(វ៉ាស៊ីនតោន)៖ គេហទំព័រ Wikileaks បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួនបានចាប់ផ្ដើមទម្លាយឯកសារសម្ងាត់ជាច្រើន របស់ទីភ្នាក់ងារស៊ើបការ សម្ងាត់អាមេរិក CIA ក្រោមលេខកូដ Vault 7 ដែលនឹងក្លាយជាការចុះផ្សាយឯកសារសម្ងាត់សំខាន់រាប់ពាន់ ពាក់ព័ន្ធនឹង CIA។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
យោងតាម Wikileaks ឯកសារសម្ងាត់ជាង៨៧៦១ បានបែកធ្លាយនៅពេលនេះមានឈ្មោះថា «Year Zero» ដែលត្រូវបានប្រមូលដោយ មជ្ឈមណ្ឌលស៊ើបការ សម្ងាត់ផ្នែកព័ត៌មានវិទ្យារបស់ CIA នៅក្នុងទីក្រុង Langley នៃរដ្ឋ Virginia។
Wikileaks បានបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការរណ៍ របស់ខ្លួនដូច្នេះថា៖ «ចំនួនទំព័រ នៃឯកសារសម្ងាត់ត្រូវចុះផ្សាយនៅក្នុងជំហ៊ានដំបូងនៃ Vault 7 ឬ Yera Zero បានកើនឡើងលើសចំនួនឯកសារ ដែលត្រូវបានទម្លាយដោយ Edward Snowden ប្រឆាំងនឹង NSA។ ម្យ៉ាងវិញទៀត ផ្អែកលើ Vault 7 ទីភ្នាក់ងារ CIA បានបាត់បង់ការគ្រប់គ្រងមួយផ្នែកធំ នៃឧករណ៍ Hack កម្មវិធីបំផ្លាញកម្មវិធីប្រព័ន្ធកុំព្យូទ័រ វីរុស និងការគ្រប់គ្រងប្រព័ន្ធកម្មវិធីបំផ្លាញពីចំងាយ រួមទំាងឯកសារពាក់ព័ន្ធជាច្រើនទៀត (...)»។
គួរបញ្ជាក់ថា បើតាមWikileaks Vault 7 ឬ Yera Zero បានបង្ហាញពីសមត្ថភាព Hack របស់ CIA ប្រឆាំងនឹងផលិតផលជាច្រើន របស់អាមេរិកនិងអឺរ៉ុប ក្នុងនោះ រួមមាន Windows, iPhone, Android និង ទូរទស្សន៍ Samsung ជាដើម៕
ប្រភព ៖ CBC/Sputnik