ដោយគ្រាន់តែដើរ ២,០០០ ជំហាន ជារៀងរាល់ថ្ងៃ អ្នកដែលមានអាការៈច្របូកច្របល់នៃមុខងារស្រូបយកជាតិ glucose (Impaired glucose tolerance) ក្នុងរាងកាយ ដែលជាសញ្ញាដំបូងនៃជម្ងឺទឹកនោមផ្អែម និងបេះដូង អាចកាត់បន្ថយនូវហានិភ័យនៃគ្រោះថ្នាក់ដោយសារការឈឺបេះដូង ឬគាំងបេះដូង។ នេះគឺជាលទ្ធផលនៃការពិសោធរបស់ក្រុមអ្នកវិទ្យាសាស្ដ្រអង់គ្លេស ដែលបានចុះផ្សាយនៅលើទស្សនាវដ្ដី The Lancet លេខចេញផ្សាយកាលពីថ្ងៃទី ២០ធ្នូកន្លងទៅ។

/

ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Leicester នៅអង់គ្លេស ឱ្យដឹងថា ក្រោយពីបានធ្វើការពិសោធទៅលើមនុស្សពេញវ័យ ចំនួន ៩,៣០០នាក់ ដែលកើតអាការៈ ច្របូកច្របល់នៃមុខងារស្រូបយកជាតិ glucose ឬ IGT និងមានហានិភ័យ ឬត្រូវពិនិត្យឃើញថា កើតជម្ងឺបេះដូង នៅ​ក្នុងប្រទេសចំនួន ៤០ សុទ្ធតែអះអាងអំពីគុណប្រយោជន៍នៃកាត់បន្ថយទម្ងន់រាងកាយ កាត់បន្ថយជាតិខ្លាញ់ក្នុងអាហារ និងមានការហាត់ប្រាណទៀងទាត់។ ក្រុមអ្នកវិទ្យាសាស្ដ្រទទួលស្គាល់ថា អ្នកជម្ងឺដែលដើរដោយថ្មើរជើង  ២,០០០ជំហាន (ប្រហែល ២០នាទី) ក្នុងល្បឿនមធ្យម ជារៀងរាល់ថ្ងៃ នឹងកាត់បន្ថយហានិភ័យនៃការកើតជម្ងឺបេះដូង បាន ៨% បន្ទាប់ពីអនុវត្តបាន ៦ឆ្នាំ។ប្រធានក្រុមអ្នកវិទ្យាសាស្ដ្រ បណ្ឌិត Thomas Yates ថ្លែងថា អ្នកកើតអាការៈ IGT មានហានិភ័យខ្ពស់ ក្នុងការកើតជម្ងឺបេះដូង។ លោកឱ្យដឹងថា បើទោះជាមុននេះ ធ្លាប់មានការពិសោធនិងរកឃើញតម្លៃនៃសកម្មភាពហាត់ប្រាណ ចំពោះសុខភាព ពិសេសគឺអ្នកកើតជម្ងឺ IGT ប៉ុន្ដែនេះគឺជាការពិសោធ​ដំបូងដែលសង្កត់ធ្ងន់នូវផលប្រយោជន៍នៃការផ្លាស់ប្ដូរទម្លាប់ហាត់ប្រាណដោយការដើរចំពោះអ្នកមានហានិភ័យ កើតជម្ងឺបេះដូង។គេបានដឹងថា នៅក្នុងពិភពលោក មានមនុស្សពេញវ័យ ប្រហែល ៣៤៤លាននាក់ (៧,៩% នៃប្រជាជនសរុប) កើតជម្ងឺ IGT ។ តាមការព្យាករណ៍ ចំនួននេះនឹងកើនឡើង ៤៧២ លាននាក់ (៨,៤% នៃប្រជាជនសរុប) នៅឆ្នាំ ២០៣០ ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ nydailynews