អ្នកនឹងទុកដាក់ប្រាក់របស់ខ្លួននៅទីណា និងចាយប្រាក់ដោយរបៀបណា បើសិនអ្នកគឺជាអ្នកមានជាងគេបំផុតក្នុងពិភពលោក? បើមិនទាន់ដឹង សូមរៀនសូត្រតាម Bill Gates ។

ឆ្នាំ ២០១៤ Bill Gates មានប្រាក់ឡើងដល់ ៨០លានដុល្លារអាមេរិក ហើយបានបន្តក្លាយជាអ្នកមានជាងគេក្នុងលោក។ ភាគច្រើននៃទ្រព្យរបស់ Bill Gates បានមកពី Microsoft និងបណ្ដាក្រុមហ៊ុនផ្សេងៗដែលលោកមានភាគហ៊ុននៅទីនោះ។ មកដល់បច្ចុប្បន្ន ទ្រព្យរបស់លោក បានកើនដល់ ៩ម៉ឺនលានដុល្លារអាមេរិក។

/

ខាងក្រោមនេះគឺជាវិធីដែលមហាសេដ្ឋីខាងលើ ទុកដាក់ ក៏ដូចជាប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន៖

វិនិយោគទៅលើបណ្ដាក្រុមហ៊ុនធំៗ

ភាគច្រើននៃទ្រព្យរបស់ Bill Gates គឺជាបណ្ដាខ្ទង់ប្រាក់ដែលវិនិយោគទៅលើបណ្ដាក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រងដោយ Cascade Investment LLC ។ ក្រុមហ៊ុននេះ ត្រូវបានដឹកនាំមួយផ្នែកដោយ Gates ដើម្បីទិញភាគហ៊ុននៅតាមបណ្ដាក្រុមហ៊ុនផ្សេងៗ។

បញ្ជីវិនិយោគដែលកាន់កាប់ដោយលោក Gates នៅ Cascade គឺមានភាពសម្បូរបែប ចាប់ពីការវិនិយោគ ២ពាន់លានដុល្លារសម្រាប់ Republic Services (ក្រុមហ៊ុនដោះស្រាយផ្នែកកាកសំណល់) រហូតដល់ខ្ទង់វិនិយោគ ៦៨០លានដុល្លារ សម្រាប់ក្រុមហ៊ុនអាជីវកម្មរថយន្ដ AutoNation។ ខ្ទង់ប្រាក់ជិត ២ពាន់លានដុល្លារផ្សេងទៀត ត្រូវបានបោះទៅឱ្យ Ecolab ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាផលិតកម្មស្អាត។

ទន្ទឹមនឹងនេះ Cascade របស់ Bill Gates ក៏កាន់កាប់ភាគហ៊ុនជាតិ ៥០% នៅក្នុងបណ្ដាញសណ្ឋាគារ Four Seasons Hotel, ជាង ១០% នៃក្រុមហ៊ុនផ្លូវដែកកាណាដា, ប្រហែល ៧% នៃក្រុមហ៊ុន Arcos Dorados ដែលគ្រប់គ្រង McDonald។ល។ ក្រៅពីនេះ Bill Gates ក៏មានភាគហ៊ុននៅក្នុងក្រុមហ៊ុន Coca Cola ផងដែរ។

អចលនទ្រព្យ

/

ផ្ទះរបស់ Bill Gates គឺជាវិមានមួយដែលមានផ្ទៃក្រឡាជាង ៦.០០០ម៉ែត្រការ៉េ។ ឆ្នាំ ២០១៣ Bill Gates បានទិញភូមិគ្រឹះមួយនៅ Wellington, Florida ដែលមានតម្លៃ ៨,៧លានដុល្លារ។

ក្រៅពីនេះ ក៏មានដំណឹងដែលនិយាយថា លោក Bill Gates ក៏ជាម្ចាស់នៃ Grand Bogue Caye ដែលជាកោះមួយមានទំហំ ១.២០០.០០០ម៉ែត្រក្រឡា នៅលំហសមុទ្ររបស់ប្រទេស Belize នៅភាគកណ្ដាលនៃទ្វីបអាមេរិក។ សេចក្ដីរាយការណ៍ឱ្យដឹងថា លោក Bill Gates ទិញកោះនេះក្នុងតម្លៃ ២៥លានដុល្លារអាមេរិក។

យន្តហោះ និងរថយន្ដ

លោក Bill Gates ក៏មានយន្តហោះប្រដេញ Bombardier BD 700 Global Express។ យន្តហោះនេះ មានតម្លៃប្រមាណជា ៤៥លានដុល្លារ។ លោកក៏មានភាគហ៊ុនមួយចំនួន នៅក្នុងក្រុមហ៊ុន Boeing Business Jet ផងដែរ។

/

លោក Bill Gates ក៏មានរថយន្ដមួយចំនួនរបស់ Porsche។ លោកមានរថយន្ដ Porsche 911 Carerra ជំនាន់ ១៩៩៩, Turbo 930 មួយគ្រឿងដែលលោកទិញកាលពីដំណាក់កាលដំបូងនៃ Microsoft និងរថយន្ដ Coupe 959 ជំនាន់ ឆ្នាំ ១៩៨៨ (រថយន្ដនេះត្រូវបានគេផលិតត្រឹមតែ ៣៣៧គ្រឿងប៉ុណ្ណោះ។

ប្រមូលទិញរបស់សំខាន់ៗ

ទន្ទឹមនឹងអចលនទ្រព្យដែលមានតម្លៃ និងរថយន្តដ៏កម្រ លោក Bill Gates ក៏ជាម្ចាស់នៃរបស់ដែលមានតម្លៃរាប់សិបលានដុល្លារ ដែលមិនអាចជំនួសបានជាច្រើនផងដែរ ដោយក្នុងនោះ មានដូចជាសេចក្ដីព្រាង Leonardo da Vinci ដែលមានតម្លៃ ៣០,៨លានដុល្លារ, ផ្ទាំងគំនូរ Lost on the Grand Banks មានតម្លៃ ៣៦លានដុល្លារ ឬ Polo Crowd របស់ George Bellow ដែលមានតម្លៃ ២៨លានដុល្លារ។ល។

មនុស្សធម៌

Bill & Melinda Gates គឺជាមូលនិធីធំជាងគេបំផុតក្នុងពិភពលោក។ របាយការណ៍កាលពីឆ្នាំ ២០១២ បង្ហាញថា ទ្រព្យសម្បត្តិរបស់មូលនិធិនេះ មានចំនួន ជិត ៣២ពាន់លានដុល្លារ ក្នុងនោះ ជាង ២ពាន់លានដុល្លារបានមកពីលោក Bill Gates ផ្ទាល់។

ប្រែសម្រួល ៖ បុត្រា