ខាងក្រោមនេះ ជាអត្ថបទជីវប្រវត្តិរបស់និស្សិត ម៉ុង គីមស្រុង ដែលបានសរសេរដោយខ្លួនប្អូនប្រុសផ្ទាល់តែម្តង។ ប្អូនប្រុសគឺជាអតីតសិស្សពូកែផ្នែកអក្សរសិល្ប៍ ទទួលបានចំណាត់ថ្នាក់លេខបីទូទាំងប្រទេស និងហើយសព្វថ្ងៃជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីផ្នែកស្ថាបត្យកម្ម។ និស្សិតម្នាក់នេះកើតក្នុងត្រកូលកសិករក្រីក្រ ដែលបច្ចុប្បន្នកំពុងត្រូវការថវិកាជាបន្ទាន់ ដើម្បីទិញសម្ភារៈសិក្សារួមមានកុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀតដែលចាំបាច់ ជាជំនួយក្នុងការសិក្សារបស់ប្អូនប្រុសដោយគ្រួសារពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចំណាយទៅលើសម្ភារៈទាំងអស់នោះទេ។
សូមប្រិយមិត្តទាំងអស់គ្នា អានជីវប្រវត្តិរបស់ប្អូនប្រុស ម៉ុង គីមស្រុង និងជួយប្អូនប្រុសផង ជាថវិកាក្តី ជាសម្ភារៈក្តី ព្រោះថាប្អូនប្រុសនឹងត្រូវធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ ទី4 ខែតុលាខាងមុខនេះហើយ។
«ខ្ញុំបាទឈ្មោះ ម៉ុង គីមស្រុង ភេទ ប្រុស កើតថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩១ (២១ឆ្នាំ) នៅ ភូមិសមរម្យឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ខ្ញុំកើតក្នុងត្រកូលកសិករ ដែលមានឪពុកឈ្មោះ ម៉េង ម៉ុង អាយុ ៤២ឆ្នាំ ម្តាយឈ្មោះ ឈន ចន្នី អាយុ៤១ឆ្នាំ និងខ្ញុំមានបងប្អូនបង្កើត បីនាក់ ប្រុសទាំងបី។ ខ្ញុំជាកូនប្រុសច្បង ហើយប្អូនទី១ ឈ្មោះ ម៉ុង គីមស្រ៊ាង អាយុ ១៧ឆ្នាំ និងប្អូនទី២ ឈ្មោះ ម៉ុង គីមស្រ៊ន (ទារក)។ ឪពុកខ្ញុំមានមុខរបរជាអ្នកដឹកត្រីលក់ពីបឹងឯស្រុកក្រូចឆ្មា មកលក់នៅផ្សារក្បែរផ្ទះ ចំណែកឯ ម្តាយខ្ញុំគាត់ជួយលក់ត្រីដែលឪពុកខ្ញុំរកបានពីបឹងមក ក្រៅពីនោះគាត់នៅផ្ទះ ។ តែ បច្ចុប្បន្ន ពុំសូវ មានត្រីលក់ទេ ព្រោះខ្សត់ត្រីនៅបឹង ។ ទីលំនៅ បច្ចុប្បន្ន នៅ ភូមិសមរម្យ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

វិញ្ញាបនបត្រ និងមេដៃសំរឹទ្ធសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍
ជីវិតកុមារភាព
