បន្ទាប់ពីការពិភាក្សាគ្នាជាមួយ Donald Trump លោក Bill Gates បានឱ្យដឹងថា រដ្ឋាភិបាលថ្មី អាចនឹងកាត់បន្ថយប្រាក់វិនិយោគទៅលើបច្ចេកវិទ្យាបៃតង។

លោក Bill Gates សហស្ថានិករបស់ Microsoft ទើបតែបានសន្យាថានឹងប្រើប្រាស់ទ្រព្យមួយចំណែកធំរបស់ខ្លួន ដើម្បីទប់ទល់នឹងបំរែបំរួលអាកាសធាតុ។ ចំណែកលោក  Donald Trump មហាសេដ្ឋីទើបតែជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ធ្លាប់ហៅការទប់ទល់នឹងបំរែបំរួលអាកាសធាតុថា ជា “ល្បិចបោកប្រាស់”។

/

ប៉ុន្តែ ដោយវិធីណាមួយនោះ អ្នកទាំងពីរដែលមានការយល់ឃើញខុសគ្នានេះ បានពិភាក្សាគ្នាប្រកបដោយជោគជ័យ នេះបើតាមការឱ្យដឹងពីលោក Bill Gates។ ការពិភាក្សាគ្នាតាមទូរស័ព្ទនេះបានធ្វើឡើងកាលពី២សប្ដាហ៍មុន និងមានរយៈពេលប្រហែល ៨នាទី អនុញ្ញាតឱ្យលោក Bill Gates អធិប្បាយអំពីគម្រោងវិនិយោគ និងការធ្វើកិច្ចការមនុស្សធម៌របស់លោក។

លោក Bill Gates និយាយថា “ប្រការសំខាន់ដែលខ្ញុំចង់ជម្រុញ នោះគឺ យើងមានឱកាសដើម្បីកែលំអភាពច្នៃប្រឌិត មិនត្រឹមតែនៅក្នុងវិស័យថាមពលនោះទេ ប៉ុន្តែ នៅមានវិស័យផ្សេងៗជាច្រើនទៀត ដូចជា អប់រំ និងឱសថ”។

នៅពេលត្រូវបានសួរអំពីការពិភាក្សាគ្នាតាមទូរស័ព្ទនេះ និងឥរិយាបទតែងតាំងគណរដ្ឋមន្ត្រីថ្មីរបស់លោក Trump តើលោកមានមានទំនុកចិត្តដែរ ឬទេ លោក Gates ឆ្លើយថា ៖ “កែលំអគំនិតច្នៃប្រឌិត គឺជាប្រការដែលសមស្របសម្រាប់បក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ យើងខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាព”។

Bill Gates និងមហាសេដ្ឋីមួយចំនួន ទើបតែបានបង្កើតមូលនិធិវិនិយោគថ្មីមួយដែលមានឈ្មោះថា Breakthrough Energy Ventures ដោយមានគោលដៅបង្កើនដើមទុនវិនិយោគទៅក្នុងវិស័យ បច្ចេកវិទ្យាដែលទាក់ទឹននឹងថាមពលស្អាត ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

ក្រុមអ្នកវិនិយោគបានបណ្ដាក់ទុនទៅក្នុង Breakthrough Energy Ventures រួមមាន Jeff Bezos(CEO របស់ Amazon), Richard Branson (ស្ថាបនិករបស់ Virgin) និង Michael Bloomberg (ស្ថាបនិករបស់ទីភ្នាក់ងារព័ត៌នមាន Bloomberg)។ ក្រៅពីនេះ ក៏មាន John Doerr និង Vinod Khosla ដែលធ្លាប់បានវិនិយោគច្រើនទៅលើក្រុមហ៊ុនថាមពលបៃតងផងដែរ។

មូលនិធិ Breakthrough Energy Ventures នឹងប្រមូលផ្ដុំបណ្ដាអ្នកវិទ្យាសាស្ដ្រកំពូលៗដើម្បីវាយតម្លៃ ទៅលើគំនិតដែលទាក់ទឹននឹងវិស័យចំនួន៥ ៖ អគ្គនិសនី ចរាចរណ៍ កសិកម្ម ផលិតកម្ម និងសំណង់។

បន្ទាប់ពីការពិភាក្សាគ្នាជាមួយ Donald Trump លោក Bill Gates បានឱ្យដឹងថា រដ្ឋាភិបាលថ្មី អាចនឹងកាត់បន្ថយប្រាក់វិនិយោគទៅលើបច្ចេកវិទ្យាបៃតង។ ប៉ុន្តែ លោកបានរកឃើញចំនុចវិជ្ជមានមួយចំនួនពីការជជែកគ្នានេះ ដូចជា ទឹកប្រាក់វិនិយោគទៅលើវិស័យស្រាវជ្រាវ និងអភិវឌ្ឍ (R&D) អាចនឹងកើនឡើង៕

ប្រែសម្រួល ៖ តារាប្រភព ៖ bloomberg