
បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ ក្រុម hacker មានឈ្មោះល្បីបំផុតក្នុងពិភពលោកដែលគេធ្លាប់ស្គាល់ឈ្មោះថា Anonymous នោះ បានជាប់ចំណាត់ថ្នាក់លេខរៀងទី ៣៦ ក្នុងបញ្ជីឈ្មោះ Top ១០០ នៃបណ្តាបុគ្គលដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ នៅក្នុងការបោះឆ្នោតជ្រើសរើស online ដើម្បីឆ្លងយោបល់ពីសំណាក់អ្នកអានទូទៅក្រុម Anonymous ថែមទាំងបាននាំមុខលើគូរប្រជែងរបស់ខ្លួន និងមានឈ្មោះស្ថិតនៅក្នុងលំដាប់លេខរៀងទី ១ ដែលមានន័យថាជាក្រុមដែលមានឥទ្ធិពលខ្លាំងបំផុតនៅក្នុងក្រសែភ្នែកនៃអ្នកអានទស្សនាវដ្តី Time ទៀតផង។អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងបញ្ជី Top ១០០ បណ្តាបុគ្គលដែលមានឥទ្ធិពលបំផុតពេលបច្ចុប្បន្ន ក្នុងនោះក៏មានឈ្មោះរបស់លោក Barack Obama ដែលជាប្រធានាធិបតីរបស់អាមេរិក, មហាសេដ្ឋី Warren Buffett, កីឡាករវាយ tennis លេខ ១ លើពិភពលោក Novak Djokovic,និង កីឡាករបាល់ទាត់ Lionel Messi ផងដែរ។ក្រុម Anonymous រយៈកាលកន្លងមកថ្មីៗនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងពិភពអ៊ីនធើណែតនៅទូទាំងពិភពលោក អាស្រ័យលើទង្វើ ទុច្ចរិត របស់ខ្លួនក្នុងការវាយលុកគេហទំព័ររបស់ប្រធានាធិបតីនៃប្រទេសមួយចំនួនរួមមាន Tunisia, Algeria, Zimbabwe រហូតដល់ប្រទេសចិន ប្រទេសអាមេរិក វាយលុកលើគេហទំព័រ CIA និងពេលថ្មីៗបំផុតនេះគឺការវាយលុកលើគេហទំព័ររបស់ FBI ជាដើម។
ប៉ុន្តែក៏មានមតិមិនតិចនោះទេដែលបានលើកឡើងថា Anonymous មិនគួរត្រូវបានយកមករៀបឈ្មោះនៅក្នុងការតំរៀបឈ្មោះខាងលើនេះឡើយ ក៏ព្រោះតែគេមិនអាចធ្វើការកំណត់បានច្បាស់ពីអត្តសញ្ញាណ បរិមាណ ក៏ដូចជាព្រំដែននៃការធ្វើសកម្មភាពរបស់ក្រុមសម្ងាត់មួយនេះ។Anonymous គឺជាក្រុម Hacker មានឈ្មោះល្បីបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ សមាជិកភាគច្រើនរបស់ក្រុមនេះគឺពួកគេជា Hacker មកពីតំបន់ផ្សេងៗគ្នានៅពាសពេញពិភពលោក រីឯសកម្មភាពរបស់ពួកគេក៏ប្រព្រឹត្តឡើងទៅតាមសំលេងភាគច្រើនផងដែរ ដែលមានន័យថាប្រសិនបើមានសមាជិកណាម្នាក់ធ្វើការស្នើសុំវាយលុកលើគេហទំព័រណាមួយ គឺត្រូវមានការចូលរួមយល់ព្រមពីមតិភាគច្រើនទើបអាចប្រព្រឹត្តទៅបាន។
កេរ្តិ៍ឈ្មោះរបស់ក្រុម Anonymous ត្រូវបានគេស្គាល់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះថាគឺជាអ្នកតំណាងអោយសមាគមន៍អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតអានាមិកទូទាំងពិភពលោក។និមិត្តសញ្ញាសំខាន់របស់ក្រុមនេះគឺស្រោមមុខសិប្បនិម្មិត Guy Fawker ជាមួយនឹងស្នាមញញឹមដូចបិសាច និងមានពណ៌សជាលក្ខណៈពិសេស។
នៅចំពោះមុននៃពាក្យចោទប្រកាន់ពីសំណាក់ក្រុមអាជ្ញាធរ, Anonymous បានលើកឡើងថាពួកគេធ្វើគឺព្រោះតែសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ, សំដែងការប្រឆាំងនៅចំពោះមុខទង្វើត្រួតតា្រក្នុងការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតរបស់បណ្តាស្ថាប័នអាជ្ញាធរនៅទូទាំងពិភពលោក ក្នុងទិសដៅជួយសម្របសម្រួលដល់ក្រុមអ្នកសារពត៌មានទូទៅ៕
ប្រភព៖ Infonetដោយ៖ រស្មី