កាលពីកុមារ ខ្ញុំបានរស់នៅជាមួយម្តាយ‑ឪពុករហូតដល់ថ្ងៃ ដែលខ្ញុំត្រូវចូលរៀន។ ដោយសារកង្វះខាតជីវភាពក្នុងបន្ទុកគ្រួសារខ្លាំងពេក ខ្ញុំត្រូវបាន ម្តាយ‑ឪពុក បញ្ជូនឲ្យទៅរស់នៅជាមួយតាយាយ នៅស្រុកកំនើតរបស់ម្តាយរបស់ខ្ញុំដើម្បីចូលរៀននៅទីនោះ។ ខ្ញុំបានចូលរៀនថ្នាក់ទី១នៅឆ្នាំ១៩៩៨ នៅសាលា បឋមសិក្សា រំចេកនៅភូមិរំចេក ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងវ័យកំពុងរៀននៅ បឋមសិក្សា ខ្ញុំបានទៅស៊ីឈ្នួល ដកសំណាបដើម្បីយកលុយ ចូលរៀនព្រោះពេលនោះជីវភាព គ្រួសារខ្ញុំលំបាកយ៉ាងខ្លាំង ហើយការចូលរៀនត្រូវបង់លុយទៀត។ ក្នុងមួយថ្ងៃ ខ្ញុំទទួលបានលុយ១០០៛ ពីយាយយកទៅចាយនៅ ឯសាលារៀន ប៉ុន្តែជួនកាលក៏អត់លុយសូម្បីតែ១០០៛។ នៅចុងឆ្នាំ រៀបនឹងប្រលងបញ្ចប់ថ្នាក់ទី១ ខ្ញុំបានកើតជំងឺគ្រុនឈាម កំរិតធ្ងន់ដែលជាហេតុធ្វើឲ្យខ្ញុំត្រូវរៀនត្រួតថ្នាក់ ។ មកដល់ឆ្នាំ២០០០ ទើបខ្ញុំបានឡើងថ្នាក់ទី២ ។ ខ្ញុំបានរៀនចប់ថ្នាក់ទី២ ហើយដោយសារឪពុកខ្ញុំ ឃើញខ្ញុំរស់នៅលំបាក គាត់ក៏បានយកខ្ញុំទៅរស់នៅជាមួយពួកគាត់វិញ នៅភូមិសមរម្យ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
ពូកគាត់បានបញ្ចូន ខ្ញុំឲ្យទៅរៀនបន្តក្នុងថ្នាក់ទី៣ នៅសាលាបឋមសិក្សា តាប៉ាវ ក្នុងឆ្នាំ២០០១ នៅក្នុងភូមិចំរើន ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ខ្ញុំបានដើរទៅរៀន ចំងាយប្រមាណ ៣គីឡូម៉ែត្រពីផ្ទះជារៀងរាល់ថ្ងៃ រហូតដល់ថ្នាក់ទី៤ ឪពុកខ្ញុំក៏បានទិញកង់មួយ ឲ្យខ្ញុំជិះទៅរៀន។ ការរៀននៅបឋមសិក្សា ខ្ញុំបានមានទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ និង មិត្តរួមថ្នាក់។


គីមស្រុង និងក្រុមគ្រួសារថតនៅក្នុងផ្ទះ
វ័យសិក្សានៅអនុ និង វិទ្យាល័យហ៊ុន សែនត្រពាំងឫស្សី
នៅឆ្នាំ២០០៥ ខ្ញុំបានប្រលងបញ្ចប់ថ្នាក់ទី៦ ហើយក៏បានជាប់បន្តទៅរៀននៅអនុវិទ្យាល័យក្នុងថ្នាក់ទី៧។ ការធ្វើដំណើរទៅអនុវិទ្យាល័យ ដោយជិះកង់ដដែល ដែលចំងាយប្រហែលប្រមាណ ៧គីឡូម៉ែត្រ ពីផ្ទះ។ នៅក្នុងថ្នាក់ដំបូងនៃអនុវិទ្យាល័យនេះ គ្រូមានបើកបង្រៀនគួបន្ថែម។ សិស្សដទៃទៀតភាគច្រើន ទៅ រៀនគួបន្ថែម ចំនែកខ្ញុំមិនមានលុយទៅរៀនគួនឹងគេឡើយ។ ដោយខ្ញុំជាសិស្សឧស្សាហ៍ព្យាយាម ក្នុងការសិក្សា លោកគ្រូ អ្នកគ្រូអាណិត ក៏ផ្តល់ឱកាស់ ឲ្យខ្ញុំបានចូលរៀនគួនឹងគេ ដោយមិនចាំបាច់ បង់លុយទេ។ នៅពេលបានចូលរៀនគួបន្ថែមធ្វើឲ្យចំណេះដឹងរបស់ខ្ញុំ កាន់តែរីកចំរើនជាងមុនថែម ទៀត។ នៅឆ្នាំ២០០៦ ខ្ញុំបានចូលរៀនថ្នាក់ទី៨ ជីវភាពសិក្សារបស់ខ្ញុំនៅដដែល។
