាបង្ហាញនូវភាពវិជ្ជមានដល់ការស្វែងរកការងាររបស់ខ្លួន៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ BusinessInsider