បើទោះជា Apple ទើបតែធ្វើការបង្ហាញខ្លួន iPad 4 នៅចុងខែ10 កន្លងទៅថ្មីៗនេះ ប៉ុន្តែក្រុមហ៊ុននេះកំពុងតែចាប់ផ្តើមគិតដល់ ជំនាន់បន្ទាប់របស់ iPad gen 4 ទៅហើយ។ ក្នុងនោះ តាមប្រភពមួយពីក្រុមហ៊ុនដែលផ្គត់ផ្គង់ឧបករណ៍ដល់ផលិតផល Apple បានបង្ហាញថា iPad ថ្មី (iPad gen 5) នឹងធ្វើការបង្ហាញខ្លួនជាផ្លូវការ នៅខែ 3 ឆ្នាំក្រោយ (2013)។ ទន្ទឹមនឹងនោះពួកគេក៏បានឲ្យដឹងបន្ថែមថា iPad gen 5 នឹងយកលំនាំការរចនាម៉ូដតាម iPad Mini សព្វថ្ងៃគឺ ស្តើងជាងមុន, ស្រាលជាងមុន,អេក្រង់ភ្លឺច្បាស់ជាងមុន។
ជាក់ស្តែងបើតាមគេហទំព័រ Macotakara បានធ្វើការប៉ាន់ស្មានថា iPad 5 មិនគ្រាន់តែធ្វើការដំឡើងCPU នោះទេ Apple ថែមទាំងធ្វើការផ្លាស់ប្តូរជាច្រើនពីការរចនាម៉ូដផ្នែកខាងមុខ និងតួនៃម៉ាស៊ីនបន្ទះអេក្រង់ស្តើងជាងមុន (ដូច iPad Mini), បណ្តោយ ទទឹង និងកម្រាស់ត្រូវបានបន្ថយចំនួន 4mm, 17mm និង 2mm។

បើសិនជាព័ត៌មានខាងលើជាការពិត នេះគឺជាលើកទីមួយហើយដែល Apple សំរេចចិត្តធ្វើការផ្លាស់ប្តូរការរចនាម៉ូដរបស់ iPad (Version 9,7), ព្រោះថាចាប់តាំងពី iPad 1 រហូតមកដល់ពេលនេះយើងមិនឃើញមានអ្វីផ្លាស់ប្តូរប៉ុន្មានឡើយ ពីការរចនាម៉ូដរូបរាងខាងក្រៅ។ ក្រៅពីនេះ ការដែលកែសម្រួលខ្នាតប្រវែងនេះ យើងសង្ឃឺមថា iPad gen 5 នឹងមានទម្ងន់ស្រាលជាងមុនច្រើនមិនខានឡើយ ដែលនេះជារឿងមួយ ដែលអ្នកប្រើប្រាស់ទន្ទឹងចង់បាន ព្រោះពួកគេមានការលំបាកក្នុងការដែលយកវាតាមខ្លួន ក៏ដូចជាលេងហ្គេមដោយប្រើដៃតែម្ខាង៕
ដោយ៖ សិលាប្រភព៖ tte