នៅក្នុងថ្នាក់នេះហើយ ដែលខ្ញុំបានស្គាល់លិខិតសរសើរដំបូងរបស់ខ្ញុំ ព្រោះពេលនោះលោកនាយកបានរៀបចំពិធីជប់លៀង ប្រគល់លិខិតសរសើរដល់សិស្សពូកែប្រចាំថ្នាក់ពីលេខ១ ដល់លេខ៣ ដែលចំពេលដែលខ្ញុំបានប្រលង ជាប់ចំណាត់ថ្នាក់លេខ១ប្រចាំថ្នាក់។ នៅឆ្នាំ២០០៧ ខ្ញុំបានបន្តចូលរៀនក្នុងថ្នាក់ទី៩ដែលក្នុងថ្នាក់នេះខ្ញុំ មានទំនាក់ទំនងយ៉ាងល្អជាមួយអ្នកគ្រូផ្នែកអក្សរសិល្ប៍ខ្មែរគាត់ក៏បានជួយណែនាំខ្ញុំឲ្យរៀនបានពូកែ ផ្នែកអក្សរសិល្ប៍ខ្មែរ ហើយពេលនោះត្រូវនឹងថ្នាក់ដែលត្រូវចូលរួមប្រលងជ្រើសរើសសិស្សពូកែទៀតនោះ ខ្ញុំក៏បានចូលរួមប្រលងជ្រើសរើសសិស្សពូកែប្រចាំអនុវិទ្យាល័យ។

គីមស្រុង អង្គុយនៅក្នុងផ្ទះ
ខ្ញុំបានមានអារម្មណ៍ភ័យអរយ៉ាងខ្លាំង ព្រោះវាជាលើកដំបូងរបស់ខ្ញុំហើយ ដែលចូលរួមការប្រលងប្រជែងយ៉ាងស្វិតស្វាញយ៉ាងនេះ។ លទ្ធផល ប្រលងរបស់ខ្ញុំ បានផ្តល់ផលយ៉ាងជាទីគាប់ចិត្តគឺ ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរសិល្ប៍ខ្មែរ ប្រចាំអនុវិទ្យាល័យ នេះជាលទ្ធផលដែលផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមប្រលងជ្រើសរើសសិស្សពូកែ ថ្នាក់ស្រុកត្រៀមប្រលងនៅថ្នាក់ខេត្តទៀត។ ការប្រលងថ្នាក់ស្រុក មានភាពលំបាកណាស់ ដែលសិស្ស មកពីគ្រប់ឃុំទាំងអស់ដែលជាប់ចំណាត់ថ្នាក់ប្រចាំអនុវិទ្យាល័យ ត្រូវប្រកួតប្រជែងគ្នាដើម្បីឋិតក្នុងជំរើស៨នាក់ ដែលត្រូវចូលរួមប្រលងថ្នាក់ខេត្ត ។ នៅពេលនោះ ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ៧ក្នុងជំរើស ៨នាក់។ ខ្ញុំក៏មានឱកាស បានចូលរួមប្រលងថ្នាក់ខេត្តទៀត នេះជាដំណាក់កាលមួយយ៉ាងញាប់ញ័របំផុត ព្រោះវាជាឱកាសចុងក្រោយ ដែលសិស្សជាប់ចំណាត់ថ្នាក់ប្រចាំស្រុកទាំងអស់ត្រូវប្រកួតប្រជែងគ្នា ដើម្បីយកជ័យលាភីថ្នាក់ខេត្ត ទៅចូលរួមប្រលងថ្នាក់ជាតិនៅខេត្តសៀមរាបនាឆ្នាំនោះ ដែលជា ដំណាក់កាលចុងក្រោយបំផុត។
