នេះក៏ជាសកម្មភាពដំបូង បន្ទាប់ពី CEO Facebook ប្រកាសថា នឹងបរិច្ចាគ ៩៩% នៃទ្រព្យនៅក្នុង Facebook ដើម្បីធ្វើសកម្មភាពមនុស្សធម៌។
ឯកសារមួយដែលទើបត្រូវបានបញ្ជូនទៅកាន់ SEC កាលពីថ្ងៃទី ១៨កន្លងទៅ បានបង្ហើបឱ្យដឹងថា Mark Zuckerberg បានលក់ភាគហ៊ុន Facebook ចំនួន ៧៦៨.០០០ហ៊ុន ដែលគាត់កំពុងកាន់កាប់។ ភាគហ៊ុននេះ មានតម្លៃប្រមាណជា ៩៥លានដុល្លារអាមេរិក។
Mark Zuckerberg និងភរិយា
នៅក្នុងឯកសារនេះក៏បានឱ្យដឹងថា ការលក់ភាគហ៊ុនខាងលើនេះ គឺជាសកម្មភាពមួយដែលត្រូវនឹងការសន្យារបស់ CEO Facebook ។ នោះគឺជាបរិច្ចាគចំនួន ៩៩% នៃទ្រព្យរបស់ខ្លួននៅក្នុង Facebook ដើម្បីធ្វើសកម្មភាពមនុស្សធម៌។ ចំនួនទឹកប្រាក់ខាងលើនេះនឹងត្រូវបានបញ្ចូលទៅក្នុងមូលនិធិមនុស្សធម៌ដែលត្រូវបានបង្កើតឡើងដោយ Mark Zuckerberg និងភរិយា។
Zuckerberg ឱ្យដឹងថា មូលនិធិរបស់លោក និងប្រពន្ធ នឹងផ្ដោតសំខាន់ទៅលើ “ការអប់រំ ព្យាបាលជម្ងឺ”។ Zuckerberg ក៏មានបំណងបង្កើតពិភពលោកមួយដែលល្អជាងបច្ចុប្បន្ន សម្រាប់មនុស្សជំនាន់ក្រោយ និងសម្រាប់កូនស្រីរបស់លោក ដែលទើបនឹងចាប់កំណើត។
នេះក៏ជាលើកដំបូងដែល CEO Facebook សម្រេចចិត្តលក់ភាគហ៊ុនរបស់ខ្លួន ជាជំហានដំបូងក្នុងគម្រោងបរិច្ចាគ ១ពាន់លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីធ្វើសកម្មភាពមនុស្សមម៌។ ប្រការនេះមានន័យថា CEO Facebook នឹងលក់ភាគហ៊ុនបែបនេះជាច្រើនលើកទៀត ក្នុងពេលអនាគត។
បច្ចុប្បន្ន Mark Zuckerberg កំពុងតែកាន់កាប់ភាគហ៊ុនចំនួន ៤០០លានហ៊ុនរបស់ Facebook ដូច្នេះ ៩៥លានដុល្លារខាងលើ គ្រាន់តែជាចំណែកដ៏តូចមួយក្នុងចំណោមទ្រព្យសម្បត្តិដ៏ច្រើនរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ។ បើទោះបីជាគាត់បានលក់ភាគហ៊ុនមួយភាគធំរបស់ខ្លួន ក៏ប៉ុន្តែ CEO Mark Zuckerberg នៅតែមានសិទ្ធិសម្រេចវាសនារបស់ Facebook។
ប្រែសម្រួល ៖ បុត្រា