អគ្គនាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន យក្ស Microsoft លោក Steve Ballmer បានធ្វើឱ្យសាធារណជន ពិសេសគឺក្រុមអ្នកបច្ចេកវិទ្យា មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលប្រកាសថា ខ្លួននឹងលាលែងពីតំណែងដែលបានកាន់កាប់រយៈពេល ១៣ឆ្នាំ នៅឆ្នាំក្រោយ។
យោងតាមទំព័រ Tech លោក Steve Ballmer បានផ្ញើលិខិតមួយទៅកាន់បុគ្គលិកទាំងមូលរបស់ Microsoft ក្នុងនោះលោកបានសរសេរថា លោកនឹងចាកចេញពីតំណែងអគ្គនាយកប្រតិបត្តិ ក្នុងអំឡុង ១២ខែខាងមុខ ខណៈដែលក្រុមហ៊ុន មិនទាន់រកឃើញអ្នកដែលត្រូវមកជំនួស។ Steve Ballmer ថ្លែងថា Microsoft កំពុងតែស្ថិតក្នុងដំណាក់កាលផ្លាស់ប្ដូរដ៏សំខាន់ ដូច្នេះគឺត្រូវការអ្នកដឹកនាំថ្មីដែលអាចតស៊ូយូរអង្វែង ជាមួយនឹងទិសដៅថ្មី។
បច្ចុប្បន្ន Steve Ballmer គឺជាមហាសេដ្ឋីទី ៤៤ ក្នុងពិភពលោក ដោយមានទ្រព្យសរុប ១៦,៨ ពាន់លានដុល្លារអាមេរិក
លោក Steve Ballmer ថ្លែងថា ៖ “មិនមានពេលណាដែលប្រសើរបំផុតដើម្បីធ្វើការផ្ទេរតំណែងនេះ ប៉ុន្ដែ ពេលនេះគឺជាបរិយាកាសល្អបំផុត។ យើងបានចាប់ដៃបង្កើតយុទ្ធសាស្ដ្រថ្មី ជាមួយអង្គការចាត់តាំងថ្មី ដែលមានក្រុមអ្នកដឹកនាំដ៏អស្ចារ្យ ពេលនេះ យើងត្រូវការអ្នកដឹកនាំដែលអាចតស៊ូយូរអង្វែង ជាមួយទិសដៅថ្មី” ។Steve Ballmer បន្ថែម ៖ “ដំបូងឡើយ ខ្ញុំមានបំណងនឹងចូលនិវត្តនៅក្នុងឱកាសដែល Microsoft ស្ថិតក្នុងដំណាក់កាលនៃការក្លាយទៅជាក្រុមហ៊ុនផ្គត់ផ្គង់ឧករណ៍ និងសេវាកម្មបច្ចេកវិទ្យា ផ្ដោតទៅលើការងារដែលមានប្រយោជន៍បំផុត ដើម្បីជួយដល់អតិថិជន។ ប៉ុន្ដែ យើងត្រូវការ CEO សម្រាប់ទិសដៅនេះ” ។យោងតាមគម្រោង ក្រុមហ៊ុន Microsoft នឹងត្រូវបង្កើតគណកម្មការពិសេសមួយដើម្បីស្វែងរកអ្នកដែលត្រូវមកជំនួសតំណែងរបស់ Steve Ballmer ។ គណកម្មការពិសេសនេះនឹងរួមទាំងស្ថាបនិក គឺលោក Bill Gates ផងដែរ។ ក្នុងអំឡុងពេលនៃការស្វែងរក CEO ថ្មី លោក Steve Ballmer នឹងត្រូវនៅគ្រប់គ្រងតំណែងនេះ រហូតដល់រកបានអ្នកមកជំនួស។Steve Ballmer គឺជា CEO ទីពីររបស់ក្រុមហ៊ុន “យក្ស” Microsoft បន្ទាប់ពី Bill Gates ។ Steve Ballmer ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងក្នុងចំណោមអ្នកបច្ចេកវិទ្យា នៅពេលលោកសុំចូលនិវត្ត ប៉ុន្ដែប្រការនេះបានធ្វើឱ្យអ្នកវិនិយោគសប្បាយចិត្ត។ បន្ទាប់ពីព័ត៌មានលាលែងពីតំណែងខាងលើ ត្រូវបានប្រកាសជាផ្លូវការ ភាគហ៊ុនរបស់ Microsoft បានកើនឡើង ៩% ។ក្រុមអ្នកវិភាគបានឱ្យដឹងថា Microsoft បានបាត់បង់តម្លៃភាគហ៊ុនជិតពាក់កណ្ដាល ក្រោមការដឹកនាំរបស់ Ballmer ហើយតម្លៃភាគហ៊ុនក៏មិនដែលឡើងដល់ ៥០ដុល្លារនោះដែរសម្រាប់មួយហ៊ុន ចាប់តាំងពីគាត់បានឡើងកាន់កាប់តំណែងនេះ។ Ballmer និង Bill Gates គឺជាមិត្តរួមថ្នាក់ នៅសកលវិទ្យាល័យ Harvard អាមេរិក។ Steve Ballmer ក៏ធ្លាប់ជាបុគ្គលិករបស់ Bill Gates កាលពីឆ្នាំ ១៩៨០ ។

Steve Ballmer គឺជាអតីតមិត្តរួមថ្នាក់របស់ Bill Gates នៅសកលវិទ្យាល័យ Harvard អាមេរិក
ប៉ុន្មានឆ្នាំមកនេះ Microsoft ត្រូវបានរិះគន់ច្រើនពីក្រុមវិនិយោគិន ដោយសារតែមិនមានការប្រតិកម្មរហ័សទៅនឹងការដែល Apple និង Google បាននាំមុខក្នុងវិស័យឧបករណ៍ចល័តផងដែរ។ Richards Williams អ្នកវិភាគរបស់ក្រុមហ៊ុន Cross យល់ថា Steve Ballmer មិនដែលចាកចេញផុតពីស្រមោលដ៏ធំដែល Bill Gates បង្កើតឡើង នៅក្នុង Microsoft ជាងនេះទៀត Steve Ballmer ហាក់មិនមានចក្ខុវិស័យអំពីបច្ចេកវិទ្យា ក៏ដូចជាសមត្ថភាពត្រៀមដោះស្រាយជាមុន នូវបញ្ហាប្រឈមក្នុងវិស័យឧស្សាហកម្ម។ទោះជាយ៉ាងណាក៏ដោយ ការដែលតម្លៃភាគហ៊ុនរបស់ Microsoft បានកើនឡើងខ្ពស់ ក្នុងការជួញដូរនៅថ្ងៃទី ២៣សីហា ក៏បានជួយឱ្យ Steve Ballmer កាន់តែមានប្រាក់ច្រើន ព្រោះថា Steve Ballmer គឺជាម្ចាស់ភាគហ៊ុនធំទីពីរនៅ Microsoft បន្ទាប់ពី Bill Gates ។ តម្លៃភាគហ៊ុនរបស់ Microsoft ដែលបានកើនឡើង ៩% នេះ ក៏មានន័យថា Steve Ballmer ទទួលបាន ៧៨៦លានដុល្លារអាមេរិក។ យោងតាមគេហទំព័រហិរញ្ញវត្ថុ Bloomberg លោក Steve Ballmer បច្ចុប្បន្ន គឺជាអ្នកមានទី ៤៤ នៅក្នុងពិភពលោក ដោយមានទ្រព្យសរុប ១៦,៨ ពាន់លានដុល្លារអាមេរិក៕
ដោយ ៖ តារាប្រភព ៖ DN/Dailymail/ Bloomberg