លទ្ធផល នៃការប្រលងថ្នាក់ខេត្ត ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងជំរើស៩នាក់ ដែលត្រូវបានចូលរួមប្រលងថ្នាក់ជាតិនៅខេត្តសៀមរាប នៅថ្ងៃទី០៥-០៦-០៧ ខែឧសភា ឆ្នាំ២០០៨។ លទ្ធផលប្រលងលើកនោះ ខ្ញុំមិនបានជាប់ចំណាត់ថ្នាក់ជ័យលាភីជាសិស្សពូកែទូទាំងប្រទេសទេ។ ខ្ញុំបានមានអារម្មណ៍អន់ចិត្តបន្តិច ប៉ុន្តែខ្ញុំមិនបោះបង់ទេ។ ខ្ញុំបានត្រលប់មកខេត្តកំពង់ចាមវិញ ហើយធ្វើដំណើរ ត្រលប់ទៅអនុវិទ្យាល័យ វិញដែរ ខ្ញុំបានប្រឹងរៀនតទៅទៀត ដើម្បីត្រៀមប្រលងសញ្ញាបត្រ មធ្យម សិក្សាបឋមភូមិនៅថ្ងៃទី១៨-១៩ ខែកញ្ញាឆ្នាំ២០០៨។ បន្ទាប់ពីថ្ងៃប្រលង ខ្ញុំរងចាំមើលលទ្ធផលរបស់ខ្លួន។ នៅពេលនោះលទ្ធផលរបស់ខ្ញុំ គឺ ខ្ញុំទទួលបាននិទ្ទេស ល្អ ។

គ្រែ និងកន្លែងរៀនរបស់ គីមស្រុង
ឆ្នាំ២០០៨ ខ្ញុំបានបន្ត ចូលរៀនថ្នាក់ទី១០ នៅវិទ្យាល័យ ដំណាក់កាលនេះ ជាដំណាក់កាល ដែលត្រូវត្រៀមខ្លួន សំរាប់ ការប្រលងជ្រើសរើសសិស្សពូកែម្តងទៀត រួមទាំងប្រលងសញ្ញា បត្រមធ្យមសិក្សា ទុតិយភូមិនៅ ថ្នាក់ទី១២ខាងមុខ។ នៅចុងឆ្នាំសិក្សាថ្នាក់ទី១០ លោកនាយកបា នរៀបចំ ពិធីជប់លៀងប្រគល់ លិខិតសរសើរ ដល់សិស្សពូកែ សំរាប់ឆ្នាំចាស់ និងឆ្នាំថ្មី។ នៅឆ្នាំ២០០៩ ក្រសួងបានផ្លាស់ប្តូរកម្មវិធីសិក្សាសំរាប់ថ្នាក់ទី១១ថ្មី ដោយបែងចែកសិស្សជាពីរកំរិត គឺកំរិតខ្ពស់(វិទ្យាសាស្ត្រពិត) និងកំរិតមូលដ្ឋាន (វិទ្យាសាស្ត្រសង្គម)។ លោកនាយក បានរៀបចំការប្រលងជ្រើសរើសកំរិតសិក្សា។
នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ មានកម្មវិធីសម្ភាសន៍ពិសេសមួយ នៅផ្ទះពេទ្យ ចា ភូមិច័ន្ទនិមិត្ត គឺជាកម្មវិធីជ្រើសរើសយកសិស្សថ្នាក់ទី១០ ដើម្បីទទួលអាហារូបករណ៍មួយឈ្មោះ ស៊ូប្រា(Supra) ដែលរៀបចំឡើងដោយប្អូនរបស់ពេទ្យចា គឺលោកគ្រូ អ៊ុំ ពន្លឺ ។ ខ្ញុំមិនមែនជាគោលដៅជ្រើសរើសរបស់កម្មវិធីនោះទេ ប៉ុន្តែ ខ្ញុំត្រូវបានគាត់លើកទឹកចិត្តឱ្យចូលសម្ភាសន៍ ជាមួយជនជាតិអាមេរិក២នាក់ ដែលលោកគ្រូពន្លឺ នាំទៅទីនោះ ។ ការសម្ភាសន៍បានធ្វើឡើងចប់ ក៏ពុំទាន់បានដឹងលទ្ធផលអ្វីដែរនាថ្ងៃនោះ។
