ដោយការបញ្ជា “បញ្ឆោត” ទៅលើកម្មវិធីស្គាល់សម្លេង Siri ហែកកឺរ អាចចូលទៅប្រើប្រាស់ iPhone បានទាំងស្រុង បើទោះជា ស្មាតហ្វូននេះ ត្រូវបានគេដាក់លេខកូដសម្ងាត់ និងដំណើរការដោយប្រព័ន្ធប្រតិបត្ត iOS ថ្មីបំផុត។

ថ្មីៗនេះ នៅលើបណ្ដាញអ៊ីនធឺរណិត មានវីដេអូមួយ បង្ហាញអំពី ហែកកឺរ អេហ្ស៊ីប លោក Sherif Hashim លុកចូលដោយជោគជ័យ ទៅក្នុងបញ្ជីទំនាក់ទំនង នៅលើ iPhone 5s ដំណើរការដោយ iOS 7.1.1 ដែលត្រូវបានបិទសោដោយក្រយៅដៃ តាមរយៈកំហុសឆ្គងផ្នែកការពារសុវត្ថិភាពរបស់កម្មវិធី Siri ជាជំនួយការអ្នកប្រើប្រាស់ ដោយសម្លេង។ ព្រោះតែភាពងាយស្រួលរបស់កម្មវិធី Siri ដូច្នេះ គ្រាន់តែចេញបញ្ជា រួមនឹងសកម្មភាពមួយចំនួន Sherif Hashim អាចចូលទៅកាន់បញ្ជីទំនាក់ទំនង និងអាចហៅទូរស័ព្ទចេញ បានតាមចិត្ត។
កំហុសផ្នែកសុវត្ថិភាព ដែលត្រូវបាន Sherif Hashim រកឃើញ គឺមានសភាពធ្ងន់ធ្ងរ ព្រោះថា អ្នកដែលមិនមែនជាម្ចាស់ទូរស័ព្ទ ក៏អាចបន្លំជាម្ចាស់ ដើម្បីធ្វើការហៅចេញ ផ្ញើសារ ផ្ញើអ៊ីមេល ឬលួចទិន្នន័យក្នុងទូរស័ព្ទ។
ប៉ុន្ដែ ក្នុងពេលរង់ចាំការឆ្លើយតបពី Apple អ្នកប្រើប្រាស់ អាចការពារខ្លួនឯង ដោយការបិទកម្មវិធី Siri តាមរយៈចូលទៅកាន់ Settings --> Touch ID & Passcode និងបិទ Siri ក្នុងអបសឹន Allow Access When Locked ។
គួររំលឹកថា មុននេះ ប្រព័ន្ធប្រតិបត្តិ iOS 7 របស់ Apple ក៏ធ្លាប់មានកំហុសឆ្គងមួយ ដោយវាមិនអាចដាក់លេខកូដអ៊ិនគ្រីប លើ ឯកសារភ្ជាប់របស់អ៊ីមេល នាំឱ្យអ្នកដទៃ អាចទាញយកឯកសារទាំងនោះបានដោយងាយ៕
ប្រែសម្រួលដោយ ៖ តារា ប្រភព ៖ youtube/nbcnews