កាលពីឆ្នាំកន្លងទៅ YouTube ធ្លាប់បានធ្វើការបង្ហាញម្តងរួចមកហើយនូវមុខងារសាកល្បងថ្មីមួយរបស់ខ្លួនដែលជួយអោយអ្នកប្រើប្រាស់អាចធ្វើការបំលែង Clip វីដេអូដែលមានទំរង់ជា 2D ធម្មតាទៅជាទំរង់ 3D ។ ដោយឡែកពេលនេះ ទំព័រចែករំលែកវីដេអូដ៏ធំបំផុតនេះក៏បានដាក់បន្ថែមនូវមុខងារថ្មីមួយទៀតផងដែរ នោះគឺមុខងារបំលែង ខែ្សវីដេអូខ្លីដែលមាន resolution 1080p អោយទៅជាទំរង់ 3D ដោយស្វ័យប្រវត្តិ។ ប្រសិនបើខែ្សវីដេអូណាដែលsupport នោះអ្នកប្រើប្រាស់នឹងសង្កេតឃើញប៊ូតុងមួយមានពាក្យថា 3D Video បង្ហាញនៅផ្នែកខាងលើនៃកន្លែងសំរាប់ទស្សនាវីដេអូ។ ប៉ុន្តែទោះជាយ៉ាងណាអ្នកប្រើប្រាស់គឺត្រូវតែមានវ៉ែន 3D ទើបអាចទស្សនានូវខ្សែវីដេអូទាំងនោះបាន។
YouTube បានអោយដឹងថា ចាប់តាំងពីខែ កញ្ញា ឆ្នាំ ២០១១ កន្លងមក ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការស្រាវជ្រាវលើបណ្តាវិធីសាស្រ្តទាំងឡាយស្តីពី 3D នេះ។ ហើយដើម្បីអាចប្តូរបាននូវខែ្សវីដេអូធម្មតាមួយទៅជា 3D, YouTube ធ្វើការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់លើគោលការណ៍គ្រឹះរបស់វីដេអូ រួមមានដូចជាពណ៌, layout និងចលនា ដើម្បីធ្វើការកំណត់អោយបានពីកំរិតស៊ីជំរៅនៃរួបសំរាប់ frame របស់រួបភាព។ ពួកគេបានប្រើប្រាស់កុំព្យូទ័រដើម្បីសិក្សាអំពីវីដេអូ 3D នេះ រួចក៏ធ្វើការបង្ហោះឡើងលើ YouTube កាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃដើម្បីស្វែងយល់អោយបានពីកំរិតស៊ីជំរៅរបស់វីដេអូ និងប្រតិបត្តន៍វាឡើងទៅលើខែ្សវីដេអូ 2D ។ ចាប់តាំងពីពេលនោះមករូបភាពមួយដែលមានកំរិតស៊ីជំរៅខុសពីរូបភាពដើមក៏ត្រូវបានបង្កើតឡើង។ ហើយនៅពេលដែលផ្សំរូបភាពទាំងពីរនោះបញ្ចូលគ្នា រូបភាព 3D នឹងកើតមានឡើង។
YouTube បានប្រើប្រាស់បច្ចេកវិទ្យា Cloud សំរាប់ការងារបំលែងវីដេអូ និងមានដំណើរការនៅលើវីដេអូជាច្រើន។ វីដេអូទាំងនោះនឹងត្រូវបានចែកចេញជាផ្នែកតូចៗនិងមានដំណើរការស្របគ្នានៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ Google ដើម្បីបង្កើនកំរិតល្បឿន ប៉ុន្តែនៅតែអាចរក្សាបាននូវគុណភាពរូបភាព 3D ខ្ពស់ដដែល៕
ទស្សនានូវខែ្សវីដេអូដែលបានបំលែងពីទំរង់ 2D ទៅជា 3D ខាងក្រោម ៖
ប្រភព៖ Youtube-globalដោយ៖ រស្មី