ចំណែកឯនៅសាលាវិញ សិស្សដែលមានសមត្ថភាពអាចរៀនក្នុងថ្នាក់កំរិតខ្ពស់បាន មានតែ១១នាក់ ប៉ុណ្ណោះ ក្នុងនោះរួមទាំងរូបខ្ញុំផងដែរ។ ក្នុងការសិក្សាក្នុងថ្នាក់កំរិតខ្ពស់នេះ មានការប្រកួតប្រជែងគ្នា យ៉ាងខ្លាំងក្លា រហូតមកដល់ថ្នាក់ទី១២ ក្រសួងបានផ្លាស់ប្តូរកម្មវិធីម្តងទៀត ដោយបំបាត់ចោលកំរិតខ្ពស់ ប៉ុន្តែនៅ រក្សាថ្នាក់ផ្តោតលើវិទ្យាសាស្ត្រពិត និង វិទ្យាសាស្ត្រសង្គម។

វិញ្ញាបនបត្រ សិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍
ក្នុងថ្នាក់ទី១២នេះ ខ្ញុំមានតួនាទី ជាច្រើន បន្ទាប់ពីជាសិស្សម្នាក់ក្នុងវិទ្យាល័យ ខ្ញុំក៏ជាប្រធានថ្នាក់ ជាប្រធានក្រុមប្រឹក្សាកុមារ ប្រចាំនៅ វិទ្យាល័យ និង ជាអ្នកប្រឹក្សាដល់លោកនាយកផងដែរ។ ម្យ៉ាងទៀត ថ្នាក់ទី១២នេះ ជាថ្នាក់ដែលខ្ញុំត្រូវមាន ការប្រលងជាច្រើន ទាំងការប្រលងជ្រើសរើសសិស្សពូកែលំនាំដូចថ្នាក់ទី៩ និងទាំងការត្រៀមខ្លួន ប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ចំពោះការប្រលងជ្រើសរើស សិស្សពូកែ ខ្ញុំបានឆ្លងកាត់ ការប្រលង គ្រប់ដំណាក់កាល រហូតដល់ការប្រលងថ្នាក់ជាតិ ដែលធ្វើនៅ រាជធានីភ្នំពេញនៅថ្ងៃទី ០១-០២-០៣ ខែមេសា ឆ្នាំ២០១១ ។ លទ្ធផលលើកនេះគឺ ខ្ញុំបានទទួល ជ័យលាភីលេខ ៣ ក្នុងចំណោម សិស្សជាជំរើស ទាំង១០នាក់ និងក្នុងចំណោមបេក្ខជនប្រលង ផ្នែកអក្សរសិល្ប៍ខ្មែរ ទាំង៨០នាក់ មកពីទូទាំងប្រទេស។
នៅថ្ងៃប្រកាសជ័យលាភី ខ្ញុំបានទទួលនូវវិញ្ញាបនបត្រជយលាភីសិស្សពូកែថ្នាក់ជាតិ និងបំពាក់មេដាយ សំរឹទ្ធិដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នេះជាជ័យលាភីមួយ ដែលលើកទឹកចិត្តខ្ញុំបំផុតសំរាប់ត្រៀមប្រលងសញ្ញាបត្រទុតិយភូមិនាពេលខាងមុខ។ នៅពេលខ្ញុំត្រលប់មកវិញ ចំពេលដែលក្រសួងអប់រំ បានផ្តល់ឱកាសឲ្យសិស្សនៅវិទ្យាល័យថ្នាក់ ទី១២ ដាក់ពាក្យយកអាហារូបករណ៍រដ្ឋ។ នៅពេលនោះ ខ្ញុំសំរេចចិត្តមិនដាច់ទេ ថាត្រូវជ្រើសរើសមុខវិជា្ជ ដែលខ្លួនចូលចិត្តមួយណានោះ ខ្ញុំបានដេកគិតអស់រយៈពេលយ៉ាងយូរ ទើបខ្ញុំសំរេចចិត្តមិនដាក់អាហា រូបករណ៍ ចំពោះមុខវិជ្ជាដែលខ្ញុំចូលចិត្តនោះទេ ថែមទាំងមិនដាក់អាហារូបករណ៍ពីវិទ្យាល័យទៀតផង ពីព្រោះខ្ញុំខ្លាចបើសិនជាខ្ញុំដាក់អាហារូបករណ៍ហើយ ខ្ញុំមិនបានជាប់នោះ ខ្ញុំពិតជាសោកស្តាយណាស់ ដោយហេតុជីវភាពគ្រួសារខ្ញុំគ្មានលទ្ធភាពផ្គត់ផ្គង់ដល់ការបន្តការសិក្សានៅសាកលវិទ្យាល័យទេ ហើយ បើខ្ញុំដាក់អាហារូបករណ៍ពី វិទ្យាល័យនោះ អាហារូបករណ៍ស្វ័យប្រវត្តិរបស់ខ្ញុំ ដែលកើតចេញពីជ័យលាភីសិស្សពូកែនោះត្រូវបាត់បង់ ដូច្នេះខ្ញុំក៏សំរេចចិត្តមិនដាក់អាហារូបករណ៍ពីវិទ្យាល័យ ហើយទៅដាក់អាហារូបករណ៍ស្វ័យប្រវត្តិតែម្តង។
ថ្ងៃប្រឡងបាក់ឌុប
នៅថ្ងៃប្រលងបានមកដល់អារម្មណ៍ ខ្ញុំមិនសូវភិតភ័យទេ ប៉ុន្តែខ្លាចលទ្ធផលមិនបាននិទ្ទេសល្អ។ នៅថ្ងៃប្រកាសលទ្ធផល ជាថ្ងៃមួយ ដែលមិត្តភក្តិខ្ញុំនិងរូបខ្ញុំភ័យអរបំផុត នៅពេលនោះការប្រកាសលទ្ធផល បានបង្ហាញថា មានមិត្តភក្តិខ្ញុំជាច្រើនបានជាប់និទ្ទេស B ធ្វើឲ្យខ្ញុំបារម្ភពីលទ្ធផលរបស់ខ្លួនឯងមិនដឹងយ៉ាងណា។ ជាសំណាងល្អ បំផុតសំរាប់ខ្ញុំដែលខ្ញុំបានដឹងថាលទ្ធផលរបស់ខ្លួនគឺនិទ្ទេស A ។

វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ
ជីវិតរស់នៅភ្នំពេញបន្ទាប់ពីលទ្ធផលប្រលងបាក់ឌុបបានចេញ ខ្ញុំក៏បានធ្វើដំណើរមករៀននៅភ្នំពេញរស់នៅក្នុងបន្ទប់ជួល ជាមួយមិត្តភក្តិ។ ខ្ញុំបានដាក់ពាក្យ ចូលរៀននូវជំនាញអាហារូបករណ៍ស្វ័យប្រវត្តិរបស់ខ្ញុំ គឺនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ក្រោមការជួយជ្រោមជ្រែងទាំង ស្មារតី និង សម្ភារៈមួយចំនួនធំពីលោកគ្រូពន្លឺ ។ លោកគ្រូបានជួយ ឧបត្ថម្ភ នូវថ្លៃឈ្នូលសិក្សា ភាសា អង់គ្លេស នៅវិទ្យាស្ថានញីវវើល (New World Institute) ថ្លៃសាំង និង ថ្លៃសម្ភារៈសិក្សាផ្សេងៗទៀត ។
ក្នុងខណៈពេល កំពុងសិក្សានៅមហាវិទ្យាល័យនោះដែរ ដោយសារជីវភាពគ្រួសារខ្សត់ខ្សោយ លោកគ្រូបាននាំខ្ញុំឱ្យបានឆ្លៀតចូលធ្វើការជាបុគ្គលិកផ្នែកបំពងសាច់មាន់នៅ KFC ដើម្បីយកលុយទៅរៀនបង់ថ្លៃឈ្នួលបន្ទប់ និងទិញអាហារប្រចាំថ្ងៃ។ ការតស៊ូក្នុងការងារផង រៀនច្រើនម៉ោងផង អស់រយៈពេលជិត ៦ខែ ខ្ញុំពុំសូវមានពេលសំរាកឡើយ ធ្វើឱ្យមានការសម្រេចចិត្តមួយ ពីលោកគ្រូពន្លឺ ឱ្យខ្ញុំឈប់ធ្វើការពី KFC ហើយគាត់ជាអ្នកឧបត្ថម្ភបន្ថែមចំនួន ៦៥ ដុល្លារ ក្នុង១ខែ គឺច្រើនជាង ថ្លៃប្រាក់ខែខ្ញុំនៅពេលធ្វើការទៅទៀត ក្នុងគោលបំណងរក្សាសុខភាព និង ឱ្យខ្ញុំផ្តោតលើ ការសិក្សា ឱ្យបានច្រើនបន្ទាប់មក ខ្ញុំបានទៅដាក់ពាក្យប្រលងអាហារូបករណ៍ទៅសិក្សានៅសហពន្ធរុស្ស៊ី ខ្ញុំក៏បានប្រលងជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមនិស្សិត១៧៦នាក់ ដែលដាក់ពាក្យប្រលង។ ដូច្នេះ ខ្ញុំក៏បាន សំរេចបំណងចំពោះមុខវិជ្ជា ដែលខ្ញុំស្រឡាញ់បំផុត គឺខ្ញុំដាក់ជំនាញ ស្ថាបត្យកម្ម ទៅបន្តការសិក្សានៅ ប្រទេសរុស្ស៊ី រយៈពេល៥ឆ្នាំ ប៉ុន្តែជាអកុសលការផ្តល់អាហារូបករណ៍របស់ប្រទេសរុស្ស៊ី និស្សិតខ្មែរត្រូវចំណាយអស់លុយយ៉ាងច្រើនព្រោះប្រាក់ឧបត្ថម្ភក្នុងការរស់នៅប្រទេសរុស្ស៊ីបានតែ ៤៥ដុល្លារ ក្នុង១ខែ តែប៉ុណ្ណោះ។

គីមស្រុង មានការតស៊ូខំប្រឹងរៀនសូត្រយ៉ាងខ្លាំង បើទោះជាជួបបញ្ហាលំបាកខ្លាំងយ៉ាងណាក៏ដោយ
នៅពេលនេះ ខ្ញុំសូមស្នើសុំពីសំណាក់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលជាសប្បុរសជនទាំងអស់ មេត្តជួយឧបត្ថម្ភជាថវិកាក្តី ជាសម្ភារៈក្តី ដល់រូបខ្ញុំបាទ ដើម្បីបាន បន្តការសិក្សានៅប្រទេសរុស្សីនេះ តាមទឹកចិត្តសទ្ធា ជ្រះថ្លារបស់អស់លោកអ្នក ។ អំណោយដ៏មានតម្លៃ របស់លោកអ្នក ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ គឺនឹងបានជួយនិស្សិតក្រីក្រ ហើយមាន ការសិក្សាយ៉ាងវិជ្ជមាន ដូចរូបខ្ញុំដល់ត្រើយដូចបំណង ហើយខ្ញុំសន្យានឹងប្រឹង តស៊ូសិក្សានៅទីនោះ លុះបានសម្រេចលទ្ធផលចុងក្រោយជាទីគាប់ចិត្ត ខ្ញុំនឹងតបស្នងគុណវិញ ខ្ញុំនឹងមិនភ្លេចគុណរបស់លោកអ្នកឡើយ ពេញមួយជីវិតនៃខ្ញុំ ។
សម្ភារៈនិងថវិកា ចាំបាច់សម្រាប់ការសិក្សា ត្រូវស្នើសុំ ៖
1- Laptop : 1 unit = $ 600.00 2- Hard Disk Memory : 1 unit = $ 70.00 3- Drawing Materials : 1 set = $ 40.004- Meal Allowance : (if supported)
លោកអ្នកអាចទំនាក់ទំនងឧបត្ថមប្អូនប្រុស គីមស្រុង តាមរយះ ៖
1-ខ្ញុំបាទផ្ទាល់ ម៉ុង គីមស្រុង លេខទូរស័ព្ទ ០៨៩-៦៨០ ៨១៣ និងe-mail: kimsrongmong@gmail.com2-អ៊ុំ ពន្លឺ, H/P ០១២-៩៧០ ០៩៤ និង e-mail : punlieuum@yahoo.com
ឬលោកអ្នកអាចទំនាក់ទំនងមកខាងគេហទំព័រ Camnews តាមរយៈទូរស័ព្ទលេខ ០១៥ ៥៥៣៣៧៧ សូមអរគុណ…!
ដោយ៖ សិលាអត្ថបទ និងរូបភាព៖ លោកគ្រូ អ៊ុំ ពន្លឺ